ហាង​អាហារ​តាម​ចិញ្ចើមថ្នល់​នៅ​វៀតណាម​ដាក់​តាំងតុ​អាហារ​ដែល​អូ​បា​ម៉ា​អង្គុយ​ទទួលទាន ក្នុង​ស៊ុម​កញ្ចក់

1921
ចែករម្លែក

​តុ​អាហារ​មួយ ដែល​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អង្គុយ​ទទួលទាន​អាហារ​ជាមួយនឹង​មេ​ចុងភៅ​លោក អាន​ថូ​នី បួ​ដេ​ន ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម​កាលពី ២ ឆ្នាំមុន ត្រូវបាន​ដាក់តាំង​បង្ហាញ​។​

​តុ​អាហារ​ដែលមាន​ឈុត​អាហារ​ពេល​ល្ងាច​និង​ដប​ស្រា​បៀរ​ទទេ ត្រូវ​បានដាក់​ក្នុង​កញ្ចក់​ហ៊ុមព័ទ្ធ​ជិត​។​

​ម្ចាស់​ភោជនីយដ្ឋាន​តាម​ចិញ្ចើមផ្លូវ​នៅ​ហាណូយ កន្លែង​ដែល​បុរស​ទាំង​២​នាក់​បានមក​ហូប​ចំណី​អស់ ៦ ដុល្លារ និង​អង្គុយ​លើ​កៅអី​ជ័រ និយាយថា គំនិត​នេះ​គឺ​បានមកពី​អតិថិជន​របស់​ពួកគេ​។​

​ពួកគេ​ចង់ឃើញ​កន្លែង​ដែល​លោក​អូ​បា​ម៉ា​អង្គុយ និង​អ្វីដែល​លោក​បាន​ទទួលទាន​។​

​លោកស្រី ង្វៀន ធី ហាង​ង៉ា ម្ចាស់​ហាង​ឈ្មោះ Bun Cha Huong Lien បាន​ប្រាប់​ទៅ​ប៊ី​ប៊ី​ស៊ីថា “​អតិថិជន​ចូលចិត្ត​វា ហើយ​មនុស្ស​ជាច្រើន​បាន​ថតរូប​នៅក្បែរ​តុ​នេះ​”​។​

​លោកស្រី​និយាយថា “​សម្រាប់​យើង វា​គឺជា​ការចងចាំ​ដ៏​ប្រពៃ​បំផុត ដែល​យើង​នឹង​រីករាយ​ជាមួយ​ជា​រៀងរហូត​។ វា​មិនមែនជា​ល្បិច​ផ្សាយ​ឈ្មោះ​ហាង​នោះទេ​។ ខ្ញុំ​មិន​គិតថា​យើង​នឹង​ទទួលបាន​អតិថិជន​ច្រើន​នោះទេ​។ ការតាំង​បង្ហាញ​តុ​នេះ​ត្រូវបាន​បង្កើតឡើង​នៅមុន​ពេល​ចូលឆ្នាំថ្មី [​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​] ហើយ​ខ្ញុំ​មិនបាន​កត់សម្គាល់ឃើញ​មានការ​ប្រែប្រួល​នៃ​លំហូរ​អតិថិជន​នោះទេ​”​។​

​លោកស្រី​និយាយថា “​ពិតណាស់ ចានគោម​និង​ចាន​សំប៉ែត​ដាក់​បង្ហាញ​នេះ​សុទ្ធតែ​ត្រូវបាន​លាង​ទឹក​ទាំងអស់​ក៏ដូចជា​ដប​ស្រា​បៀរ​ទទេ​ផងដែរ​!”៕ ដោយ៖ កញ្ញាដាលីស

តុ​អាហារ​ដែល​អូ​បា​ម៉ា​ធ្លាប់​អង្គុយ ត្រូវ​បានដាក់​បង្ហាញ​នៅ​ហាង Bun Cha Huong Lien ក្នុង​ក្រុង​ហាណូយ
#