ហាណូយ​នឹង​ហាមឃាត់​ការប្រើប្រាស់​ម៉ូតូ​ត្រឹម​ឆ្នាំ ២០៣០ ដើម្បី​ប្រយុទ្ធប្រឆាំង​ការបំពុល​បរិស្ថាន​

1141
ចែករម្លែក

ទីក្រុង​ហាណូយ ដែលមាន​ប្រជាជន ៥ លាន​នាក់ មាន​ផែនការ​ហាមឃាត់​ម៉ូតូ​ដ៏​ពេញនិយម​ត្រឹម​ឆ្នាំ ២០៣០​។​

ក្រុមប្រឹក្សា​ក្រុង​បាន​បោះឆ្នោត​សម្រាប់​ការហាមឃាត់​នេះ​ស្ទើរតែ​ជា​ឯកច្ឆន្ទ ដោយ​សង្ឃឹមថា នឹង​ដក​ម៉ូតូ​ចេញ​ឱ្យ​អស់ពី​ដងផ្លូវ និង កាត់បន្ថយ​ការកើនឡើង​កម្រិតជាតិពុល​ក្នុង​ខ្យល់​។

ក្រុមប្រឹក្សា​ក្រុង​ហាណូយ​ក៏បាន​សន្យា​បង្កើន​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ផងដែរ ដើម្បីឱ្យ​ប្រជាជន​កន្លះ​ក្រុង​ប្រើប្រាស់​វា​នៅត្រឹម​ឆ្នាំ ២០៣០ ជំនួស​ឱ្យ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ដែល​បម្រើ​ដល់​ប្រជាជន​ត្រឹម ១២ ភាគរយ​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​អ្នកក្រុង​ខ្លះ​គិតថា ម៉ូតូ​នឹង​មិនអាច​លុបបំបាត់​អស់​ជា​រៀងរហូត​បានទេ​។

មន្ត្រី​ក្រុមប្រឹក្សា​ក្រុង​បានសម្រេច​ចិត្ត​ដាក់ “​វិធានការ​គ្រប់គ្រង​បន្ទាន់​” នៅនឹងកន្លែង បន្ទាប់ពី​របាយការណ៍​មួយ​បាន​រកឃើញ ចំនួន​ម៉ូតូ​ក្នុង​ក្រុង​ហាណូយ​នឹង​កើនឡើង​នៅ​អត្រា “​ប្រកាសអាសន្ន​”​។ ការសិក្សា​ខ្លះ​លើកឡើងថា មាន​ម៉ូតូ​ប្រមាណ ២.៥០០ គ្រឿងក្នុង​មួយ​គីឡូម៉ែត្រ​។

​យោងតាម​ក្រុម​មួយ​មិនមែន​រដ្ឋាភិបាល គឺ GreenID ទីក្រុង​ហាណូយ​កត់ត្រា​ជាតិពុល​ក្នុង​ខ្យល់​នៅ​កម្រិត PM2.5 “​ច្រើន​ហួសប្រមាណ​” ចំនួន ២៨២ ថ្ងៃ ដែលមាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស កាលពី​ឆ្នាំមុន​។

ប៉ុន្តែ​ថ្វីបើ​បែបនេះ​ក្តី ក៏​អ្នកក្រុង​ឈ្មោះ ង៉ូ ង៉ុ​ក ត្រៃ បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា គាត់​មិន​យល់ឃើញថា ផែនការ​នេះ​មាន​ប្រសិទ្ធភាព​ឡើយ​។

លោក​និយាយថា “​ទីក្រុង​មាន​មនុស្ស​ច្រើន​អនេក ខណៈ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​កម្រ​ឃើញ​មាន​ណាស់​។ គ្មាន​ប្រព័ន្ធ​ក្រោម​ដី​ទេ​ក្នុង​វៀតណាម​។ ទើបតែ​ក្នុង​ខែមិថុនា​ប៉ុណ្ណោះ ដែល​ទីក្រុង​ហាណូយ​សាកល្បង​រថយន្តក្រុង​ពីរ​ជាន់​នៅ​ផ្លូវ​មួយចំនួន​។ មើលទៅ​ប្រវត្តិសាស្ត្រ​វិញ ខ្ញុំ​មិន​ជឿជាក់​រាល់​ផែនការ​យូរអង្វែង​ណាមួយ​នោះឡើយ​នៅទីនេះ​។ រដ្ឋាភិបាល​ធ្លាប់​និយាយថា វៀតណាម​នឹង​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ត្រឹម​ឆ្នាំ ២០២០​។ ឥឡូវ គ្រប់គ្នា​ដឹងថា ផែនការ​នេះ​បាន​បរាជ័យ​ហើយ​”៕ ​ដោយ ៖កញ្ញាដាលីស

ម៉ូតូ​ក្នុង​ក្រុង​ហាណូយ