ហានិភ័យ​សកលលោក ៖ តើ​ពិភពលោក​នឹង​ប្រឈម​ការគំរាមកំហែង​អ្វីខ្លះ​ក្នុង​ឆ្នាំ ២០១៨?

371

​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ ប្រឈម​នឹង​បញ្ហា និង​ហានិភ័យ​ជាច្រើន​។ តើ​វា​អាចជា​ឆ្នាំ ដែល​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ អស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ឈានដល់​ចំណុច​វិបត្ដិ ការប្រែប្រួល​អាកាសធាតុ​បំផ្លាញ​បណ្តាញ​ទូរគមនាគមន៍ ការវាយប្រហារ​ភេរវកម្ម​ឈានដល់​ទម្រង់​ថ្មី ឬ សូម្បីតែ​ពេល​មានការ​គំរាមកំហែង​មើលមិនឃើញ​មួយ​អាច​បង្កឱ្យមាន​វិបត្តិ​ហិរញ្ញវត្ថុ​ជាថ្មី​?

* ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​

​យោងតាម​អ្នកជំនាញ​បានឱ្យដឹងថា ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ និង​ការ​ជំរិត​ទារប្រាក់​ដោយ​ប្រើ​មេរោគ​កុំព្យូទ័រ នឹង​បន្ត​វាយប្រហារ ហើយ​ទំនងជា​នឹង​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ ២០១៨ ដោយ​ដាក់​រដ្ឋាភិបាល ក្រុមហ៊ុន​សាជីវកម្ម និង​អ្នកប្រើប្រាស់​ឯកជន​នានា​ស្ថិតក្រោម​ហានិភ័យ​។​

​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ បានបង្ហាញ​ថា​តើ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​នយោបាយ​ដល់​កម្រិតណា​។ ទាក់ទិន​ថា​តើ​នឹង​មានកា​ជ្រៀតជ្រែក​ម្តងទៀត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​ឬ​ការស្ទង់មតិ​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ ឬ​យ៉ាងណា​នោះ គេ​មិនទាន់​ដឹង​នោះទេ​។​

* ការវាយប្រហារ​ភេរវកម្ម​

​ការគំរាមកំហែង​ភេ​វរ​កម្ម​ពី​ពួក​ជ្រុលនិយម​អ៊ីស្លាម ពួក​ជាតិនិយម​ជនជាតិភាគតិច និង​ក្រុម​ឧទ្ទាម​ឆ្វេងនិយម មើលទៅ​ទំនងជា​នឹង​បន្ត​កើតមាន​ដដែល បើទោះបីជា​មានការ​ដួលរលំ​យ៉ាង​ឆាប់រហ័ស​របស់​ពួក​អាយ​ស៊ី​ស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ក្នុង​ឆ្នាំ ២០១៧ និង​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ក្នុង​ចំនួន​សរុប​នៃ​ឧបទ្ទវហេតុ​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក​ក៏ដោយ​។​

​បញ្ហា​ក្រុម​សកម្មប្រយុទ្ធ​នៅ​ហ្វីលីពីន និង មី​យ៉ាន់​ម៉ា​ទំនង​នៅតែ​បន្ត ខណៈ​ពួក​ជ្រុលនិយម​អាយ​ស៊ី​ស​ដែល​នៅ​សេសសល់ និង ពួក​អាល់​កៃ​ដា ក៏​នៅតែ​បន្ត​វាយប្រហារ​នៅ​តំបន់​ស្នែងក្របី​នៅ​ទ្វីបអាហ្វ្រិក​។ ហើយ​គ្នីគ្នា​របស់​ពួក​អាយ​ស៊ី​ស​ក៏​នៅតែ​អាច​ឆ្មក់​វាយប្រហារ​ភេរវកម្ម​នៅតាម​ទីក្រុង​ធំៗ​របស់លោក​ខាងលិច រួមទាំង​អាមេរិក អង់គ្លេស ហ្វាំ​ង​ឡង់ អេ​ស្ប៉ា​ញ ស៊ុយអែត និង​អូស្ត្រាលី ។​

