ហានិភ័យនៃគោលនយោបាយការបរទេសចូលចិត្តប្រើអាវុធនៅមជ្ឈិមបូព៌ា

344

ប្រទេសបីកាលពីថ្ងៃសៅរ៍ជាថ្មីម្តងទៀតបានបង្ហាញគោលនយោបាយការបរទេសចូលចិត្តប្រើអាវុធរបស់គេដោយធ្វើការវាយប្រហារតាមផ្លូវអាកាសលើស៊ីរី ក្រោយការចោទប្រកាន់ថាស៊ីរីប្រើអាវុធគីមីលើជនស៊ីវិល។

ក្នុងកិច្ចសហការជាមួយអង់គ្លេសនិងបារាំង សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងយោធាស៊ីរី ដោយចាត់ទុកវាជាចម្លើយតបចំពោះការវាយប្រហារដោយឧស្ម័នដោយទាហានស៊ីរីនៅទីប្រជុំជនឧទ្ទាមមួយនៅជាយក្រុងដាម៉ាសកាលពីថ្ងៃ៧មេសា។

រដ្ឋាភិបាលស៊ីរីបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់នេះ ខណៈនៅមិនទាន់មានការសន្និដ្ឋាននិងបញ្ជាក់ពីការស៊ើបអង្កេតឯករាជ្យ។តាំងពីមុនមក អាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួនមិនបានផ្តល់ភស្តុតាងរឹងមាំណាមួយថារដ្ឋាភិបាលក្រុងដាម៉ាសជាអ្នកទទួលខុសត្រូវឡើយ។

ចំណាត់ការយោធាដឹកនាំដោយអាមេរិកលើស៊ីរី នឹងរំលឹកប្រជាជនអំពីការវាយប្រហារស្រដៀងគ្នាមួយកាលពីមួយឆ្នាំមុន ដែលក៏ត្រូវបានវាយប្រហារក្រោមលេសដាក់ទោសរដ្ឋាភិបាលស៊ីរីចំពោះការប្រើសព្វាវុធគីមី។

ការប្រើសព្វាវុធគីមីប្រាកដណាស់គួរត្រូវបានថ្កោលទោសនិងចាត់ការពីសហគមន៍អន្តរជាតិ។តែការស៊ើបអង្កេតពិស្តារមួយក៏គួរធ្វើឡើងមុនការដាក់ទោសនិងចំណាត់ការណាមួយ ជាពិសេសចំណាត់ការយោធា ដើម្បីអោយអ្នកល្មើសសងតំលៃនៃការប្រព្រឹត្តិរបស់គេ ហើយចំណាត់ការដូច្នេះក៏គួរត្រូវបានការអនុញ្ញាតពីអង្គការសហប្រជាជាតិជាមុន។

ការប្រើកំលាំងគ្មានការអនុញ្ញាតនិងគ្មានការស៊ើបអង្កេតល្អិតល្អន់ដូច្នេះ វាមិនគ្រាន់តែរំលោភបូរណភាពទឹកដីរបស់ប្រទេសមានអធិបតេយ្យភាពមួយ តែក៏បង្កើនភាពតានតឹងនៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាម៧ឆ្នាំ ក៏ដូចជាតំបន់មជ្ឈិមបូព៌ាទាំងមូល។

ការវាយប្រហារនៅតែកើតឡើងទោះជាមានការព្រមានពីរុស្ស៊ីនិងអ៊ីរ៉ង់ ដែលទាមទារអោយមានការស៊ើបអង្កេតត្រឹមត្រូវមួយពីអធិការកិច្ចអន្តរជាតិ ។ជាលទ្ធផល វានាំអោយកាន់តែមានភាពតានតឹងរវាងអាមេរិក រុស្ស៊ីនិងអ៊ីរ៉ង់។

ប្រវត្តិសាស្រ្តបង្ហាញផលវិបាកដ៏គ្រោះថ្នាក់ពីគោលនយោបាយអន្តរាគន៍យោធានិយមរបស់បណ្តាប្រទេសលោកខាងលិច ដែលបង្កការអុកឡុកនិងជ្រួលច្របល់ពីពេលមួយទៅពេលមួយនៅក្នុងមជ្ឈិមបូព៌ា ចាប់ពីអ៊ីរ៉ាក់ដល់ស៊ីរី។

ការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣និងការវាយប្រហារតាមផ្លូវអាកាសនៅលីប៊ីក្នុងឆ្នាំ២០១១ ទាំងពីរសុទ្ធតែបរាជ័យក្នុងការធានាបានសន្តិភាពនិងមជ្ឈិមបូព៌ាមួយកាន់តែស្ថិរភាពឡើងហើយជាលទ្ធផលមនុស្សរាប់លាននាក់ត្រូវបានសម្លាប់ របួសនិងភៀសខ្លួន៕ដោយ៖Xinhua
ប្រែសម្រួលៈវាសនា

ទាហានស៊ីរីថតទីតាំងដែលរងការវាយប្រហារដោយកាំជ្រួចលោកខាងលិចនៅក្រុងដាម៉ាសកាលពីថ្ងៃសៅរ៍

សកម្មជនកាន់បដាក្នុងអំឡុងបាតុកម្មប្រឆាំងការវាយប្រហារដោយយោធាលើស៊ីរីនៅមុខសេតវិមានក្នុងក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ២០១៣