ហម ម៉ាន​៖ អតីត​នារី​តម្បាញ​នៅក្នុង​របប​ខ្មែរក្រហម​

272
ចែករម្លែក
ហម ម៉ាន អាយុ​៨៥​ឆ្នាំ កំពុង​អង្គុយ​នៅលើ​គ្រែ​មុខផ្ទះ​របស់គាត់ ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
(​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​ស៊ិន សុធី​តា​/ ​ភ្នំពេញៈ​នាង​ខ្ញុំ​បាន​ជួប​លោកយាយ​ម្នាក់​កំពុង​អង្គុយបត់ជើង​នៅលើ​គ្រែ និង​មាន​កន្ត្រក​ស្លា​ម្លូ ព្រមទាំង​ឈើច្រត់​នៅក្បែរ​គាត់ នៅពេលដែល​ខ្ញុំ​ចុះទៅ​សម្ភាសន៍​ប្រជាជន​ក្នុង​សហគមន៍​អន្លង់វែង​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពី​រឿងរ៉ាវ​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ក៏បាន​ជម្រាបសួរ​គាត់ និង​បាន​សំណេះសំណាល​ជាមួយ​គាត់​មួយរយៈ​ខ្លី បន្ទាប់មក​ខ្ញុំ​ក៏បាន​សុំ​អនុញ្ញាត​ពី​គាត់​ដើម្បី​សាកសួរ​គាត់​ពី​ប្រវត្តិ​សង្ខេប និង​រឿងរ៉ាវ​ដែល​គាត់​នៅ​ចងចាំ​ក្នុងអំឡុង​របប​ខ្មែរក្រហម​។ ស្ថិតនៅក្នុង​សម្លៀកបំពាក់​សំពត​ពណ៌​ស្លា​ទុំ អាវ​ពណ៌​ផ្កាឈូក ព្រមទាំង​បង់ក​ក្រមា លោកយាយ​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ថា គាត់​មានឈ្មោះ ហម ម៉ាន អាយុ​៨៥​ឆ្នាំ មាន​ស្រុកកំណើត​ក្នុងស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។ គាត់​មាន​ប្តី​ឈ្មោះ ជុំ សេង (​ស្លាប់​)​។


​សព្វថ្ងៃ​គាត់​រស់នៅ​ក្នុងភូមិ​អូរ​រុន ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កាលពី​កុមារភាព គាត់​រៀនសូត្រ​បាន​តិចតួច​ជាងគេ​នៅក្នុង​ចំណោម​សមាជិកគ្រួសារ​របស់គាត់​។ គាត់​បានសម្រេច​ចិត្ត​ឈប់រៀន​ដើម្បី​ជួយ​ធ្វើ​ការងារ​ឪពុកម្តាយ ព្រោះ​គ្រួសារ​របស់គាត់​មាន​ជីវភាព​ខ្វះខាត​។ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ បាន​កើតមានឡើង​។ ក្រោយមក​ក៏មាន​ការទម្លាក់​គ្រាប់បែក​បេ​-៥២ ពី​កងទ័ព​អាមេរិកកាំង នៅ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ធ្វើ​ឲ្យ​គ្រួសារ​របស់គាត់​បង្ខំចិត្ត​រត់គេចខ្លួន​។ បន្ទាប់មក​គ្រួសារ​របស់គាត់​ក៏បាន​ជីក​លេណដ្ឋាន​ដើម្បី​ចូល​លាក់ខ្លួន​។ ប៉ុន្តែ​ទោះបីយ៉ាងណា ផ្ទះសម្បែង និង​គោក្របី​របស់គាត់ ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​ឡើយ​។


​រហូតមក​ដល់ទី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​ទៅលើ​កងកម្លាំង​នៃ​របប លន់ នល់​។ ពេលនោះ​គ្រួសារ​របស់គាត់ ត្រូវបាន​អង្គការ​ជម្លៀស​ចេញពី​ស្រុកកំណើត ដោយ​ឲ្យ​ទៅ​រស់នៅ​ភូមិ​ផ្សេង​។ ក្នុងពេល​នោះដែរ អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​ធ្វើការ​ខាង​ផែ្ន​ក​តម្បាញ​។ ក្រៅពី​ការងារ​តម្បាញ គាត់​ត្រូវ​ដាំ​ដើម​កប្បាស និង​បេះ​ផ្លែ​កប្បាស យកមក​ហាលថ្ងៃ​។


