ហាងឆេង​ស្វាយកែវ​រមៀត​បន្ត​ដាំ​ក្បាល​ចុះ​

381
ចែករម្លែក
  • 1
    Share

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​-​ផល​ស្វាយកែវ​រមៀត​មកដល់​ពេលនេះ នៅតែ​ថោក​ងើបមុខ​មិន​រួច ស្ទើរតែ​ម្ចាស់​ចម្ការ​បោះបង់ចោល​។​បើ​និយាយ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​គឺ​ច្រើន​ហួស​តម្រូវ​ការហូបចុក​។​បើ​និយាយ​ពី​ទីផ្សារ​នាំចេញ​វិញ​ស្វាយកែវ​រមៀត​នៅតែ​រក​ទីផ្សារ​មិនឃើញ​។​ថៃ​និង​វៀតណាម​ទិញ​ស្វាយ​ពី​យើង ក៏​នៅតែ​យកទៅលក់​នៅ​ប្រទេស​ចិន​ដូចគ្នា​។​បើ​ចិន​មិន​ទិញ​ស្វាយ​គឺ​ចប់​។​

​លោក​ទុយ​វរ​:​ប្រធាន​សមាគម​ស្វាយកែវ​រមៀត​ប្រចាំ​ស្រុក​ឪ​រ៉ា​ល់​ក៏​ដូច​លោក​លោក​ជុំ​សារឿន​ប្រធាន​សមាគម​ស្វាយកែវ​រមៀត​ប្រចាំ​តំបន់​គីរីរម្យ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដូចៗ​គ្នា​ថា​ថ្លៃ​ស្វាយ​ឥឡូវ​ធ្លា​ក់មក​ត្រឹម​500​រៀល​ទៅ​600​រៀល​ក្នុង​មួយ​គីឡូក្រាម​(​អត់​ខ្ចប់​ក្រដាស​)​។​បើ​ស្វាយ​ខ្ចប់​ក្រដាស​ថ្លៃ​900​រៀល​ទៅ​ជាង​1000​រៀល​ប៉ុណ្ណោះ​។​អត់​រួច​ថ្លៃ​ពលកម្ម​និង​ថ្លៃ​ទិញ​ថ្នាំ​ទេ​។​បើ​ធៀប​ថ្លៃ​ទីផ្សារ​ស្វាយ​ឆ្នាំនេះ​ទៅនឹង​ឆ្នាំ​2017​ធ្លាក់ចុះ​ពី​35​ភាគរយ​ទៅ​50​ភាគរយ​។​

​ទោះជា​មើលឃើញ​ការវិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ស្វាយកែវ​រមៀត​មាន​ចំនួន​4​កន្លែង​កើតមានឡើង​នៅ​ត្រែងត្រយឹង​2​កន្លែង​នៅ​ថ្នល់ទទឹង​និង​នៅ​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ក៏ដោយ​ក៏​មិនសូវមាន​សង្ឃឹមថា​ស្វាយ​អាចមាន​ទីផ្សារ​កើនឡើង​ប៉ុន្មាន​នោះទេ​។​

លោក​ជុំ​សារឿន​យល់ថា​ការកែច្នៃ​ផលិតផល​ផ្លែស្វាយ​ឱ្យទៅជា​ផលិតផល​សម្រេច​ហូបចុក​បាន​វា​អាស្រ័យ​លើ​ទីផ្សារ​បរិភោគ​មាន​ចំនួន​កើន​ច្រើនឡើងៗ​។​ចុះបើ​អត់​ទីផ្សារ​បរិភោគ​ផលិតផល​ស្វាយ​តើ​ធ្វើ​បែប​ម៉េច​ទើប​ស្វាយបាន​ថ្លៃ​កើនឡើង​។​ករណីនេះ​កើតមាន​រួចហើយ​នៅ​ប្រទេស​ថៃ​។​ដំណាប់​ស្វាយ​គ្រប់​ប្រភេទ​លក់​មិនសូវ​ដាច់​។​

​ដូច្នេះ​មានន័យថា​ស្វាយកែវ​រមៀត​នៅ​កម្ពុជា​ជា​ដំណាំ​សំបូរហូរហៀ​ពេក​។​ផល​ស្វាយ​ដែល​ទទួលបាន​ក្នុង​1​ឆ្នាំៗ​វា​ហួស​ពី​តម្រូវការ​ទីផ្សារ​ហួស​ពី​ការហូបចុក​របស់​ប្រជាពលរដ្ឋ​។​

តាម​ការប៉ាន់ស្មាន​គ្រាន់តែ​ខេត្តកំពង់ស្ពឺ​មាន​ចំការ​ស្វាយកែវ​រមៀត​ប្រមាណ​4​ទៅ​5​ម៉ឺន​ហិកតា​។​1​ហិកតា​ឱ្យ​ផល​10​តោន​។​នេះ​មិន​គិត​ស្វាយ​ខេត្ត​ដ៏​ទៃៗ​ទៀតផង​៕S/