​ទន្ទឹមនេះ ក្រុម​ទ័ពព្រៃ​និង​ពួក​ជាតិនិយម​ជនជាតិភាគតិច គឺជា​ប្រភព​គំរាមកំហែង​ភេរវកម្ម​ដ៏​ធំ​ដដែល​នៅ​កូ​ឡុំ​ប៊ី តួ​ក​គី ឥណ្ឌា និង​ថៃ ខណៈ​នៅ​អឺរ៉ុប​ខាងលិច និង អាមេរិក​ខាងជើង កំពុង​ទទួលរង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ឆ្វេងនិយម​។

​ឆ្នាំ ២០១៨ ពួក​ជ្រុលនិយម​អ៊ីស្លាម ពួក​ផ្តាច់ខ្លួន និង​ពួក​ទ័ពព្រៃ​ឆ្វេងនិយម នឹង​នៅតែ​ជាការ​គំរាមកំហែង​ភេរវកម្ម​ហិង្សា​នៅ​ប្រទេស​ភាគច្រើន​ដដែល​។​

* ការដួលរលំ​ទីផ្សារ​ហិរញ្ញវត្ថុ និង ការធ្លាក់ចុះ​សេដ្ឋកិច្ច​

​តាម​កង់​ប្រវត្តិសាស្ត្រ វិបត្តិ​សេដ្ឋកិច្ចពិភពលោក​កើត​ឡើង​រាល់​វដ្ត ១០-១២ ឆ្នាំ​ម្តង ដូច្នេះ​តើ​គ្រោះមហន្តរាយ​សេដ្ឋកិច្ច​មិនអាច​មើលឃើញ​ទុកជាមុន ដូចជា​ការដួលរលំ​ទីផ្សារ​ហិរញ្ញវត្ថុ បង្កឱ្យមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ម្តង​ទៀត​ក្នុង​ឆ្នាំ ២០១៨?

​ខណៈ​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​កាលពី​១​ទស្សវត្សរ៍​មុន​បាន​កន្លងផុតទៅ សេដ្ឋកិច្ចពិភពលោក​បាន​ងើបឡើង​វិញ​មករក​កំណើន ៣,៦ ភាគរយ (​តាម​ការព្យាករណ៍​រប​ស់ IMF)​។ អត្រា​គ្មាន​ការងារ​ធ្វើ​មាន​កម្រិត​ទាប​នៅក្នុង​ប្រទេស​ជឿនលឿន សេដ្ឋកិច្ច​ដែល​កំពុង​ងើបឡើង​ថ្មីៗ​កំពុងមាន​ការលូតលាស់ ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​កំពុង​ស្ទុះ​ឡើង​ផងដែរ​។​

​ទោះយ៉ាងណា កម្រិត​បំណុល​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំៗ គឺ​ខ្ពស់ជាង​អំឡុងពេល​មុនពេល​មាន​វិបត្ដិ​ទៅទៀត ហើយ​ទីផ្សារ​នានា​កំពុង​រីកចម្រើន​ឡើង​ដោយ​ផ្នែកៗ​ប៉ុណ្ណោះ ពី​ការជំរុញ​ផ្នែក​រូបិយប័ណ្ណ​បន្ទាប់ពី​មាន​វិបត្តិ​។ ហើយ​នៅក្នុង​ប្រទេស​ជាច្រើន ការ​ងើប​ឡើងវិញ​នេះ​បានត្រឹមតែ​ធ្វើឱ្យមាន​វិសមភាព​ប្រាក់ចំណូល​រឹតតែ​ខ្ពស់​ប៉ុណ្ណោះ ដោយ​ជួយ​ដល់​ការកើនឡើង​នៃ​កម្លាំង​ប្រជា​និយម និង​កម្លាំង​ឯកោ​និយម ក្នុង​ប្រតិកម្ម​ប្រឆាំងនឹង​សកលភាវូបនីយកម្ម​។​