​យាយ ហម ម៉ាន បាន​បន្តថា ចំពោះ​ការងារ​តម្បាញ​គឺ​អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​ទទួល​ភារកិច្ច​រំ​អំបោះ​ជា​ដុំ​តូចៗ​។ រីឯ​កប្បាស​ដែល​ហាល​រួចហើយ គឺ​យកមក​រវៃ​ជា​អំបោះ​ដើម្បី​ត្បាញ​ជា​ក្រមា​សម្រាប់​យកទៅ​ចែក​នៅតាម​សហករណ៍​នីមួយៗ​។
នៅ​អំឡុង​ឆ្នាំ​១៩៧៦ គាត់​តែងតែ​ចូលរួម​ប្រជុំ​នៅក្នុង​សហករណ៍​ដើម្បី​ទទួល​ផែនការ​ពី​អង្គការ និង​ធ្វើ​ការងារ​ឲ្យ​ទាន់ពេលវេលា​។ នៅពេលនោះ គាត់​និង​សមាជិក​ក្រុម​គឺមាន​តួនាទី​ត្បាញ​ក្រមា និង​យក​ក្រមា​ទៅ​ជ្រលក់​ពណ៌​ខ្មៅ​។ មួយរយៈ​ក្រោយមក អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​យក​ក្រមា​ទៅ​ចែក​នៅ​សហករណ៍​តា​អ៊ុង ដោយមាន​យាយ ង៉ែត មកពី​ភូមិភាគ​និរតី​ជា​ប្រធាន​។ ប្រសិនបើ​គាត់​មិន​ធ្វើតាម​ការចាត់តាំង​ទេ គឺ​ច្បាស់​អង្គ​ការយក​គាត់​ទៅ​អប់រំ​មិនខានឡើយ​។ ដូច្នេះ គាត់​និង​សមាជិក​ក្រុម​បាន​ខិតខំ​ប្រឹងប្រែង​ត្បាញ​ក្រមា​ឲ្យ​ទាន់​ផែនការ​របស់​អង្គការ​។


​យាយ ម៉ាន បាន​បន្ថែមថា គាត់​តែង​តែម​កមក​ប្រជុំ និង​ទទួល​ការអប់រំ​ពី​ថ្នាក់លើ​ធ្វើយ៉ាងណា​ត្បាញ​ក្រ​ម៉ា​ឲ្យ​បានល្អ​។ គាត់​ក៏​ទទួលខុសត្រូវ​ត្បាញ​ក្រមា​ឲ្យ​បាន​មួយ​ឬ​ពីរ​ក្រមា​ក្នុង​មួយថ្ងៃ​សម្រាប់​អង្គការ​ដែរ​។
​នៅ​ឆ្នាំ​១៩៧៧ គាត់​ត្រូវបាន​អង្គការ​ផ្លាស់​ឲ្យ​ទៅ​រស់នៅ​បឹង​ទន្លេសាប​ស្ថិតនៅ​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ នៅពេល​ទៅដល់​ទីនោះ អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​ទទួលខុស​ត្រូវធ្វើ​ប្រហុក​ឲ្យ​បាន​១០០​ទៅ​២០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ជាមួយ​សមាជិក​ក្រុម​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ តា​ផន​។ នៅពេលដែល​កង​នេសាទ​ត្រី​បាន​ច្រើន សមាជិក​ក្រុម​របស់គាត់​បាន​រួសរាន់​ធ្វើ​ប្រហុក​ផ្អក​សម្រាប់​យកទៅ​ផ្គត់ផ្គង់​អង្គភាព​។ បន្ទាប់ពី​ប្រមូល​ផល​ប្រហុក​ផ្អក​រួចមក អង្គការ​ចាប់ផ្តើម​បញ្ជូន​ប្រហុក​ទាំងនោះ​ទៅ​ខេត្តកំពង់ចាម ទៅ​ភូមិភាគ​កណ្តាល ដោយ​ដឹកជញ្ជូន​តាម​កាណូត​។ ទោះបី គាត់​គឺជា​អ្នកធ្វើ​ប្រហុក​ក៏ពិតមែន ប៉ុន្តែ​គាត់​មិនដែល​បាន​ហូប​ប្រហុក​ដែល​គាត់​បានធ្វើ​ឡើយ​។


​នៅ​ចុងឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា ពេលនោះ​គាត់ និង​គ្រួសារ មិនបាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទេ គឺ​គាត់​បានធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកំពង់ធំ ឆ្ពោះទៅ​ច្រក​១០០៣ (​ម្តុំ​ស្រុក​អន្លង់វែង​)​។ ក្រោយមក គាត់​ក៏បាន​បន្តទៅ​រស់នៅ​ជំរំ​ភូ​ណ​យ​អស់​រយៈពេល​មួយឆ្នាំ​។ ក្នុងអំឡុង​ពេលដែលរ​ស់​នៅក្នុង​ជំរំ គាត់​បាន​ច្រូតស្បូវ និង​ក្រងស្បូវ​យកទៅលក់​ឲ្យ​ឈ្មួញ​ថៃ ដោយ​ក្នុង​មួយ​កណ្តប​លក់បាន​ប្រាំ​បាត (​ស្មើនឹង​៥០០​រៀល​) ប៉ុណ្ណោះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ កាលនោះ​មាន​ប្រជាជន​ខ្លះ​ក្រងស្បូវ ហើយ​ប្រជាជន​ខ្លះទៀត​ដេរ​មួក​លក់​។


​រហូតដល់​ចុងឆ្នាំ​១៩៩៨ យោធា​ខ្មែរក្រហម​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពេលនោះ គាត់​និង​គ្រួសារ​របស់គាត់​បានសម្រេច​ចិត្ត​ចុះមក​រស់នៅ​ក្នុងភូមិ​អូរ​រុន ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ហើយ​បាន​ប្រកបរ​បរច​ញ្ចឹ​ម​ជីវិត​ដោយ​ធ្វើស្រែ​ចម្ការ​រហូតមកដល់​សព្វថ្ងៃ​៕សរន