ហាណូយ​ចាប់ផ្តើម​គម្រោង​សម្អាត​ទឹកទន្លេ​កខ្វក់​ជាមួយ​បច្ចេកវិជ្ជា​របស់​ជប៉ុន​

784
ចែករម្លែក

​អាជ្ញាធរ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បានចាប់ផ្តើម​គម្រោង​មួយ​ដើម្បី​សម្អាត​ផ្នែក​មួយ​នៃ​ទន្លេ​ថូ​លិច (To Lich) ដ៏​កខ្វក់​របស់​ក្រុង​មួយ​នេះ​។

​ពួកគេ​បាន​ដំឡើង​ឧបករណ៍​បច្ចេកវិជ្ជា​ណា​ណូ​នៅ​ផ្នែក​ប្រវែង ៣០០ ម៉ែត្រ​នៃ​ទន្លេ​ដែល​រង​ការបំពុល​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ហើយ​គេ​រំពឹងថា​នឹង​កាត់បន្ថយ​ក្លិនស្អុយ​ក្នុង​រយៈពេល​៣​ថ្ងៃ និង ធ្វើឱ្យ​រលួយ​កាកសំណល់​និង​ភក់​បាតទន្លេ​ក្នុង​រយៈពេល​២​ខែ​។

​បច្ចេកវិជ្ជា​ណា​ណូ​ជីវ​រ៉េ​អា​ក់ទ័រ (Nano-Bioreactor) ផ្តល់ឱ្យ​ដោយ​ជប៉ុន ក៏​ធ្លាប់បាន​ប្រើប្រាស់​នៅ​បឹង​ខាងលិច ដែលជា​បឹង​ធំ​បំផុត​របស់​ក្រុង​ហាណូយ​ផងដែរ​។

​ក្រុម​អ្នកជំនាញ​និង​កម្មករ​បាន​ដំឡើង​ឧបករណ៍​សម្អាត​ទឹក​នៅ​បាតទន្លេ​ថូ​លិច​នៅ​ផ្នែក​មួយ​នៅ​ចន្លោះ​ផ្លូវ​ប្រសព្វ​ប៊ួ​យ​-​ហ៊័​ង​គុក និង សង្កាត់​ខៅ​យ៉ា​យ​។ ឧបករណ៍​សម្អាត​ទន្លេ​ចំនួន​៥​ត្រូវគេ​ប្រទះឃើញ​នៅ​ថ្ងៃ​ទីមួយ​។ ក្រុម​អ្នកជំនាញ​ជប៉ុន​និយាយថា ពួកគេ​នឹង​បន្ថែម​ឧបករណ៍​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ុន្តែ​មិន​លាតត្រដាង​ចំនួន​ឱ្យដឹង​នោះទេ​។

​យោងតាម​អ្នកជំនាញ​ម្នាក់​បានឱ្យដឹងថា ឧបករណ៍​ទាំងនោះ​បង្កើត​និង​បំ​ភាយ​ចំហាយ​ហ្គាស​ណា​ណូ​ទៅក្នុង​ទឹក​នៅ​ជុំវិញ​ដើម្បី​ជំរុញ​ឱ្យ​កកើត​នូវ​អតិសុខុមប្រាណ ដែល​អាច​នឹង​បញ្ចេញ​អុកស៊ីសែន ធ្វើឱ្យ​រលួយ​ភក់​នៅ​បាតទន្លេ និង ធ្វើឱ្យ​ទឹកស្អាត​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធរ​ក្រុង​ហាណូយ​ប្រើ​បច្ចេកវិជ្ជា​ណា​ណូ​របស់​ជប៉ុន​ដើម្បី​សម្អាត​ទឹកទន្លេ​ថូ​លិច