* ការ​ប្រឈម​មុននឹង​សង្គ្រាម​នុយក្លេអ៊ែរ​

​អ្នកជំនាញ​បាន​ព្រមាន​ថា ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ថ្មីៗ ការវាយប្រហារ​វោហា​សាស្ត្រ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​ឡើងៗ និង​ការយល់ច្រឡំ​ណាមួយ​នោះ អាច​នឹង​នាំឱ្យមាន​សង្គ្រាម​ដ៏​មហន្តរាយ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​ឆ្នាំ ២០១៨​។​

​ក្នុង​ឆ្នាំ ២០១៧ គេ​ឃើញ កូរ៉េខាងជើង​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​បំផុត​ទី ៦ របស់ខ្លួន និង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជាច្រើន​គ្រាប់ រាប់ទាំង​គ្រាប់​ដែលមាន​សមត្ថភាព​វាយ​ដល់​ទឹកដី​អាមេរិក​។ កូរ៉េខាងជើង​បានប្រកាស​ថា ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​ជា “​ទង្វើ​នៃ​សង្គ្រាម​” ហើយ​បាន​សន្យាថា “​នឹង​ធ្វើឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​” ចំពោះ​ប្រទេស​ណា​ដែល​បាន​គាំទ្រ​ចំណាត់ការ​នេះ​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ឃើញ​ដូច្នេះ ក៏​បន្ថែម​សាំង​លើ​ភ្លើង ដោយ​បង្កើន​វោហា​សាស្ត្រ​ឌឺដង និង​ជេរប្រមាថ​គីម ជុង​អ៊ុន​រឹតតែ​ខ្លាំង​ជាង​មុន​។​

​សង្គ្រាមពាក្យសម្តី​មិនបាន​ឈានដល់​ការផ្ទុះ​សង្គ្រាម​ទេ ប៉ុន្តែ​សារ​ចម្រុះ​ដ៏​ច្របូកច្របល់​ពី​សំណាក់​ក្រុមមន្ត្រី​អាមេរិក អាច​នឹង​បណ្តាលឱ្យមាន​ការយល់ច្រឡំ ជាហេតុ​នាំឱ្យ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ដោយ​ប្រការ​ណាមួយ​ដោយ​ចៃដន្យ​។ ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ក៏បាន​ធ្វើឱ្យ​ក្រុង​ព្យុងយ៉ាង​ខឹងសម្បារ​ខ្លាំង​ផងដែរ​។​

* គ្រោះមហន្តរាយ​បរិស្ថាន​

​ខណៈដែល​ផ្ទាំង​ទឹក​កកធំៗ​កំពុង​បាក់​រលំ​បណ្តើរៗ និង​កម្រិត​ទឹកសមុទ្រ​កើនឡើង​ក្នុង​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​ជាង ២ ពាន់​ឆ្នាំ​មកនេះ ទឹកជំនន់​និង​ភាពរាំងស្ងួត​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ កំពុង​បំផ្លិចបំផ្លាញ​ជីវភាព​រស់នៅ និង​បណ្តាលឱ្យ​មនុស្ស​ផ្លាស់​ទីលំនៅ​ឥតឈប់ឈរ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​គ្រោង​នឹង​បន្តធ្វើ​នៅ​ឆ្នាំ ២០១៨ បើទោះបីជា​អាមេរិក​យកជើងរាទឹក ដោយ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ក៏ដោយ​។​

​ក្រោម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស បណ្តា​ប្រទេស​ទាំងអស់​នឹង​តម្រូវឱ្យ​រួមដៃគ្នា​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០២០ ជាមួយ​គោលបំណង​រួម​គឺ​ទប់ស្កាត់​កម្តៅ​ផែនដី​កុំឱ្យ​ឡើង​លើសពី ២ អង្សា​។

​ខណៈ​ចិន​និង​ឥណ្ឌា​កំពុង​បង្កើន​ការបង្កើត​ថាមពល​កកើត​ឡើងវិញ មិន​ប៉ះពាល់​បរិស្ថាន ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ អាមេរិក​វិញ ពុំ​មានបំណង​ទប់ស្កាត់​ការ​បំ​ភាយ​ឧស្ម័ន​នេះ​ក្នុង​ឆ្នាំ ២០១៨ ឡើយ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត CGTN របស់​ចិន​