ហុងកុង​ប្រឈម​ការតវ៉ា​ប្រឆាំង​នៅ​អាកាសយានដ្ឋាន ក្រោយ​ការប៉ះទង្គិច​កាលពី​យប់​

400
ចែករម្លែក

​ហុងកុង​បាន​ប្រកាស​បំរាម​ថ្មី​អំពី​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នៅ​ថ្ងៃអាទិត្យ មុន​ការជួបជុំ​តវ៉ា​ដែល​ផ្តោត​លើ​អាកាសយានដ្ឋាន​ក្រោយ​ការប៉ះទង្គិច​តាម​ដងផ្លូវ​នៅពេល​យប់​ថ្ងៃ​សៅរ៍​។​

​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ធ្លាប់​បាន​ចូល​ធ្វើការ​ប្រឆាំង​តវ៉ា​នៅ​ក្នុង​អាកាសយានដ្ឋាន​កាលពីមុន ដោយ​កាន់កាប់​សាល​អ្នកដំណើរ​មកដល់ រារាំង​ផ្លូវ​ទៅ​កាន់​អាកាសយាន​និង​ដុត​​ភ្លើង​អោយ​ឆេះ​នៅ​លើ​ផ្លូវ​នៅ​ទីប្រជុំជន​ទុង ជុង​។​

​អ្នក​ប្រឆាំង​តវ៉ា​វ័យក្មេង​ម្នាក់​បាន​និយាយថា​«​អាកាសយានដ្ឋាន​ជាទី​តាំង​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​។​យើង​នឹង​អនុវត្ត​តាក់​ទិកឆ្មា​ចាប់​កណ្តុរ​។​ខ្ញុំ​អំពាវនាវ​អោយ​ប្រជាជន​ទៅ​​កាន់​អាកាសយាន​»​។​

​រថភ្លើង​ដឹក​អ្នក​ដំណើរ​ទៅ​អាកាស​យាន នឹង​អនុញ្ញាត​អោយ​អ្នកដំណើរ​ជិះ​តែ​កណ្តាល​ក្រុង​នៅ​ថ្ងៃអាទិត្យ គឺ​សំរាប់តែ​អ្នកដំណើរ​មាន​សំបុត្រ​តែប៉ុណ្ណោះ​។​

​កាលពី​យប់​ថ្ងៃ​សៅរ៍ ប៉ូលិស​និង​អ្នក​ប្រឆាំង​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​មួយ​ភ្លែត​នៅ​ជិត​ព្រំដែន​ចិន ដោយ​ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​និង​គ្រាប់​ជ័រ​ដាក់​ពួក​បាតុករ​ក្បាលរឹង​មួយ​​ក្រុម​តូច​ដែល​ដាក់​របាំង​ផ្លូវ ចោល​ដុំឥដ្ឋ​និង​គ្រាប់បែក​សាំង​ដាក់​ប៉ូលិស​នៅ​តំបន់​ទួន​មុន​។​មនុស្ស​មួយចំនួន​ក៏​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ប៉ះទង្គិច ។​

​ហុងកុង​បាន​ស្ថិត​ក្នុង​ការតវ៉ា​ប្រឆាំង​អស់​រយៈពេល​១៦​ចុង​សប្តាហ៍ ដើម្បី​ទាមទារ​អោយមាន​កំណែ​ទំរង់​ប្រជាធិបតេយ្យ​ធំ​ឡើង​និង​ការទទួលខុសត្រូវ​របស់​ប៉ូលិស​។​

​ចលនា​ប្រឆាំង​នេះ​ដែល​ដំបូង​ផ្តើមចេញ​ពី​ការប្រឆាំង​នឹង​ការដាក់​អោយ​សភា​ពិភាក្សា​អនុម័ត​ពង្រាង​ច្បាប់​បត្យាប័ន​មួយ​ ​ជាការ​ប្រឈម​ដ៏​ធំ​នៃ​ការគ្រប់គ្រង​របស់​ចិន​ចាប់តាំងពី​ហុងកុង​ត្រូវបាន​ប្រគល់អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧៕​ដោយ​៖​វាសនា​

បាតុករ​ហុងកុង​និង​ប៉ូលិស​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​សៅរ៍ ដោយ​មាន​ការចាប់ខ្លួន​មនុស្ស​មួយចំនួន​