ហូ​ឡង់ គ្រោង​បង្កើត​ច្បាប់​កំណត់ឱ្យ​នារី​រកស៊ី​ផ្លូវភេទ​ត្រូវមាន​អាយុ​យ៉ាងតិច ២១ ឆ្នាំ​ឡើងទៅ​

286
ចែករម្លែក

​រដ្ឋាភិបាល​ហូ​ឡង់ បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា​ថា ខ្លួន​កំពុង​ពិចារណា​បង្កើត​ច្បាប់​ថ្មី​ដើម្បី​រឹតបន្តឹង​ពេស្យាចារ (​ការរកស៊ី​ផ្លូវភេទ​) ក្នុងនោះ​រួមមាន​ទាំង​ការហាមឃាត់​នារី​រកស៊ី​ផ្លូវភេទ​ដែលមាន​អាយុ​ក្រោម ២១ ឆ្នាំ និង​ការចេញ​បណ្ណ​ការងារ​ដល់​ពួកគេ​ផងដែរ​។ កំណែទម្រង់​នេះ​ធ្វើឡើង​ស្របពេល​ប្រទេស​ហូ​ឡង់ កំពុង​ប្រឹងប្រែង​កែលម្អ​ស្ថានភាព​រស់នៅ​សម្រាប់​នារី​រកស៊ី​ផ្លូវភេទ និង​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។
​ ​
​ហូ​ឡង់ បានប្រកាស​ទទួលស្គាល់​ពេស្យាចារ​ថា​ជា​របរ​ស្របច្បាប់​ក្នុង​ឆ្នាំ​២០០០ ប៉ុន្តែ​ការព្រួយបារម្ភ​មាន​កាន់តែខ្លាំង​ឡើង​អំពី​កំណើន​គ្មាន​ការត្រួតពិនិត្យ​នៃ​ឧស្សាហកម្ម​ផ្លូវភេទ​នេះ​។ នារី​រកស៊ី​ផ្លូវភេទ​ដែល​គ្មាន​បណ្ណ​ការងារ ត្រូវបាន​ចាត់ទុកថា​ល្មើសច្បាប់ រួមទាំង​ភ្ញៀវ​ដែល​ប្រើប្រាស់​សេ​ព្យា​ចារ​ខុសច្បាប់​ផងដែរ​។ ការធ្វើ​សញ្ចរ​កម្ម ការដឹកជញ្ជូន និង​ការធ្វើជា​អង្គរក្ស​ការពារ​នារី​រកស៊ី​ផ្លូវភេទ​ដែល​គ្មាន​បណ្ណ​ការងារ​ក៏​នឹង​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់​ដែរ​។​
​ ​
​យោងតាម​តួលេខ​ផ្លូវការ​បង្ហាញថា មាន​នារី​រកស៊ី​ផ្លូវភេទ​ប្រមាណ ៧.០០០ នាក់​នៅក្នុង​ទីក្រុង​អាំ​ស្ទែ​ដាម ហើយ ៧៥ % ក្នុងចំណោម​នោះមក​ពី​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប ជាពិសេស​អឺរ៉ុប​ខាងកើត​។ នៅ​ហូ​ឡង់​នារី​រកស៊ី​ផ្លូវភេទ​ត្រូវ​ចុះ បញ្ជី​នៅ​សភាពាណិជ្ជកម្ម ហើយ​ត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល​។ ប៉ុន្តែ​អាជ្ញាធរ​ហូ​ឡង់ មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ការរីក​រាលដាល នៃ​ឧស្សាហ​កម្មនេះ​ដោយសារ​ពួកគេ​ទាក់ទង​ភ្ញៀវ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​អ៊ីនធឺណិត​៕ ប្រែ​សម្រួលៈ ខុម