ស​.​ស​.​ស​.​ក អំពាវនាវ​ដល់​សារព័ត៌មាន​ជៀសវាង​ធ្វើជា​ឧបករណ៍​ផ្សព្វផ្សាយ​នយោបាយ​ពិសពុល មនោគមន៍វិជ្ជា​ទុច្ចរិត​

291

(​ភ្នំពេញ​)៖ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​អំពាវនាវ​ដល់​សារព័ត៌មាន​ទាំងអស់​រួមទាំង​សារព័ត៌មាន​បរទេស​ផងដែរ ដែល​កំពុងដំណើរការ​នៅក្នុង​អធិបតេយ្យភាព​នៃ​ប្រទេស​កម្ពុជា ត្រូវ​បន្ត​ប្រកាន់​ឧ​ត្ត​ម​គតិ សីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់ ត្រូវគោរព​​ច្បាប់​របស់​កម្ពុជា​ ​គោរព​ឯករាជ្យភាព​របស់​កម្ពុ​ជា​និង​គោរព​អធិបតេយ្យភាព​ជាតិ​រប​ស់​កម្ពុជា​ជៀសវាង​ធ្វើជា​ឧបករណ៍​ផ្សព្វផ្សាយ​នយោបាយ​ពិសពុល មនោគមន៍វិជ្ជា​ទុច្ចរិត ជៀសវាង​បណ្តុះ​ភាសា​អសីលធម៌ ខ្លឹមសារ​ញុះញង់ ដែល​ធ្វើ​ឲ្យ​បែកបាក់​ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី ០២ ខែកញ្ញា បាន​លើកឡើងថា​ខ្លួន​បាន​តាមដាន​ដោយ​​យកចិត្ត​ទុក​អំពី​សុវត្ថិភាព សេរីភាព ក្រមសីលធម៌ គុណភាព និង​សុច្ចរិត​ភាព​របស់​សារព័ត៌មាន​ទាំងអស់ ទាំង​សារព័ត៌មាន​ផ្សាយ​ជា​ភា​សា​ខ្មែរ និង​ផ្សាយ​ជា​ភាសាបរទេស នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​កត់សម្គាល់ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ពិត​ជាមាន​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ អង្គភាព​ព័ត៌មាន​ឯកជន និង​អង្គភាព​ព័ត៌មាន​ដែល​ទទួលបាន​ថវិកា​ជំនួយ​គាំទ្រ​ពី​បរទេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​អធិបតេយ្យ​កម្ពុជា​។ ហើយ​ក៏បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការប្រកប​អាជីវកម្ម​ដោយ​សុច្ចរិត និង​ស្មើភាព​ក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។

​ការបង់ពន្ធ​ជា​កាតព្វកិច្ច​របស់​អាជីវ​កម្ម​គ្រប់​រូបភាព​ដែល​ត្រូវ​បង់ពន្ធ​តាម​ការកំណត់​របស់​ច្បាប់​។​អាជ្ញា​ធរមាន​សមត្ថកិច្ច​សុំ​អនុវត្ត​កាត​ព្វ​កិច្ច​បង់ពន្ធ​ស្របតាម​ច្បាប់ ជៀសវាង​ការ​គេចវេស​មិន​បង់ពន្ធ ដែល​បង្កើត​បរិយាកាស​អាជីវកម្ម​មិន​ស្មើភាព​និង​ជា​អំពើ​ខុសច្បាប់​។​ការ​​គេចវេស​មិន​បង់ពន្ធ មិន​គប្បី​ផ្សាភ្ជាប់​បញ្ហានយោបាយ​ទេ​ដរាបណា​អាជីវកម្ម​នោះ​ពិតជា​បាន​បង្កប់​សារជាតិ​បម្រើ​ឲ្យ​នយោបាយ​ទុច្ចរិត​តែប៉ុណ្ណោះ​។

​ជាមួយគ្នានេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​សារព័ត៌មាន​ទាំងអស់​រួមទាំង​សារព័ត៌មាន​បរទេស​ផង​​ដែល​កំពុងដំណើរការ​នៅក្នុង​អធិបតេយ្យភាព​នៃ​ប្រទេស​កម្ពុជា ត្រូវ​បន្ត​ប្រកាន់​ឧ​ត្ត​ម​គតិ​សីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់​និង​ត្រូវ​តម្កល់​​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​និង​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ខ្ពស់បំផុត ដោយ​ត្រូវគោរព​ច្បាប់​របស់​កម្ពុជា គោរព​ឯករាជ្យភាព​របស់​កម្ពុ​ជា​និង​​គោរព​អធិបតេយ្យភាព​ជាតិ​រប​ស់​កម្ពុជា​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​យល់ឃើញថា​បញ្ហា​អយុត្តិធម៌​សង្គម មិនអាច​ដោះស្រាយបាន​ក្នុងពេល​សង្គម​មួយ​មាន​សង្គ្រាម​នោះទេ ហើយក៏​គ្មាន​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​មួយ​ដែល​កំពុងមាន​សង្គ្រាម​នោះដែរ​។ សេរីភាព​សា​ព័ត៌មាន​ត្រូវតែ​ផ្សាភ្ជាប់​គោលបំណង​និង​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ស្ថិរភាព​សង្គម និរន្ត​ភាព​សន្តិភាព​និង​គុណភាព​ប្រជា​ធិ​ប​​តេ​យ្យ​។​ហើយ​សូម​អំពាវនាវ​ដល់​សារព័ត៌មាន​ទាំងអស់​បន្ត​ចូលរួម​ដោយ​សុច​ចិត្ត​និង​ដោយ​ស្អាតស្អំ​ពី​យើង​មុនគេ​ក្នុង​ការបន្ត​លើកតម្កើង​តួនាទី​ដ៏​ពិសិដ្ឋ​របស់​សារព័ត៌មាន​កម្ពុជា ដែល​ត្រូវបាន​វាយតម្លៃថា​ល្អ​ជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​៕​ដោយៈ មុនី​រ័ត្ន​/sn