ហង់​រី ឃី​ស​ស៊ី​ង​ហ្គ័​រ ៖ ចិន​និង​អាមេរិក​ត្រូវតែ​កែតម្រូវ​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​

149

​ក្នុងនាម​ជា​ប្រធាន​ស្ថាបនិក​នៃ​ការ​ពាំនាំ​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​ចិន​កុម្មុយនីស្ត​កាលពី​ជាង​៤​ទសវត្សរ៍​មុន អតីត​អ្នកការទូត​លោក ហង់​រី ឃី​ស​ស៊ី​ង​ហ្គ័​រ អាច​ត្រូវបាន​លើកលែង​ចំពោះ​ការប្រមើលមើល​ភាព​តានតឹង​នាពេល​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​២ ជាមួយ​សេចក្ដី​ស្រងាកចិត្ត​មួយចំនួន​។​

​ប៉ុន្តែ​ការពិត​គឺថា ទោះបី​ទំនាក់ទំនង​ចិន​និង​អាមេរិក​មាន​កម្រិត​ទាប​បំផុត​ដែល​ពួកគេ​មិន​ធ្លាប់​ជួប​ជាច្រើន​ឆ្នាំ​មកនេះ​ក្តី ក៏ប៉ុន្តែ​លោក​ឃី​ស​ស៊ី​ង​ហ្គ័​រ នៅតែមាន​សុទិដ្ឋិនិយម​ថា ប្រទេស​ទាំង​២​នឹងមិន​ឈានទៅដល់​វិបត្តិ ដែល​នឹង​ធ្វើឱ្យ​រង្គោះរង្គើ​សណ្តាប់ធ្នាប់​ពិភពលោក​នោះឡើយ​។​

​ទោះយ៉ាងណា លោក​បណ្ឌិត​ឃី​ស​ស៊ី​ង​ហ្គ័​រ អាយុ ៩៥ ឆ្នាំ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​គិត​ខាង​យុទ្ធសាស្ដ្រ​លំដាប់​កំពូល​មួយរូប​ក្នុង​ពិភពលោក បាន​និយាយថា ភាគី​ទាំង​២​ត្រូវតែ​ធ្វើឱ្យមាន​តុល្យភាព​នៃ​ទស្សនៈ​របស់​ពួកគេ​តាមរបៀប​ដូចគ្នា​ដែល​មេដឹកនាំ​របស់​ពួកគេ​ព្យាយាម​ពន្យល់​អំពី​ការគិត​របស់​ពួកគេ​ទៅរក​គ្នា​ទៅវិញទៅមក និង​ស្វែងរក​ការយោគយល់​គ្នា​ឱ្យបាន​គ្រប់គ្រាន់​ដូច​កាលពី ៤០ ឆ្នាំមុន​។​

​នៅពេល​គាត់​បាន​ទៅ​គោះទ្វារ​ចិន​ក្នុងនាម​ជា​អ្នកតំណាង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយនឹង​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់គាត់​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ឆ្នាំ ១៩៧១ បេសកកម្ម​របស់គាត់​គឺ​ចាប់ផ្តើម​ការផ្លាស់ប្តូរ​ជា​យុទ្ធសាស្ត្រ​នៅក្នុង​សមីការ​នៃ​សង្គ្រាមត្រជាក់​រវាង​សហរដ្ឋអាមេរិក​និង​អតីត​សហភាពសូវៀត ហើយ​នាំ​ចិន​ចូលមកក្នុង​សណ្តាប់ធ្នាប់​អន្ដរជាតិ​។​

​លោក​ឃី​ស​ស៊ី​ង​ហ្គ័​រ​បាន​និយាយ​ទាំង​ផ្ទុះសំណើច​នៅក្នុង​សាលប្រជុំ Capella Singapore កន្លែង​ដែល​លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ទី ៦ ខែវិច្ឆិកា​នៅ​ពិធី​សម្ភោ​ធ​វេទិកា​សេដ្ឋកិច្ច​ថ្មី​របស់ Bloomberg យ៉ាង​ដូច្នេះ​ថា “​យើង​ដឹង​តិចតួច​ពី​ប្រទេស​ចិន​ប៉ុន្តែ​ពួកគេ​ដឹង​ច្រើន​អំពី​យើង​ពីព្រោះ​ពួក​អ្នកចរចា​ចិន​បាន​អាន​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​សរសេរ​”​។

​ដំណើរ​ទស្សនកិច្ច​ជាសម្ងាត់​ដោយ​លោក​បណ្ឌិត​ឃី​ស​ស៊ី​ង​ហ្គ័​រ ដែលជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រី​ឆាត និក​សុន នៅ​ឆ្នាំ​បន្ទាប់ កន្លែង​ដែល​លោក​បាន​ជួប​មេដឹកនាំ​ចិន​ម៉ៅ សេទុង ហើយ​ក្រោយមក​បាន​បង្កើត​ទំនាក់ទំនង​ការទូត​។​

