ហាង​កាហ្វេ​តៃវ៉ាន់​គូររូប​សត្វល្អិត​គ្រប់​ប្រភេទ​លើ​ពពុះ​កាហ្វេ​

741

​សត្វល្អិត​ជាទូទៅ​មិន​ត្រូវបាន​ស្វាគមន៍​ទេ​នៅ​ហាង​កាហ្វេ​។ ប៉ុន្តែ​នៅ​ហាង​នេះ​នៅ​កោះ​តៃវ៉ាន់ អតិថិជន​កំពុង​ប្រមូលផ្ដុំ​ដើម្បី​ឱ្យគេ​ដាក់​រូប​សត្វល្អិត​ដូចជា កន្លាត មូស និង​សូម្បីតែ​ក្អែប​នៅលើ​ភេសជ្ជៈ​របស់​ពួកគេ ដែល​ទាំងអស់នេះ​ត្រូវបាន​ផលិត​ចេញពី​សូកូឡា និង​ពពុះ​ក្រែ​ម​។​

​លោកស្រី ចាង គួ​យ​ហ្វា​ង ដែលជា​អ្នក​តុបតែង​លើ​ភេសជ្ជៈ​បទពិសោធន៍ ១៤ ឆ្នាំ និង​ជា​ម្ចាស់​ហាង My Cofi បាន​ទទួលបាន​អ្នកគាំទ្រ​ជាច្រើន​នៅឯ​តំបន់​កៅ​ស៊ែ​ង បន្ទាប់ពី​លោកស្រី​បានចាប់ផ្តើម​ប្រែក្លាយ​កាហ្វេ​ទៅជា​សិល្បៈ 3D ។​

​អតិថិជន​អាច​ដើរចូល​ទៅក្នុង​ហាង​របស់លោក​ស្រី​ចាង ជាមួយ​រូបភាព​និង​ស្នើ​សុំឱ្យ​លោកស្រី​ធ្វើ​រូបភាព​តាម​ចំណង់​ចំណូលចិត្ត​ពួកគេ​ដាក់​លើ​កាហ្វេ​។​

​សត្វល្អិត​ទំនងជា​ការ​កុម្ម៉ង់​ដ៏​ពេញនិយម​ជាងគេ​នៅ​ហាង​របស់​លោកស្រី​។​

​លោកស្រី​ចាង​អាយុ ៤៨ ឆ្នាំ​បាន​និយាយថា លោកស្រី​បាន​គូរ​សត្វល្អិត​ផ្សេងៗ រាប់​ចាប់ពី​មូស​និង​កន្លាត​រហូតដល់​ខ្យាដំរី​និង​ពីងពាង​។​

​នៅពេលដែល​មុខ​ជំនួញ​រលូន​ល្អ លោកស្រី​អាច​គូររូប​លើ​កាហ្វេ​ដោយផ្ទាល់ ចំនួន ៤០ កែវ ដែល​កែវ​នីមួយៗ​ចំណាយពេល​អស់ ១៥ នាទី​។​

​ដោយ​អាស្រ័យ​លើ​ភាពស្មុគស្មាញ​នៃ​រូបភាព លោកស្រី​ចាង​បានគិត​ប្រាក់​ក្នុងតម្លៃ ២០០ ទៅ ១.០០០ ដុល្លារ​តៃវ៉ាន់ (៦,៥ ទៅ ៣២ ដុល្លារ​អាមេរិក​) ក្នុង​កាហ្វេ​មួយ​កែវ​។​

​កាលពី​ខែ​មុន​រូបភាព​សត្វ​កន្លាត​លើ​កាហ្វេ​របស់លោក​ស្រី​ចាង​បាន​ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយមាន​អ្នក​ចូល​បញ្ចេញមតិ​ជាង ១០.០០០ មតិ ហើយ​ចុច​ស៊ែរ ៤៣.០០០ ដង​៕ ដោយ៖ កញ្ញាដាលីស

ហាង My Cofi របស់លោក​ស្រី ចាង គួ​យ​ហ្វា​ង ទទួល​គូររូប​សត្វល្អិត​គ្រប់​ប្រភេទ​លើ​កាហ្វេ និង​រូប​ដែល​អតិថិជន​ចង់​កុម្ម៉ង់