ហុងកុង​រាយការណ៍​អ្នកស្លាប់​ទី​២​ដោយ​Covid-19​នៅពេល​ចំនួន​ឆ្លង​នៅ​កូរ៉េខាងត្បូង​កើន​ជិត​ពាក់កណ្តាល​

202
ចែករម្លែក

​បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​Covid-19​នៅ​ហុងកុង ដែល​នេះ​ជាការ​បាត់បង់​ជីវិត​ម​នុស្ស​ទី​២​ដោយសារ​វីរុស​ដែល​បង្ហាញ​វត្តមាន​ដំបូង​នៅ​​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។​

​យោង​តាម​មន្ទីរពេទ្យ Princess Margaret Hospital បុរស​នេះ​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​ទី​១៩​កុម្ភៈ​។​

​គាត់​ជា​ជន​ទី​៦២​ដែល​ឆ្លង​កូរ៉ូណា​វី​រុសនៅក្នុង​ទីក្រុង​ចិន​មួយ​នេះ​។​ការស្លាប់​របស់​គាត់​កើតឡើង​ចំពេល​ចិន​រាយការណ៍​ការស្លាប់​សរុប​ចំនួន​២.០០៤​នាក់ និង​ឆ្លង​​ជាង​៧៤.០០០​នាក់​គិត​មក​ត្រឹម​ដើម​ថ្ងៃ​ពុធ ដោយ​៣​ភាគ​៤​នៃ​អ្នកស្លាប់​និង​ឆ្លង​ស្ថិត​នៅក្នុង​ក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី​។​

​ជុំវិញ​កូរ៉ូណា​វីរុស​នេះ​ដែរ កូរ៉េខាងត្បូង​បាន​រាយការណ៍​ការឆ្លង​១៥​ករណី​ថ្មី កាលពី​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ នាំ​ឲ្យ​ចំនួន​មនុស្ស​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៤៦​នាក់​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន​១១​នាក់​ត្រូវ​គេ​ជឿ​ថា​មាន​ជាប់​ទាក់ទង​នឹង​អ្នក​ជំងឺ​Covid-19​វ័យ​៦១​ឆ្នាំ​ម្នាក់ ដោយសារ​ពួកគេ​បាន​ទៅ​ព្រះវិហារ​មួយ​ជាមួយ​ស្ត្រី​កើត​​ជំងឺ​រូបនេះ​។​

​ក្នុងពេល​ជាមួយគ្នា កូរ៉េខាងត្បូង​ដាក់ចេញ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាក​វីរុស​នេះ រួម​មាន​ហាម​ជនបរទេស​មក​ពី​ខេត្ត​ហ៊ូ​ប៉ី របស់​ចិន និង​ផ្អាក​ការ​មិន​យក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ចូល​មក​កោះជេ​ជូ ដែល​ពេញនិយម​សម្រាប់​ទេសចរ​ចិន​៕ប្រែសម្រួល៖វាសនា/Ha