ហួសចិត្ត​! សល់​មួយថ្ងៃ​ចូល​រោង កូនកំលោះ​ចេញ​ប្លន់​ធនាគារ​

244
ចែករម្លែក

​កូនកំលោះ​ម្នាក់​នៅ​រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ធនាគារ​មួយ​មុន​ថ្ងៃ​ចូល​រោងការ​ដើម្បី​យកលុយ​ទិញ​ចិញ្ចៀន​អាពាហ៍ពិពាហ៍ និង​ចេញថ្លៃ​រៀបចំ​មង្គលការ​។ ​កូនកំលោះ​រូបនេះ​ត្រូវអស់​លក្ខណ៍​ដោយសារ​នារី​ជា​គូ​ដណ្តឹង​ចំណាំ​មុខ​បាន នៅពេល​រូបថត​មុខសញ្ញា​ចោរប្លន់​ល្បី​សុះសាយ​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

Texas groom robs a bank

​ជនសង្ស័យ ហ៊ី​ត អេ​ដ​វើដ បាំ​ផូស (Heath Edward Bumpous) មកពី​ក្រុង​ក្រក់​ឃី​ត (Crockett) បានធ្វើ​សកម្មភាព​ប្លន់​ធនាគារ Citizens State Bank ស្ថិតនៅ​ហ្គ្រូ​វ​ថុ​ន (Groveton) វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ជននេះ​បាន​ចូល​ទៅជិត​គំរាម​ជំរិត​ទារលុយ​ពី​បុគ្គលិក​ធនាគារ ដោយ​អះអាងថា ខ្លួន​មាន​កាំភ្លើង​។​

Texas groom robs a bank

​ជននេះ​បាន​ប្រាប់​បុគ្គលិក​ធនាគារ​នោះ​ថា ខ្លួន​ជិត​រៀបការ​ហើយ ហើយ​ត្រូវការ​លុយ​ចេញថ្លៃ​មង្គលការ​របស់ខ្លួន​នៅ​ថ្ងៃស្អែក​ឡើង​។ ប៉ូលិស​កំណត់​បាន​ទីតាំង​ធនាគារ​រយៈពេល ៣០ នាទី​ក្រោយពី​កើតហេតុ​។ ប៉ូលិស​និយាយថា បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​បាន​ប្រាក់​មួយចំនួន​រួច ជននេះ​បាន​ដោះ​ខោអាវ​បោះចោល ហើយ​បើករថយន្ត​គេចខ្លួនបាត់​។

Texas groom robs a bank

​ប៉ូលិស​បាន​រកឃើញ​សម្លៀកបំពាក់​របស់​ជន​នេះ ព្រមទាំង​កាំភ្លើង​ដែល​ប្រើ​ធ្វើ​សកម្មភាព​ប្លន់​។ ពេលនោះ​ប៉ូលិស​បានចាប់ផ្តើម​ប្រតិបត្តិ​ការតាមប្រមាញ់​ជ​ន​នេះ ហើយ ​បាន​បង្ហោះ​រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​តាម​ហ្វេ​ស​ប៊ុ​ក​។ នាង ដាយ​អូន ត្រាយ​ល័​រ (Dione Traylor) ចំណាំ​មុខ​បាន​ថា ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ជា​គូ​ដណ្ដឹង​របស់ខ្លួន​។

Texas groom robs a bank

​នាង ដាយ​អូន ត្រាយ​ល័​រ ដែលជា​ជំនួយការ​ពេទ្យ​នៃ​អង្គភាព​ពន្លត់​អគ្គិភ័យ​បាន​សុំឱ្យ​គូ​ដណ្ដឹង​ហេងស៊យ​រូបនេះ​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច ហើយ​ជននេះ​ក៏​ព្រម​ធ្វើតាម​។ ទីបំផុត ជននេះ​បាន​ចូលខ្លួន​នៅ​តុលាការក្រុង​ហូ​ស្តុ​ន (Houston) ហើយ​សារភាព​ទទួលស្គាល់​កំហុស​។ តែ​ទោះជា​សារភាព​យ៉ាងណាក្ដី ក៏​ជននេះ​នៅតែ​ជាប់ពន្ធនាគារ​ដដែល ព្រោះ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិនអាច​លើកឡើង​បាន ហើយក៏​ខាន​បាន​រៀបការ​ដែរ ព្រោះតែ​ទង្វើ​ឆោតល្ងង់​មួយពេល​៕ ប្រែ​សម្រួលៈ ខុម

Texas groom robs a bank
Texas groom robs a bank
Texas groom robs a bank