ហូ​ឡង់​និង​ចិន​សហការគ្នា​ដើម្បី​ជំរុញ​ការវះកាត់​ប្តូរ​សរីរាង្គ “​ក្តៅៗ​”

1178
ចែករម្លែក

​មន្ទីរពេទ្យ​មកពី​ហូ​ឡង់​និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ដើម្បី​អភិវឌ្ឍ​វិធីសាស្ដ្រ​វះកាត់​ប្តូរ​សរីរាង្គ​និង​ពង្រីក​វា​នៅ​ទូទាំង​ពិភពលោក​។​

​សាស្ត្រាចារ្យ ហឺ សៀវ​ស៊ុន គ្រូពេទ្យ​វះកាត់​ប្តូរ​ថ្លើម​នៅ​មន្ទីរពេទ្យ​សម្ព័ន្ធ​ទី​១​នៃ​សាកលវិទ្យាល័យ​ស៊ុត​យ៉ា​ត់​សិន ក្នុង​ទីក្រុង​ក្វាង​ចូ​វ ភាគខាងត្បូង​ចិន ដែល​កំពុង​សហការ​ជាមួយ​សាកលវិទ្យាល័យ​មណ្ឌល​វេជ្ជសាស្ត្រ​ហ្គ្រោ​នី​ង​ជែ​ន​ក្នុងប្រទេស​ហូ​ឡង់​បាន​និយាយថា “​យើង​នឹង​ឃើញ​សម័យថ្មី​នៃ​ការវះកាត់​ប្តូរ​សរីរាង្គ​ក្តៅៗ​”​។​

​ការប្តូរ​សរីរាង្គ​បច្ចុប្បន្ន​ជាធម្មតា​តម្រូវឱ្យមាន​ប​រិ​ស្ថាន​ត្រជាក់​ខ្លាំង​សម្រាប់​រក្សាទុក​សរីរាង្គ​បរិច្ចាគ​ដែល​អាច​រង​ការខូចខាត​នៅក្នុង​ដំណើរការ​វះកាត់​ប្តូរ​។ សាស្ត្រា​ចារ សៀវ​ស៊ុន និយាយថា “​ដូច្នេះ​ខ្ញុំ​ហៅ​វា​ថា​ការវះកាត់​ប្តូរ​សរីរាង្គ​ត្រជាក់​។ វា​មាន​ប្រសិទ្ធភាព ប៉ុន្តែ​វា​មិនល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ​”​។​

​កាលពី​ខែកក្កដា​ឆ្នាំមុន គាត់​បានធ្វើ​ការវះកាត់​ប្តូរ​សរីរាង្គ​លើកដំបូង​របស់​ពិភពលោក​ដោយ​ការផ្គត់ផ្គង់​ឈាម​ជា​បន្ត​ឥត​ឈប់​។ បន្ទាប់ពី​ត្រូវបាន​យក​ចេញពី​រាងកាយ​អ្នក​បរិច្ចាគ សរីរាង្គ​ត្រូវ​បានដាក់​នៅក្នុង​ឧបករណ៍​ជួសជុល​សរីរាង្គ​ពហុមុខ​ងារ ដែល​អាច​ក្លែង​ធ្វើជា​ប្រព័ន្ធ​រាងកាយ​របស់​មនុស្ស និង​ផ្គត់ផ្គង់​ឈាម​ជា​បន្តទៅ​សរីរាង្គ​។​

​គាត់​បាន​ប្រាប់​វេ​ប​សាយ CGTN ថា​អត្ថប្រយោជន៍​ដ៏​ធំ​បំផុត​នៃ​វិធីសាស្ត្រ​ថ្មី​នេះ​គឺថា​វា​អាច​ផ្តល់​សរីរាង្គ​បំពេញ​មុខងារ​បាន​ជិត ១០០ ភាគរយ​ដល់​អ្នកទទួល​។ លោក​បន្តថា “​សរីរាង្គ​រក្សា​ភាពកក់ក្តៅ​នៅក្នុង​ដំណើរការ​វះកាត់​ទាំងមូល ដូច្នេះ​ខ្ញុំ​ហៅ​វា​ថា​ជាការ​ប្តូរ​សរីរាង្គ​ក្តៅៗ​”​។​

​ចាប់តាំងពី​ពេលនោះ​មក​លោក​សាស្ត្រាចារ្យ​បានធ្វើការ​វះកាត់​ស្រដៀង​គ្នា​នេះ​ជាច្រើន​ហើយ​ការងារ​ត្រួសត្រាយ​របស់គាត់​ត្រូវបាន​កត់សម្គាល់​ដោយ​សាស្ត្រាចារ្យ រ៉ូបឺត ជេ ផង នៃ​សាកលវិទ្យាល័យ​មណ្ឌល​វេជ្ជសាស្ត្រ​ហ្គ្រោ​នី​ង​ជែ​ន ដែលជា​មជ្ឈមណ្ឌល​ប្តូរ​សរីរាង្គ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។​

​ចិន​និង​ហូ​ឡង់​គឺជា​ដៃគូ​យូរអង្វែង​ក្នុង​ការសហការ​ស្រាវជ្រាវ​ជា​អន្តរជាតិ​។ ការដោះដូរ​ផ្នែក​វិទ្យាសាស្ត្រ​លើកដំបូង​ត្រូវបាន​អនុវត្ត​កាលពី ៣០ ឆ្នាំមុន និង​ក្នុង​ឆ្នាំ ២០១៣ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តោតលើ​ការសហការ​ផ្នែក​ថែទាំ​ង​សុខភាព​៕ ដោយ៖ កញ្ញាដាលីស

មន្ទីរពេទ្យ​ចិន​និង​ហូ​ឡង់​សហការគ្នា​លើ​ការវះកាត់​ប្តូរ​សរីរាង្គ​តាម​វិធីសាស្ត្រ​ថ្មី