ហួសពេល តែ​ឪពុក​ព្រមាន​ដល់​ក្មេង​ឯទៀត​កុំឲ្យ​ញៀន​ហ្គេម ក្រោយ​កូន​គាត់​លេង​ហ្គេម​រហូតដល់​ដាច់​សរសៃ​ខួរក្បាល​ស្លាប់​នៅមុខ​កុំព្យូទ័រ​

338
ចែករម្លែក

​យុវជន​ថៃ​ម្នាក់​បាន​ដួល​ស្លាប់​នៅមុខ​កុំព្យូទ័រ​របស់ខ្លួន​ក្រោយ​លេង​ហ្គេម​ពេញ​មួយ​យប់​ក្នុងពេល​ឈប់សម្រាក​ពី​កា​រៀនសូត្រ​។​

​ពី​យ៉ាវ៉ា​ត ការី​គុន អាយុ​១៧​ឆ្នាំ បាន​ឈប់សម្រាក​ពី​ការរៀនសូត្រ​រហូតដល់​ចុង​ខែ​តុលា ហើយ​បាន​ប្រើ​ពេលទំនេរ​នៅតែ​ក្នុង​បន្ទប់​របស់​ខ្លួន​ដើម្បី​លេង​ហ្គេម​ក្នុង​កុំព្យូទ័រ​លើ​តុ​របស់​​ខ្លួន​។​

​ឪពុក​ម្តាយ​របស់​ក្មេង​នេះ​បាន​និយាយថា កូន​របស់​គេ​លេង​ហ្គេម​ពេញ​មួយ​យប់ និង​បន្ត​នៅ​ពេល​ថ្ងៃ គឺ​ចំណាយពេល​រាប់​ម៉ោង​នៅមុខ​កុំព្យូទ័រ​នៅផ្ទះ​របស់​គេ​ក្នុង​ខេត្ត អ៊ូ​ដុន​​ថា​នី ប្រទេស​ថៃ​ភាគ​ខាងជើង​។​

​ពួកគេ​ត្រូវ​យក​អាហារ​ទៅឲ្យ​កូន​នៅ​ក្នុង​បន្ទប់​និង​បាន​សុំ​ឲ្យ​កូន​ឈប់​លេង តែ​វា​មិន​ព្រម​ឈប់​។​

ពី​យ៉ាវ៉ា​ត ការី​គុន ត្រូវ​បាន​ឃើញ​ស្លាប់​នៅមុខ​កុំព្យូទ័រ​កាលពី​ថ្ងៃ​ចន្ទ​។​គ្រូពេទ្យ​សង្ស័យថា​ក្មេង​នេះ​អាច​ស្លាប់​ដោយ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ក្នុងពេល​លេង​ហ្គេម​

ឪពុក និយាយថា ពី​យ៉ាវ៉ា​ត ការី​គុន ជា​ក្មេង​ឆ្លាត​តែ​បាន​ពិន្ទុល្អ​នៅ​សាលា តែ​មាន​បញ្ហា​មួយ​គឺ​ញៀន​ហ្គេម​

​លោក​ចា​រ៉ា​ន់​វីត ឪពុក​របស់​ក្មេងរងគ្រោះ បាន​ចូល​ទៅក្នុង​បន្ទប់​កាលពី​ថ្ងៃ​ចន្ទ​និង​បាន​ឃើញ​កូនប្រុស​ដួល​ធ្លាក់​ពី​កៅអី​ទល់មុខ​តុ​កុំព្យូទ័រ​។​លោក​បាន​ព្យាយាម​ដាស់​កូន តែ​វា​​បាន​ស្លាប់​ទៅហើយ​។​គ្រូពេទ្យ​បាន​មក​ពិនិត្យ​សព​ក្មេង​នេះ​កាលពី​ថ្ងៃ​អង្គារ​និង​ថា​វា​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​និង​ត្រូវ​គេ​ជឿ​ថា​បណ្តាលមកពី​លេង​​ហ្គេម​ហួសហេតុ​គ្មាន​បាន​ឈប់សម្រាក​។​

​ប្រអប់​បាយ​ត្រួត​គ្នា​នៅលើ​តុ​និង​ភេសជ្ជៈ​មួយ​ដប​នៅ​នឹង​ជើង​របស់​វា​។​ឪពុក​បាន​និយាយថា​ លោក​ត្រូវ​យក​អាហារ​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​ ដោយ​សារ​វា​លេង​ហ្គេម​ភ្លេច​បាយ​​ភ្លេច​ទឹក​នៅ​ក្នុង​បន្ទប់​អត់​ចេញ​មក​រក​បាយ​ទឹក​សោះ​។​

​ក្រោយ​ជួប​ហេតុការណ៍​គួរឲ្យ​សោកស្តាយ​នេះ លោក​ចា​រ៉ា​ន់​វីត បាន​ព្រមាន​ទៅ​ឪពុក​ម្តាយ​ក្មេង​ដទៃទៀត​អំពី​គ្រោះថ្នាក់​នៃ​ការ​ញៀន​ហ្គេម​។​លោក​បាន​ទទួលស្គាល់ថា ​កូនប្រុស​​របស់​គាត់​ញៀន​ហ្គេម​និង​ព្រមាន​ទៅ​ឪពុកម្តាយ​ក្មេង​ដទៃ​កុំឲ្យ​កូនៗ​លេង​ទូរស័ព្ទ​លេង​ហ្គេម​យូរៗ​តាម​ចិត្ត​របស់​វា​ចង់​។​លោក​ចង់​ឲ្យ​ការស្លាប់​កូន​របស់​គាត់​ជា​មេរៀន​​មួ​យ​និង​ជាការ​ព្រមាន​ដល់​ឪពុក​ម្តាយ​ណា​ដែល​មាន​កូន​ចូល​ចិត្ត​លេង​ទូរស័ព្ទ លេង​ហ្គេម​ក្នុង​កុំព្យូទ័រ​៕​ដោយ​៖​វាសនា​/Ha