ហាត់​នៅក្រៅ​ប្រទេស​មានការ​រីក​ចម្រើន​ខ្លាំង​ជាង​ក្នុងស្រុក​

877
ចែករម្លែក

លោក ទូច សុភៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​ឈី​ន​ឡូ​ន​កម្ពុជា បានធ្វើការ​កត់សំគាល់​ថា ការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​គុណ​ផល (Perfomance) របស់​កីឡាករ​កម្ពុជា មានការ​រីកចម្រើន​ខ្លាំង​ជាង​ការហ្វឹកហាត់​នៅក្នុង​ស្រុក​។​

​គួរ​បញ្ជាក់ថា ក្នុងខណៈដែល​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា​ខាងមុខនេះ សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ និង​ឈី​ន​ឡូ​ន​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​៨​រូប និង គ្រូបង្វឹក​ចំនួន ២​រូប ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា រយៈពេល ២​ខែ​។​

​ពួកគេ​បានចេញ​ដំណើរ​ទៅ​ហាត់​តាំងពី​ថ្ងៃទី​១០​ខែមិថុនា​មកម្ល៉េះ ដែល​គិត​មកទល់ពេលនេះ មាន​រយៈពេល​ជិត ១​ខែ​ហើយ​។ ក្នុង​រយៈពេល​នេះ លោក​អគ្គលេខាធិការ​បា​ន​កត់សម្គាល់​ឃើញថា ពួកគេ​មានការ​រីកចម្រើន​មែន​។ ការរីកចម្រើន​នេះ គឺ​ដោយសារ​គេ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់​រួមគ្នា​រៀងរាល់ថ្ងៃ គ្មាន​លេស​ពី​មូលហេតុ​ស្ទះ​ចរាចរ ដូច​នៅក្នុង​ស្រុក ជាពិសេស​នោះ គឺ​គេ​ហាត់​បាន​ទៀងទាត់​ពេលវេលា​។​

​ជាមួយនឹង​ការឈាន​ឡើង នៃ​គុណ​ផល​របស់​អត្ត​ព​លិ​កសី​ឈី​ន​ឡូ​ន​របស់​កម្ពុជា​នេះ លោក​អគ្គលេខាធិការ​មាន​សង្ឃឹមថា ក្នុង​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ កម្ពុជា​មានឱកាស​កាន់​តែ​ច្រើន ក្នុងការ​ដណ្ដើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​។ គួរ​បញ្ជាក់ថា កាលពី​ស៊ី​ហ្គេម​លើក​ទី​២៨ នា​ឆ្នាំ​២០១៥ នៅ​ប្រទេស​សឹង្ហ​បូរី​សី​ឈី​ន ឡូ​ន​កម្ពុជា ដណ្ដើមបាន​មេដាយមាស​១ គ្រឿង និង​មេដាយសំរិទ្ធ ១​គ្រឿង​ដែរ​។​

​ការបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ កម្ពុជា​បញ្ជូន​តែ​កីឡាករ​ប៉ុណ្ណោះ ដោយសារតែ​នៅ​ស៊ី​ហ្គេម​លើក​ទី​២៩ មិនមាន​វិញ្ញាសា​សម្រាប់​កីឡាការិនី​ឡើយ​។​

​ការ​ចេញទៅ​ហ្វឹកហាត់​រយៈពេល​២​ខែ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ភាគី​ម្ចាស់ផ្ទះ​បាន​ជួយ​កម្ពុជា លើ​ការហូបចុក និង​ផ្ដល់​កន្លែង​ស្នាក់នៅ​។ ចំពោះ​កម្ពុជា​ខ្លួនឯង គឺ​ត្រូវ​ដោះស្រាយ​សំបុត្រ​យន្ដហោះ និង​លុយហោប៉ៅ តែ​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នកដោះស្រាយ​ទាំងស្រុង​៕ ដោយ ៖​រ៉ូ​ហ្សា

ទិដ្ឋភាព​ហ្វឹកហាត់​នៅ​មី​យ៉ាន់​ម៉ា (​រូប​៖ រ៉ូ​ហ្សា​)​
#