ហាយ​ឡែ​ន​ឌ័​របើក​បុក​រថយន្ត​សាំ​យ៉ុង​បត់​ឆ្លងផ្លូវ​វិល​ពីរ​ជុំ​ខ្ទេច​មួយ​ចំហៀង​សំណាង​គ្មាន​អ្នករងគ្រោះ​

821
ចែករម្លែក

​ដោយៈ​ចាន់តូ/ ​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បើក​ឆ្លងផ្លូវ ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​បរ​ដោយ​ជនជាតិ​កូរ៉េ បោះពួយ​ល្បឿន​លឿន​ជ្រុល​ទៅបុក​វិល​២​ជុំ រង​ការខូចខាត​ដាច់​ធ្លាក់​ទ្វារ បែក​កញ្ចក់ ដាច់​កង់​ក្រោយ​។ ចំណែក​រថយន្ដ ហាយ​ឡែ​ន​ឌ័​រ​ផ្លោង​ជ្រុល​ទៅ​ឡើងលើ​គម្រប​លូ ខ្ទេច​មុខ​ទាំងស្រុង សំណាងល្អ​គ្មាន​អ្នករងរបួស​។ ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ភាគី​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-9591 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ ជិះ​គ្នា​៣​នាក់ ។ ចំណែក​ភាគី​រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6493 ជា​រថយន្តឈ្នួល បើកបរ​ដោយ​បុរស​ម្នាក់ ។​

​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​សាំ​យ៉ុង បើក​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុច​ខាងលើ បត់​ឆ្លងផ្លូវ​ទៅ​ឆ្វេង​ដៃ បំណង​ចូលទៅ​ផ្លូវ ភូមិ​សាមគ្គី តែ​មិនទាន់​ផុត​ផង ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើកបរ​ដោយ​ជនជាតិ​កូរ៉េ បោះពួយ​ល្បឿន​លឿន ពី​ជើង​ទៅ​ត្បូង ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ពី​ទទឹង​រថយន្ត​សាំ​យ៉ុង បណ្តាល​ឲ្យ​វិល​២​ជុំ​ខ្ទាត​ទៅ​ចិញ្ចើម​កែង​ផ្លូវលំ ដាច់​ធ្លាក់​ទ្វារ បែក​កញ្ចក់ និង​ដាច់​កង់​ក្រោយ​ខាងស្តាំ​។ រីឯ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ផ្លោង​ខ្ទាត​តៅ​មុខ​ប្រមាណ​៤០​ម៉ែត្រ ឡើងលើ​គម្រប​លូ នៅ​ចិញ្ចើមផ្លូវ ខ្ទេច​មុខ​ទាំងស្រុង ។​

​ហេតុការណ៍​ខាងលើ​សំណាង​មួយ​ដែរ ដែល​គ្មាន​អ្នកណាម្នាក់​រងរបួស ហើយក៏​មិន​បង្ក​ដល់​អ្នកដទៃ គ្រាន់តែ​ទទួលរង​ការខូចខាត​តែ​សម្ភារៈ ក្នុង​ក​ម្រឹត​ធ្ងន់ធ្ងរ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ់​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​ទៅ​រក្សាទុក​នៅ​ចរាចរ​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕B​