ហុងដាឌ្រីម​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​វ៉េវ របួសធ្ងន់​ស្រាល​៣​នាក់​

574
ចែករម្លែក

​ដោយ : ​ចាន់តូ/​ភ្នំពេញ ៖ មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បន្ទាប់ពី​មាន​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ទៅបុក​មួយគ្រឿង​ទៀត​កំពុង​បើកបរ​លើផ្លូវ​អ​ថិ​ភាព ត្រូវបាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ ចេញទៅ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​អាយុជីវិត កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-6157 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ បត់​ឆ្លងផ្លូវ​ទៅ​កើត ក្នុង​បំណង​ត្រឡប់ក្រោយ តែដោយសារ ការបើកបរ​របស់គាត់ ខ្វះ​ការប្រុងប្រយ័ត្ន ក្នុង​តំបន់​គ្រោះថ្នាក់ ឃើញ​រថយន្ត​បើក​មកពី​មុខ បន្ថែម​ល្បឿន​គេច​ឲ្យ​ផុត តែ​ជ្រុល​ទៅបុក​កន្ទុយ​ម៉ូតូ ម៉ាក ហុងដា វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-2720 ជិះ​ដោយ​ស្ត្រី​២​នាក់ ជាក​ម្មការ​នី​រោងចក្រ មាន​ទីលំនៅ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ កំពុងធ្វើដំណើរ​លើផ្លូវ​អ​ថិ​ភាព ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ អ្នកបើកបរ​ម៉ូតូ​សងខាង រងរបួស​ធ្ងន់ ឈាម​ដាប​ពេញ​ផ្លូវ ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ស្រាល រីឯ​ម៉ូតូ រង​ខូចខាត បាក់​វៀច​កង់​មុខ និង​ដាច់​កន្ទុយ​ក្រោយ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ ប្រុស​ម្នាក់ ស្រី​២​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​មន្ទីរ ពេទ្យ​ព្រះកុសុមៈ ។ ដោយឡែក​ម៉ូតូ ទាំង​២​គ្រឿង នគរបាល​ជំនាញ​ចុះទៅពិនិត្យ វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​B