ហាយ​វ៉េ​ក្រោម​ដី ខ្ពស់​បំផុត​ក្នុង​លោក​បើក​អោយ​ដំណើរការ​នៅ​ទី​បេតិ៍​

606
ចែករម្លែក

​ផ្លូវ​ហាយវ៉េ​ក្រោម​ដី​ខ្ពស់​បំផុត​របស់​ពិភពលោក ត្រូវបាន​បើក​អោយធ្វើ​ចរាចរណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​មេសា ឆ្នាំ​២០១៩ នៅ​រយៈ​កំពស់​ជាង​៤.៧៥០​ម៉ែត្រ​លើ​នីវ៉ូ​សមុទ្រ​នៅ​តំបន់​​ស្វយ័ត​ទី​បេតិ៍ របស់​ចិន​។​

​ផ្លូវ​រូង​ក្រោម​ដី​២​គន្លង​នេះ​មាន​ប្រវែង​៥,៧​គីឡូម៉ែត្រ ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយវ៉េ​ប្រវែង​៤០០​គ​.​ម ដែល​ភ្ជាប់​ទីក្រុង​ឡា​សា ទៅ យី​ង​ជី​នៅ​ទី​បេតិ៍ភាគ​អាគ្នេយ៍​។​

​ការសាងសង់​ផ្លូវ​រូង​ក្រោម​ដី​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៥ នៅលើ​ភ្នំ​មី​ឡា​កំពស់​៥.០១៨​ម៉ែត្រ និង​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ដោយ​ជួយ​កាត់បន្ថយ​ចម្ងាយ​ផ្លូវ​ពី​១៨​គ​.​ម នៅលើ​ភ្នំ​មក​នៅត្រឹម​៥,៧​គ​.​ម​(​ក្រោម​ភ្នំ​) ។​

​ហ្គុ​ង ប៊ីន នាយ​គំរោង​«​រូង​ក្រោម​ដីភ្នំ​មី​ឡា​នៃ​ផ្លូវ​ហាយវ៉េ​ទី​២​ចិន​» បាន​និយាយថា​មានការ​ទម្លុះទម្លាយ​ខាង​បច្ចេកវិទ្យា​ចំនួន​ជាង​១០​ក្នុង​ការសាងសង់​រូង​ក្រោម​ដី​នេះ ដូច​ជា​ការ​​វាស់​ស្ទង់​ដ៏​ត្រឹមត្រូវ​នៃ​រូង​ក្រោម​ដី​ក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង​និង​នៅ​រយៈ​កំពស់​ខ្ពស់​។​

​លោក​បាន​បន្ថែមថា ក្រៅ​ពី​ភាព​ត្រជាក់​ខ្លាំង​និង​ខ្វះ​អុកស៊ីសែន កម្មករ​ជាង​២.០០០​នាក់​បាន​ប្រឈម​នឹង​ឧបសគ្គ​នឹង​ការរស់នៅ​និង​ការដឹកជញ្ជូន​សម្ភារៈ​សំណង់​មក​កាន់ការ​​ដ្ឋា​ន​។​

​លោក​ថា ហាយវ៉េ​នេះ​មាន​សារសំខាន់​សំរាប់​ត​ភ្ជាប់​ទៅ​កាន់​ទី​បេតិ៍​ខាងកើត ដែល​ជួយ​ជំរុញ​ទេសចរណ៍ ការអភិវឌ្ឍ​ឧស្សាហកម្ម​និង​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ក្នុង​​ចំណោម​ប្រជាជន​មូលដ្ឋាន​៕​ប្រែ​សម្រួល​៖​វាសនា​

ផ្លូវ​ហាយវ៉េ​ក្រោម​ដី​៥,៧​គីឡូម៉ែត្រ​នៅ​រយៈ​កំពស់​៤.៧៥០​ម៉ែត្រ