ហារី​ និង ​មេហ្គា​ន ម៉ា​កិល ​រៀបការ​ក្នុង​ពិធី​ដែល​ពោរពេញ​ដោយ​តារា​

1493
ចែករម្លែក

ព្រះអង្គម្ចាស់ហារីនិងនាងមេ ហ្គា ន ម៉ា កិលបានរៀបការកាលពីថ្ងៃសៅរ៍ទី១៩ឧសភា នៅក្នុងពិធីនៅវិមានវីនស័រដែលពោរពេញដោយពួកតារាចូលរួមនិងត្រូវបានទស្សនានៅទូទាំងពិភពលោក។

ឌុច(ងាររបស់សមាជិករាជវង្សអង់គ្លេស)នៃតំបន់Sussexនេះ បានធ្វើការផ្លាស់ប្តូរពាក្យសម្បថនៅព្រះវិហារសេន ចច ក្នុងសេវាដ៏រំជួលចិត្ត រួមជាមួយនឹងការថើប ដែលបាននាំតារាទូរទស្សន៍អាមេរិកពីរជាតិសាសន៍រូបនេះ អោយចូលក្នុងបេះដូងរបស់រាជវង្សអង់គ្លេស។

មនុស្សប្រមាណ១សែននាក់បាននាំគ្នាមកពពាក់ពពូននៅតាមដងផ្លូវ ខណៈមហាក្សត្រិយយានីអេលីហ្សាបេតទី២ និងសមាជិករាជវង្សត្រូវបានចូលរួមក្នុងព្រះវិហារដោយពួកតារា រួមមាននាងអប់រ៉ា វីនហ្រ្វេ លោកអេថុន ចន លោកចច គ្លូនីនិងតារាបាល់ទាត់ដេវីត ប៊ែកឃែម។

គូស្នេហ៍នេះបានកាន់ដៃគ្នានៅពេញពិធីនិងបានប្តូរពាក្យសម្បថតាមប្រពៃណីព្រះវិហារអង់គ្លេស។

គ្រូគង្វាលអាមេរិកលោក ម៉ៃឃើល ឃឺរី បានថ្លែងសុន្ទរកថាដោយរំលឹកដល់ទាសភាពនិងអំណាចនៃសេចក្តីស្នេហា ហើយក្រុមអ្នកច្រៀងបានច្រៀងបទStand By Me។

ជាមួយនឹងពាក្យI will ព្រះអង្គម្ចាស់ហារីវ័យ៣៣វស្សា និងអតីតសិល្បការិនីអាមេរិក ម៉ា កិល អាយុ៣៦ឆ្នាំ បានប្រកាសថា ពួកគេស្រឡាញ់ ថ្នាក់ថ្នម ផ្តល់កិត្តិយសនិងការពារគ្នា។

ដោយឪពុកកំពុងជាប់វះកាត់បេះដូងនៅឯម៉ិកស៊ីកូ នាងម៉ា កិលដើរខ្លួនឯងគ្មានអ្នកដឹកដៃ មុនត្រូវបានព្រះអង្គម្ចាស់ឆាលដែលជាបិតារបស់ហារី អមដំណើរទៅកាន់ទីសក្ការៈ។

លោកថូម៉ាស ម៉ាកិល បានតាមដានពិធីអាពាហ៍ពិពាហ៍កូនស្រី តាមកញ្ចក់ទូរទស្សន៍ និងបានបង្ហាញការសោកស្តាយដែលមិនអាចមកចូលរួមមង្គលការកូន។

រ៉ូបពណ៌សរបស់ម៉ាកិលត្រូវបានរចនាឡើងដោយClare Waight Kellerនៅហាងម៉ូតបារាំង ចំណែកហារីពាក់ឯកសណ្ឋានអាវឃ្លុមពណ៌ខ្មៅរបស់អនុសេនីយក្នុងកងអនុសេនាធំBlues and Royalsដែលព្រះអង្គបានបំរើកាតព្វកិច្ចយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងអំឡុងពេលព្រះអង្គស្ថិតក្នុងជួរកងទ័ពអង់គ្លេសអស់១០ឆ្នាំ។

ហារីបានប្រាប់កូនក្រមុំរបស់ខ្លួនពេលនាងមកដល់ថា” អូនមើលទៅស្អាតណាស់”។ព្រះអង្គបានញញឹមដាក់នាងនៅពេលពួកគេស្តាប់ដំបូន្មានរបស់អាចារ្យថា “អាពាហ៍ពិពាហ៍គឺជាគ្រឹះនៃជីវិតគ្រួសារ ដែលបង្កើនកូន”។

ពួកតារាក្នុងចំណោមភ្ញៀវ៦០០នាក់រួមមាន តារាតេន្នីស សេរេណា វីលៀម តារាភាពយន្តលោក អ៊ីឌ្រីស អែលបា ,អ្នកចំរៀងនិងអ្នកនិពន្ធ ជេមស៍ ប្លាន់ ,តារាភាពយន្តថម ហាឌីនិងជែនស៍ ខ័រដិន។

អតីតមិត្តស្រីរបស់ហារីនាង ឆេលស៊ី ដាវីនិង ក្រេសស៊ីដា បូណាស ក៏បានចូលរួមផងដែរ។

សូមរំលឹកថា អ្នកទាំងពីរបានជួបគ្នាដោយមិនបានណាត់ទុកនៅខែកក្កដាឆ្នាំ២០១៦ និងបានកើតសេចក្តីស្នេហាដូចខ្យល់ព្យុះ កាត់មហាសមុទ្រអាត្លង់ទិក ខណៈនាងបន្តថតខ្សែភាពយន្តនៅក្រុងតូរ៉ុនតូ។

ស្ថិតក្នុងលំដាប់ទី៦នៃការឡើងគ្រងរាជបល័ង្គចក្រភពអង់គ្លេស ហារីជាក្សត្រមានប្រជាប្រិយភាពបំផុតមួយអង្គ ខណៈនាងម៉ាកិល ស្រ្តីមេម៉ាយ ត្រូវបានមើលឃើញថាជាខ្យល់ដង្ហើមថ្មីសំរាប់រាជវង្សអង់គ្លេស។

សាំ លូកេស អាយុ២៨ឆ្នាំមកពីតំបន់រីដឌីង បាននិយាយថា” ព្រះអង្គបានរៀបអភិសេកជាមួយមនុស្សម្នាក់ដែលតំណាងសង្គមទំនើប”៕ដោយៈវាសនា