ប្រហែលមួយភាគបួននៃអ្នកស្លាប់នៅសហរដ្ឋអាមេរិកគឺដោយសារជំងឺបេះដូង។ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទោះបីជាអ្នកមានហានិភ័យកើតជំងឺបេះដូងតាមដំណពូជក៏ដោយ ក៏នៅតែមានវិធីសាស្ត្រសាមញ្ញមួយអាចប្រយុទ្ធប្រឆាំងនឹងវាបានដែរ នោះគឺ ការហាត់ប្រាណ។
នៅក្នុងការសិក្សាមួយ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលទិន្នន័យពីមនុស្សជិត ៥០០.០០០ នាក់មកពីប្រទេសអង់គ្លេស ស្កុតឡែន និងវែល ដែលបានចូលរួមក្នុងការស្រាវជ្រាវមួយ ហៅថា U.K. Biobank Study។ នៅពេលចាប់ផ្តើមការសិក្សានេះ បុរសនិងស្ត្រីបានអនុញ្ញាតឱ្យអ្នកស្រាវជ្រាវធ្វើការប៉ាន់ស្មានពីភាពប្រែប្រួលហ្សែនរបស់ពួកគេចំពោះជំងឺបេះដូង។ ពួកគេបានធ្វើលំហាត់ប្រាណ ពាក់ឧបករណ៍វាស់សកម្មភាពរាងកាយប្រចាំថ្ងៃ ពាក់ឧបករណ៍វាស់កម្លាំងក្តាប់ដៃរបស់ពួកគេ និងធ្វើតេស្តជិះកង់ដើម្បីវាស់ស្ទង់ភាពរឹងមាំរបស់ពួកគេ។
ទាំងបុរសនិងស្ត្រី ដែលធ្វើលំហាត់ប្រាណទៀងទាត់ គឺថយចុះឱកាសកើតជំងឺសរសៃឈាមបេះដូង ៤៩ ភាគរយ និង ជំងឺបេះដូងលោតញាប់ខុសចង្វាក់ ៦០ ភាគរយ។
ការសិក្សានេះត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី៩ មេសា ក្នុងទស្សនាវដ្តី Circulation របស់សមាគមបេះដូងអាមេរិក ៕ ដោយ៖ កញ្ញាដាលីស
