ហុងកុង​ពន្យារពេល​ពិភាក្សា​ពង្រាង​ច្បាប់​បត្យាប័ន ចំ​ពេល​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​

188
ចែករម្លែក

​អ្នក​ប្រឆាំង​តវ៉ា​រាប់ពាន់​នាក់​បាន​បិទផ្លូវ​ចូល​ស្នាក់ការ​រដ្ឋាភិបាល​និង​ក្រុមប្រឹក្សា​ច្បាប់​ហុងកុង​(​សភា​)​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា ជាហេតុ​នាំ​អោយ​សម័យប្រជុំ​សភា​ហុងកុង​ដើម្បី​​ពិភាក្សា​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស ត្រូវបាន​លើក​ពេល​។​

​ហ្វូង​បាតុករ​ដែល​សំបូរ​ទៅដោយ​យុវជន​បាន​បំផ្លាញរ​បាំង​ផ្លូវ​និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ពេល​ពួកគេ​ចូល​ក្នុង​បណ្តា​ទីស្នាក់ការ​រដ្ឋាភិបាល​និង​ការិយាល័យ​ក្រុម​ប្រឹក្សា​ច្បាប់​។​រហូត​​ដល់​ពេល​រសៀល ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ម្សៅ​ម្ទេស ព្រមទាំង​ការបាញ់ទឹក​លើ​អ្នក​ប្រឆាំង​តវ៉ា​នៅក្រៅ​អាគារ​រដ្ឋាភិបាល​។​

​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​មួយ​បាន​និយាយថា សម័យប្រជុំ​សភា​ដែល​ត្រូវបាន​គ្រោង​ចាប់ផ្តើម​នៅ​ម៉ោង​១១​ព្រឹក នឹង​ត្រូវ​លើក​ពេល​ទៅ​ពេល​ក្រោយ តែ​មិន​បាន​បញ្ជាក់​កាល​​បរិច្ឆេទ​ជាក់លាក់​ទេ​។​

​ការពន្យារពេល​នេះ​ទំនងជា​ជោគជ័យ​បណ្តោះអាសន្ន​សំរាប់​អ្នកប្រឆាំង​ច្បាប់​នេះ​។​

​សូមបញ្ជាក់​ថា ក្រោម​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ហុងកុង​ត្រូវបាន​ធានា​សិទ្ធិ​រក្សាទុក​ប្រព័ន្ធ​សង្គម ច្បាប់​និង​នយោបាយ​របស់​ខ្លួន​សំរាប់​រយៈពេល​៥០​ឆ្នាំ​ក្រោយ​ពី​វា​ត្រូវបាន​អង់គ្លេស​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​

​រដ្ឋាភិបាល​ហុងកុង​បាន​បន្ត​ផែនការ​ដាក់​ពង្រាងច្បាប់​បត្យាប័ន​នេះ​អោយ​សភា​ពិភាក្សា​នៅ​ថ្ងៃ​ពុធ​ទី​១២​មិថុនា ទោះ​ជា​ការ​ពី​ថ្ងៃអាទិត្យ​ទី​៩​មិថុនា ខ្លួន​ជួប​មហា​បាតុកម្ម​ពី​ប្រជាជន​ហុង​កុងក្តី​។​

​ហ្វូង​មនុស្ស​បាន​ចាប់ផ្តើម​ជួបជុំ​នៅក្រៅ​ក្រុមប្រឹក្សា​ច្បាប់​ហុងកុង​នេះ​កាលពី​យប់​ថ្ងៃ​អង្គារ និង​ស្ថាន​កុងស៊ុល​អាម៉េរិក​បាន​ព្រមាន​អោយ​មនុស្ស​ចៀសវាង​តំបន់​នេះ និង​មាន​ការប្រុងប្រយ័ត្ន​។​ហាង​ជំនួញ​ខ្លះ​បាន​បិទទ្វារ​ពេញ​មួយថ្ងៃ ខណៈ​កូដកម្ម​ការងារ​និង​ការ​មិន​ទៅ​រៀន​ក៏​ត្រូវបាន​អំពាវនាវ​អោយ​ធ្វើ​ឡើង​ផងដែរ​។​

​បាតុករ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​និយាយថា​«​យើង​ក្មេង តែ​យើង​ដឹងថា បើ​មិន​ងើបឈរ​ប្រឆាំង​ដើម្បី​សិទ្ធិ​របស់​យើង​ទេ យើង​អាច​ចាញ់​ពួកគេ​»​។​

​តែ​នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី ការី ឡាំ បាន​ចេញមក​ការពារ​ការ​កំណែ​ច្បាប់​នេះ ថា​វា​មាន​ភាព​ចាំបាច់​ដើម្បី​បញ្ចប់​ការខ្វះចន្លោះ​ផ្នែក​ច្បាប់​ជាមួយ​ប្រទេស​និង​ទឹកដី​នានា​នៅក្នុង​លោក​។​ទោះជា​យ៉ាងណា ពួក​អ្នក​រិះគន់​យល់ថា ច្បាប់​បត្យាប័ន​នេះ​នឹងដាក់​ប្រជាជន​ហុងកុង​អោយ​ប្រឈម​នឹង​ប្រព័ន្ធ​ច្បាប់​ចិន ដែល​ជន​ប្រឆាំង​នឹង​គណបក្ស​កុំម្មុយនីស្ត​ចិន​តែង​ត្រូវបាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​សេដ្ឋកិច្ច ឬ​បទ​ល្មើស​រំលោភ​សន្តិសុខ​ជាតិ ហើយ​សវនាការ​នៅ​ចិន​ក៏​មិន​ធានា​ថា​ធ្វើឡើង​ដោយ​សេរី​ដែរ​។​

​ទោះជា​មាន​ការព្រួយបារម្ភ​ដូច្នេះ​ក្តី លោកស្រី​ឡាំ បានបញ្ជាក់​ថា​រាល់​ករណី​បត្យាប័ន​នឹង​ត្រូវ​ដាក់​អោយ​តុលាការ​ហុងកុង​ជា​អ្នក​សំរេច​ជា​មុន​៕​ប្រែ​សម្រួល​៖​វាសនា​

បាតុកម្ម​នៅ​ហុងកុង​កាលពី​ថ្ងៃ​ពុធ បណ្តាល​អោយ​តំលៃ​ភាគហ៊ុន​នៅ​ផ្សារ​ហុងកុង​ធ្លាក់​ផងដែរ​