ហុងកុង​ជួប​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​បំផុត​នៅ​ឆ្នាំ​២០១៩ ដោយសារ​បាតុកម្ម​អូសបន្លាយ​

190
ចែករម្លែក

​នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី ការី ឡា​ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​តុលា​បាន​និយាយថា លោកស្រី​រំពឹងថា មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​​ជួប​កំណើន​អវិជ្ជមាន​(​ថយក្រោយ​)​ខ្លាំង​បំផុត​មិន​ធា្លប់មាន​នៅពេញ​មួយឆ្នាំ​២០១៩​នេះ នៅពេល​ទីក្រុង​កំពុង​ប្រឈម​ដោះស្រាយ​នឹង​ការតវ៉ា​ប្រឆាំង​អស់​ពេល​រាប់​ខែ​មក​ហើយ​។​

​នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី ការី ឡា​ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​តុលា​

​ឡា​ម បាន​លើកឡើង​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ដ៏​ងងឹត​ដូច្នេះ​នៅ​មួយថ្ងៃ​បន្ទាប់​ពី​លេខា​ហិរញ្ញវត្ថុ ផូល ចាន បាន​និយាយថា ហុងកុង​បាន​ធ្លាក់​ចូល​ក្នុង​ឱនភាព ឬ​ការដើរ​ថយ​​ក្រោយ​នៃ​សេដ្ឋកិច្ច ហើយ​ទំនងជា​នឹង​មិន​ទទួលបាន​កំណើន​វិជ្ជមាន​ណា​ទេ​នៅ​ឆ្នាំ​នេះ​។​

​ចាន​បាន​និយាយ​ក្នុង​សារ​បង្ហោះ​ក្នុង​គេហទំព័រ​ផ្ទាល់ខ្លួន​មួយ​ថា​«​ការ​វាយ​សំពង​ពី​ការប្រឆាំង​តវ៉ា​ចំពោះ​សេដ្ឋកិច្ច​របស់​យើង​គឺ​ធ្ងន់ធ្ងរ​និង​សព្វទិសទី​ណាស់​។​វា​ពិបាក​នឹង​សំរេច​បាន​កំណើន​សូន្យ​ទៅ​១​ភាគរយ ដូច​តាម​ការព្យាករណ៍​របស់​រដ្ឋាភិបាល​កាលពី​មុន​មាន​ការតវ៉ា​ប្រឆាំង​»​។​

​មុន​នេះ​នៅក្នុង​ខែ​តុលា​នេះ​ដែរ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​Goldman Sachs បាន​ប៉ាន់ស្មាន​ថា ហុងកុង​អាច​ខាតបង់​៤​ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​ប្រាក់​តម្កត់​ទៅកាន់​សិង្ហបុរី​​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​គូប្រជែង​នៅ​រវាង​ខែ​មិថុនា​និង​សីហា​។​

​សូមបញ្ជាក់​ថា​ភាពវឹកវរ​ដ៏​អូសបន្លាយ​ពេល​នៅ​ហុងកុង​មកពី​អ្នក​ប្រឆាំង​តវ៉ា​ខឹង​នឹង​អ្វី​ដែល​ពួកគេ​មើលឃើញថា​ជា​ការជ្រៀតជ្រែក​កាន់តែ​ខ្លាំង​ឡើង​ដោយ​អាជ្ញាធរ​ចិន​ប៉េកាំង​​នៅក្នុង​កិច្ចការ​ហុងកុង ដែល​ត្រូវបាន​ប្រគល់អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ក្រោម​រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ដើម្បី​ធានា​សេរីភាព​ដែល​មិន​មាន​នៅ​ចិនដីគោក​។​

​តែ​ចិន​បដិសេធថា​ខ្លួន​មិន​បាន​ជ្រៀតជ្រែក និង​បាន​ចោទប្រកាន់​បណ្តា​រដ្ឋាភិបាល​លោកខាងលិច រួម​មាន​អាម៉េរិក​និង​អង់គ្លេស ថា​កកូរកកាយ​បង្ក​បញ្ហា​នៅ​ហុងកុង​។​

​ចំនួន​មក​ដល់​នៃ​អ្នកទេសចរ​បរទេស​បាន​ធ្លាក់ចុះ​ខ្លាំង ដោយ​នៅ​ខែ​តុលា​នេះ​ធ្លាក់ចុះ​ជិត​៥០​ភាគរយ ជា​ការធ្លាក់​ចុះ​ដែល​ចិន​ហៅថា​«​គ្រោះអាសន្ន​»​។​បណ្តា​ការី​លក់រាយ​មួយ​​ចំនួន​ធំ ចាប់​ពី​ផ្សារ​លក់ទំនិញ​ដល់​ហាង​គ្រប់គ្រង​ដោយ​គ្រួសារ ត្រូវ​បង្ខំ​បិទទ្វារ​នៅ​ប៉ុន្មាន​ខែ​មកនេះ​៕​ដោយ​៖​វាសនា​