ហា​ហ្សា​ត ស៊ុត​ចូល​២​គ្រាប់ ខណៈ Chelsea លើក​ពាន Europa League

687
ចែករម្លែក

​កីឡាករ អេ​ដិ​ន ហា​ហ្សា​ត បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ រួចហើយ​បាន​សារភាពថា វា​ជា​កាដូ​លាគ្នា​របស់គាត់ ខណៈដែល​ការ​ស៊ុត​ចូល​២​គ្រាប់​របស់​កីឡាករ​បែលហ្ស៊ិក​រូបនេះ​ជួយ Chelsea យកឈ្នះ​លើ Arsenal ៤-១ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ Europa League នៅ​ទីក្រុង​បា​គូ​។

​ការប្រកួត​នេះ​ចាប់ផ្តើម​នៅ​ម៉ោង ១១ យប់​ម៉ោង​នៅក្នុង​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់ កាលពី​ថ្ងៃ​ពុធ​ទី​២៩​ឧសភា ប៉ុន្តែ​វា​បាន​ឈាន​ចូលដល់​ថ្ងៃ​ព្រហស្បតិ៍​រួចទៅហើយ​នៅពេល​គ្រាប់​បាល់​ចាប់ផ្តើម​កើតមានឡើង​នៅ​តង់​ទី​២ ដែល​ស៊ុត​បើកឆាក​ដំបូង​គេ​ដោយ​កីឡាករ អូ​លី​វើ ជី​រូត នៅ​នាទី​ទី​៤៩ ទៅលើ​ក្លិប​ចាស់​របស់ខ្លួន​។

​ហា​ហ្សា​ត​បាន​បង្កើត​ឱកាស​ឱ្យ​កីឡាករ​ប៉េ​ត្រូ​ស៊ុត​គ្រាប់​ទី​២​ឱ្យ Chelsea មុនពេល​ស៊ុត​២​គ្រាប់​ដោយ​ខ្លួនឯង រួមទាំង​បាល់​ប៉េ​ណា​ល់​ទី​១​គ្រាប់​។ ចំណែក​ឯខាង Arsenal គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ អា​ឡិច អា​វ៉ូ​ប៊ី​។

​កីឡាករ​ហា​ហ្សា​ត​ត្រូវគេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ចាក​ចេញពី Chelsea ទៅ Real Madrid ក្នុងតម្លៃ​ខ្លួន​ប្រមាណ ១១៥ លាន​ផោន (​ជាង​១៤៥ លាន​ដុល្លារ​) បន្ទាប់ពី​រយៈពេល​៧​ឆ្នាំ​នៅ​អង់គ្លេស ហើយ​នេះ​គឺជា​វិធី​ល្អ​បំផុត​សម្រាប់​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លិប​ជាមួយ​ពាន​អឺរ៉ុប​មួយ​ក្នុង​ដៃ​។

​កីឡាករ​អាយុ ២៨ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា “​ខ្ញុំ​គិតថា​វា​ជាការ​លាគ្នា ប៉ុន្តែ​ក្នុង​បាល់ទាត់ អ្នកនឹង​មិនដឹង​នោះទេ​។ សុបិន​របស់ខ្ញុំ​គឺ​លេង​នៅ Premier League ហើយ​ខ្ញុំ​បានធ្វើ​វា​រួចហើយ​សម្រាប់​ក្លិប​ដ៏​ធំ​បំផុត​មួយ ដូច្នេះ​ឥឡូវនេះ​ប្រហែលជា​ដល់ពេល​សម្រាប់​ការប្រកួតប្រជែង​ថ្មី​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

ហា​ហ្សា​ត​ប្រហែលជា​ត្រូវ​ចាក​ចេញពី Chelsea បន្ទាប់ពី​ឈ្នះ Europa League