ស៊ី​ម្តង​អស់​ជិត១០០ចាន រហូតដល់​ថ្នាក់​ម្ចាស់​ហាង​ហាម​លែងឱ្យ​ចូល​ហាង​ស៊ូ​ស៊ី​របស់ខ្លួន​

1290
ចែករម្លែក

​អត្ត​ព​លិ​ក​កីឡា​ទ្រី​យ៉ា​ត្លុង​របស់​អាល្លឺម៉ង់​ម្នាក់​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​អាហារ​ប៊ូ​ហ្វេ​ស៊ូ​ស៊ី​នៅ​ទីក្រុង​លែ​ន​សាត់ (Landshut) នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​គាត់​បាន​ហូប​អាហារ​អស់​ជិត ១០០ ចាន ។​

​វេ​ប​សាយ​ព័ត៌មាន The Local បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី ១៤ កញ្ញា​ថា លោក ចា​រ៉ូ​ស្លា​វ បូ​ប្រូ​វ​ស្គី (Jaroslav Bobrowski) អាយុ ៣០ ឆ្នាំ​បាន​អនុវត្ត​ការ​តម​អាហារ​ពិសេស​មួយ ដែល​គាត់​តម​អាហារ​រយៈពេល ២០ ម៉ោង​មុននឹង​ញ៉ាំ​អាហារ​សងសឹក​រហូត​ឆ្អែត​តឹង​ពោះ​។​

​លោកបូ​ប្រូ​វ​ស្គី ដែលជា​អតីត​កីឡាករ​លើក​សាច់ដុំ និង ជា​អ្នកប្រកួតប្រជែង Iron Man បាន​បង់ប្រាក់ ១៥,៩០ អឺរ៉ូ (១៨,៦០ ដុល្លារ​អាមេរិក​) សម្រាប់​អាហារ​ប៊ូ​ហ្វេ​របស់គាត់​នៅឯ​ភោជនីយដ្ឋាន Running Sushi ។​

​នៅ​ល្ងាច​នោះ​គាត់​បាន​ហូប​អាហារ​ស៊ូ​ស៊ី​អស់​ជិត ១០០ ចាន ជាហេតុ​ធ្វើឱ្យ​មេ​ចុងភៅ​និង​ម្ចាស់​ភោជនីយដ្ឋាន​ប្រកាសអាសន្ន​។​

​ម្ចាស់​ភោជនីយដ្ឋាន​នេះ​បាន​ប្រាប់​កាសែត Passauer Neue Presse របស់​អាល្លឺម៉ង់​ថា “​គាត់​ហូប​ស្មើនឹង​មនុស្ស ៥ នាក់​។ វា​មិនធម្មតា​ទេ​”​។​

​លោកបូ​ប្រូ​វ​ស្គី ដែល​សព្វថ្ងៃ​ធ្វើការ​ជា​វិស្វករ​សូ​ហ្វ​វែ​បាន​ប្រាប់​វេ​ប​សាយ The Local ថា គាត់​ចង់ឱ្យ​លុយ​ធីប​ទៅ​អ្នករត់​តុ ប៉ុន្តែ​ការផ្តល់ជូន​របស់គាត់​មិនត្រូវ​បាន​គេ​ទទួលយក​ទេ​។​

​ក្រោយមក ម្ចាស់​ហាង​បានមក​ប្រាប់​លោកបូ​ប្រូ​វ​ស្គី​ដោយផ្ទាល់​ថា គាត់​លែង​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទ​ទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​នេះ​ទៀតហើយ ព្រោះ​គាត់​ហូប​ច្រើនពេក​។

​លោកបូ​ប្រូ​វ​ស្គី​បាន​ប្រាប់​វេ​ប​សាយ The Local ថា “​ខ្ញុំ​ត្រូវបាន​គេ​ហាមឃាត់​ពី​ឥឡូវ​នេះហើយ ព្រោះ​ខ្ញុំ​ហូប​ច្រើនពេក​។ ខ្ញុំ​ស្រឡាំងកាំង​ណាស់​”​។​

​តាម​ដឹង លោកបូ​ប្រូ​វ​ស្គី​បាន​រកឃើញ​ភោជនីយដ្ឋាន​ស៊ូ​ស៊ី​មួយកន្លែង​ផ្សេងទៀត​ដើម្បី​បំពេញ​ចំណង់​អាហារ​របស់គាត់​។ គាត់​នឹង​ទៅ​ហាង China City ដែល​ធ្វើដំណើរ ១០ នាទី​ពី​ភោជនីយដ្ឋាន Running Sushi ជំនួស​វិញ​៕ ដោយ៖ កញ្ញាដាលីស

លោក ចា​រ៉ូ​ស្លា​វ បូ​ប្រូ​វ​ស្គី ហូប​ស៊ូ​ស៊ី​អស់​ជិត ១០០ ចាន​រហូត​ម្ចាស់​ហាង​ហាម​ឱ្យចូល​ភោជនីយដ្ឋាន