ហន​ចង់​ប្រកួត​សងសឹក​ជាមួយ​ប៉ាក​គី​អៅ ដើម្បី​ជម្រះ​មន្ទិល រឿង​នរណា​ដែល​សមជា​អ្នកឈ្នះ​ជាង​

1120
ចែករម្លែក

អ្នក​ប្រដាល់​អូស្ត្រាលី ជេ​ហ្វ ហន គ្មាន​មន្ទិល​ឡើយ ដែល​គាត់​សម​នឹង​ឈ្នះ​មែន​នី ប៉ាក​គី​អៅ ប៉ុន្តែ​ជឿថា មានតែ​ការប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​វិវាទ​បាន​ស្រេចបាច់​។

ហន​បានធ្វើឱ្យ​ពិភព​ប្រដាល់​ភ្ញាក់ផ្អើល​ជាមួយ​ការសម្រេច​ឱ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត ១២ ទឹក លើ​ប៉ាក​គី​អៅ ក្នុង​ទីក្រុង​ប្រ៊ី​ស​ប៊ែ​ន កាលពី​ថ្ងៃទី ២ កក្កដា ជា​លទ្ធផល​ប្រទាញប្រទង់​មួយ នាំឱ្យមាន​ការតវ៉ា​ក្នុងប្រទេស​ហ្វីលីពីន​។

​អង្គការ​ប្រដាល់​ពិភពលោក (WBO) បាន​ចូលមក​ជម្រះ​វិវាទ​នេះ ដោយ​ពិនិត្យ​ពិន្ទុ​ការប្រកួត​នេះ​ឡើងវិញ ជាមួយ​ក្រុម​ចៅ​ក្រុម​មកពី​ប្រទេស​ផ្សេងគ្នា ដែល​បាន​រកឃើញ​ហន​ជា​ជ័យលាភី ដោយ​ឈ្នះ ៧ ទឹក​ទល់ ៥ ទឹក​។

ហន អាយុ ២៩ ឆ្នាំ បាន​ប្រាប់​អ្នកកាសែត​ក្នុង​ក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​ថា គាត់​ស្វាគមន៍​ការប្រកាស​លទ្ធផល​សើរើ​ពិន្ទុ​របស់ WBO ថ្វីបើ​គាត់​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្លួន​ជា​អ្នកឈ្នះ​ក៏ដោយ​។

អតីត​គ្រូបង្រៀន​រូបនេះ​និយាយថា “​ប្រសិនបើ​ពិន្ទុ​ចេញ​ម្តងទៀត ហើយ​ពួកគេ​និយាយថា ខ្ញុំ​មិន​ឈ្នះ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ខ្ញុំ​ឈ្នះ​ដដែល​។ ប៉ុន្តែ​ការដែល​បាន​ពួកគេ​និយាយប្រាប់​គ្រប់គ្នា ដែលមាន​ការសង្ស័យ​ល​ទ្ធ​ផល បានដឹងថា​ខ្ញុំ​ឈ្នះ គឺ​ធ្វើឱ្យ​ខ្ញុំ​ធូរទ្រូង​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ដូច​កំពុង​ការពារ​ខ្សែក្រវាត់​រួចទៅហើយ ហើយ​ខ្ញុំ​ទើបតែ​ទទួលបាន​វា​មួយ​សប្តាហ៍​ប៉ុណ្ណោះ​”​។

ប៉ុន្តែ​ហន​បាន​ទទួលស្គាល់ថា វិធី​តែមួយគត់​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​គឺ​មានតែ​ត្រូវ​ឡើង​សង្វៀន វាយ​ជាមួយ​ប៉ាក​គី​អៅ​ម្តងទៀត​ប៉ុណ្ណោះ​។

ហន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វីៗ​គឺ​ជម្រះ​ស្រេចបាច់​អស់ហើយ ដូច្នេះ​ខ្ញុំ​ពិតជា​បានឈ្នះ​ការប្រកួត​នេះ​មែន ព្រោះ​គេ​បាន​វាយតម្លៃ​ពិន្ទុ​ម្តងទៀត​។ ប៉ុន្តែ​មនុស្ស​តែងតែ​ចូលចិត្ត​បញ្ចេញយោបល់​ពួកគេ ហើយ​អ្នកនឹង​មិនអាច​ផ្លាស់ប្តូរ​គំនិត​ពួកគេ​បានទេ​។ ដូច្នេះ​ខ្ញុំ​យល់ថា វិធី​តែមួយគត់​ដែល​អ្នក​អាចធ្វើ​វា​បាន​គឺ​ត្រូវ​ប្រកួត​សងសឹក​។ ហើយ​ខ្ញុំ​គិតថា​ខ្ញុំ​នឹងធ្វើ​បានល្អ​ជាង​នេះ​នៅ​ប្រកួត​លើក​ទី​ពីរ​”៕

ហន ឈ្នះ ប៉ាក​គី​អៅ កាលពី​ថ្ងៃទី ២ កក្កដា