ហុងកុង​សម្លាប់​ជ្រូក​ចោល​ចំនួន​៤.៧០០​ក្បាល បន្ទាប់​ពី​ករណី​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​លើក​ទី​២​ត្រូវបាន​រកឃើញ​

571
ចែករម្លែក

​ហុងកុង​នឹង​សម្លាប់​ជ្រូក​ចោល​ចំនួន​៤.៧០០​ក្បាល បន្ទាប់​ពី​ករណី​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​ត្រូវបាន​រកឃើញ​នៅក្នុង​សត្វ​មួយ​នៅ​ទី​សត្វឃាត​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន​។​​នេះ​ជា​ករណី​ទី​២​ក្នុង​រយៈពេល​មួយ​ខែ​ដែល​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​នៅ​ទីក្រុង​ហុងកុង​។​

​លោក​ស្ត្រី Sophia Chan រដ្ឋមន្ត្រី​នៃ​ក្រសួង​សុខាភិបាល​និង​ម្ហូបអាហារ​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​សត្វ​នេះ​មក​ពី​កសិដ្ឋាន​មួយ​នៅ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​ហើយ​​ការនាំ​សត្វ​ចូល​ពី​ប្រទេស​ចិន​ដីគោក ត្រូវបាន​ផ្អាក​រហូតដល់​មានការ​បញ្ជាក់​បន្ថែម​ទៀត​។​

​លោកស្រី បាន​បន្ថែមថា ទី​សត្វឃាត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នេះ ស្ថិតនៅ​សង្កាត់​Sheung Shui​នៃ​ទីក្រុង​ហុងកុង​ហើយ​វា​នឹង​ត្រូវ​បាន​បិទ​ដើម្បី​បោសសម្អាត​​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​

​កាលពី​ខែ​មុន​នៅ​ទីក្រុង​នេះ សត្វ​ជ្រូក​ជិត​៦.០០០​ក្បាល ត្រូវបាន​សម្លាប់​ចោល​បន្ទាប់​ពី​វីរុស​នៃ​ជំងឺ​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ជ្រូក​មួយ ដែល​នាំចូល​ពី​កសិដ្ឋាន​មួយ​​នៅ​ខេត្ត​ដដែល​នេះ​៕​ប្រែ​សម្រួល​៖​សុខា​