​អំណាច​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​តាំងពី​ពេល​នោះមក ហើយ​ខណៈដែល​លោក​និក​សុន​និង​លោក​ម៉ៅ​បាន​ខិតខំ​ស្វែងរក​បុព្វហេតុ​រួមគ្នា​ទោះបីជា​មានការ​ខ្វែងគំនិត​គ្នា​ក៏ដោយ​នោះ ទំនាក់ទំនង​ចិន​និង​អាមេរិក​នាពេល​សព្វថ្ងៃនេះ​មាន​ភាព​ចូរ​ចត់ ដោយសារតែ​មហាអំណាច​យក្ស​ទាំង​២​ប្រជែង​ឥទ្ធិពល​គ្នា​។​

​លោក​ឃី​ស​ស៊ី​ង​ហ្គ័​រ ដែលជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ពី​ឆ្នាំ ១៩៧៣ ដល់ ១៩៧៧ ផងដែរ​នោះបាន​និយាយថា “​បញ្ហា​ប្រឈម​គឺ ត្រូវ​រក្សា​ទំនាក់ទំនង​សហ​ប្រតិ​ប​តិ្ត​ការ​ជា​មូលដ្ឋាន​ចំពេល​កំពុងមាន​ការខ្វែង​គំនិត​គ្នា​នៃ​វិធីសាស្ដ្រ ដែល​បង្កឡើង​មួយផ្នែកធំ​ដោយ​ការផ្លាស់ប្តូរ​បច្ចេកវិជ្ជា​និង​មួយផ្នែក​ទៀត​ដោយសារតែ​វិធីសាស្ដ្រ​ទស្សនវិជ្ជា​ផ្សេងគ្នា​ចំពោះ​បញ្ហា​ប្រឈម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​”​។​

​លោក​បន្តថា “​ខ្ញុំ​ជឿជាក់ថា​វា​ចាំបាច់​ណាស់​សម្រាប់​ចិន​និង​សហរដ្ឋអាមេរិក​ដើម្បី​ពន្យល់​គ្នា​ទៅវិញទៅមក​នូវ​គោលបំណង​អ្វីដែល​ពួកគេ​គិតថា​ពួកគេ​ត្រូវ​សម្រេច​ឱ្យបាន​និង​សម្បទាន​អ្វីខ្លះ​ដែល​ពួកគេ​មិនត្រូវ​ស្នើសុំ និង​សម្បទាន​អ្វីខ្លះ​ដែល​ពួកគេ​មាន​ឆន្ទៈ​ផ្តល់ឱ្យ ហើយ​មិនត្រូវ​បាត់បង់​ចំណុច​លម្អិត​នោះឡើយ មុនពេល​អ្នក​ដឹងថា​អ្នក​កំពុង​ព្យាយាម​ទៅ​កន្លែង​ណាមួយ​នោះ​”​។​

​លោក​បាន​និយាយថា ភាពខុសគ្នា​ជា​មូលដ្ឋាន​រវាង​ការគិត​របស់​អាមេរិក​និង​ចិន​គឺថា​ប្រសិនបើ​មាន​បញ្ហា អាមេរិក​ជឿថា​នឹងមាន​ដំណោះស្រាយ​រយៈពេល​ខ្លី ខណៈ​ចិន​គិតថា​បញ្ហា​មិនដែល​ដោះស្រាយបាន​ទាំងស្រុង​នោះទេ ហើយ​ដំណោះស្រាយ​ទាំងអស់​គឺជា​សំបុត្រ​មួយ​សម្រាប់​ឆ្ពោះទៅរក​បញ្ហា​មួយទៀត​។​

​លោក​បាន​និយាយថា “​ខ្ញុំ​គិតថា​ប្រសិនបើ​សណ្តាប់ធ្នាប់​ពិភពលោក​ត្រូវបាន​កំណត់ដោយ​ជម្លោះ​ជា​បន្ត​រវាង​សហរដ្ឋអាមេរិក​និង​ចិន នោះ​មិនយូរ​មិនឆាប់​ទេ​ពិភពលោក​នឹង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់បង់​ម្ចាស់ការ​។ ការខ្វែងគំនិត​គ្នា​ខ្លះ​មិនអាច​ចៀស​រួច​នោះទេ​។ ប៉ុន្តែ​គោលបំណង​សំខាន់​គឺថា​ប្រទេស​ទាំង​២​ទទួលស្គាល់ថា​ជម្លោះ​ជា​មូលដ្ឋាន​រវាង​ពួកគេ​នឹង​បំផ្លាញ​សេចក្តីសង្ឃឹម​សម្រាប់​សណ្តាប់ធ្នាប់​ពិភពលោក​។ គោលបំណង​នេះ​អាច​នឹង​សម្រេចបាន ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​វា​នឹង​សម្រេចបាន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ហង់​រី ឃី​ស​ស៊ី​ង​ហ្គ័​រ