ហេង សុ​ផា​ណា ពលបាលទោ​

2703
ចែករម្លែក
ហេង សុ​ផា​ណា (​រូប​: មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ​: មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា / ភ្នំពេញ​: ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​រៀបការ​ជាមួយ​ប្តី​ខ្ញុំ​។ ប្រសិនបើ​ខ្ញុំ​រៀបការ​ជាមួយ​បុរស​កំណាញ់​វិញ ខ្ញុំ​ប្រហែល​នឹងត្រូវ​ស្លាប់​ពី​ការអត់ឃ្លាន​នៅក្នុង​របប​ខ្មែរក្រហម​។ ប្តី​របស់ខ្ញុំ​ជា​បុរស​សង្ហារ​ម្នាក់ និង​មាន​នារី​ជាច្រើន​បាន​ចោមរោម​គាត់់​។ យើង​បាន​ទៅ​សាលារៀន​ជាមួយគ្នា​រយៈពេល​បួន​ឆ្នាំ មុនពេល​យើង​រៀបការ​ជាមួយគ្នា​។ គាត់​តែងតែ​រង់ចាំ​ខ្ញុំ​នៅ​ច្រកទ្វារ​សាលារៀន និង​ពេលខ្លះ​បាន​ទុក​សំបុត្រ ឬ​ផ្កា​នៅលើ​តុ​របស់ខ្ញុំ​។​

​ឪពុកម្តាយ​របស់ខ្ញុំ​មិន​ចូលចិត្ត​ប្តី​របស់ខ្ញុំ​ឡើយ​។ នៅ​ថ្ងៃមួយ​ឪពុក​ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ឪពុកធំ​ខ្ញុំ​នៅ​ខេត្តកំពង់ចាម​ដោយ​សង្ឃឹមថា ខ្ញុំ​នឹង​បំភ្លេច​ប្តី​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​បាន​ឈប់​ញ៉ាំ ឈប់​ផឹក​រហូតដល់​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​។ បន្ទាប់មក​ឪពុក​របស់ខ្ញុំ​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់មក​ភ្នំពេញ​វិញ និង​យល់ព្រម​ឲ្យ​ខ្ញុំ​រៀបការ​។

​បន្ទាប់ពី​យើង​រៀបការ​រួចមក ខ្ញុំ​បាន​ទៅធ្វើ​ការ​នៅ​ការិយាល័យ​មួយ​នៅក្នុង​មន្ទីរពេទ្យ​ព្រះមុនីវង្ស ក្រុងភ្នំពេញ​។ ថ្វីបើ​ខ្ញុំ​បាន​រៀន​ក្បួន​យុ​ទ្ឋ​សាស្ត្រ​យោធា​ខ្លះៗ​ក្តី ខ្ញុំ​មិនដែល​ចេញទៅ​សមរភូមិ​ឡើយ​។ ប្តី​របស់ខ្ញុំ​បាន​ប្រឡង​វិទ្យាល័យ​ធ្លាក់ ដូចនេះ​គាត់​បានសម្រេច​ចិត្ត​ធ្វើការ​ឲ្យ​ឪពុក​របស់គាត់ ដែលមាន​យានដ្ឋាន​ជួសជុល​រថយន្ត​ផ្ទាល់ខ្លួន​។​

​នៅ​ថ្ងៃទី​១៧ មេសា គ្រួសារ​របស់ខ្ញុំ​ដែលមាន​សមាជិក​ច្រើន​នាក់ ត្រូវបាន​ជម្លៀស​បែកខ្ញែក​ពីគ្នា​។ យើង​បាន​ជួបជុំគ្នា​វិញ​នៅក្បែរ​ស្រុក​កៀនស្វាយ ហើយ​នៅ​ទីនោះ​រង់ចាំ​ការប្រកាស​ឲ្យ​អ្នកទីក្រុង​វិលត្រឡប់​ចូល​ភ្នំពេញ​វិញ​។ ប៉ុន្តែ​បន្ទាប់មក ឪពុកម្តាយ​របស់ខ្ញុំ​និង​បងប្អូន​ប្រុស​ស្រី​បាន​ទៅ​រស់នៅ​ខេត្តបាត់ដំបង ខណៈដែល​ប្តី​របស់ខ្ញុំ និង​កូនៗ​របស់​យើង និង​ខ្ញុំ​បាន​ទៅ​ខេត្តបន្ទាយមានជ័យ​។​

​គ្រាមួយ​នោះ អង្គការ​បាន​ប្រាប់​យើង​ថា ប្រជាជន​ដែលជា​ជនជាតិ​វៀតណាម​អាច​វិលត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​។ ដូច្នេះ​ខ្ញុំ​បាន​សុំ​ស្ត្រី​ចំណាស់​ម្នាក់ ដែលជា​ជនជាតិ​វៀតណាម ហើយ​មិនអាច​និយាយ​ភាសា​ខ្មែរ​ច្បាស់​ធ្វើជា​ម្តាយ​របស់ខ្ញុំ​។ ប្តី​របស់ខ្ញុំ និង​ខ្ញុំ​បាន​ប្តូរ​ឈ្មោះ​របស់​យើង​ទៅជា​ឈ្មោះ​ជនជាតិ​វៀតណាម​។ ប្តី​ខ្ញុំ​មានឈ្មោះ ខ្វាង ហ៊ួ​ត និង​ខ្ញុំ​ឈ្មោះ គីម ឡាង​។ បន្ទាប់មក​ជនជាតិ​វៀតណាម​ចំនួន​២០​គ្រួសារ​ត្រូវបាន​យក​ចេញពី​ភូមិ​។ ខ្ញុំ​បាន​ឮថា អ្នក​ទាំងនោះ​ត្រូវ​បានដាក់​នៅក្នុង​ទូក​ជាច្រើន នៅពេល​ទូក​ចេញ​ទៅដល់​កណ្តាលទន្លេ អង្គការ​បាន​ពន្លិច​ទូក​ទាំងនោះ​។ អង្គការ​បាន​ចាក់​ភ្លេង​ឮ​សំឡេង​ខ្លាំង​ដែល​ធ្វើ​ហាក់ដូចជា​វា​មិនមាន​រឿង​អី​សោះ​កើតឡើង​។ បន្ទាប់ពី​នោះមក យើង​បាន​ប្តូរ​ឈ្មោះ​ត្រឡប់​ទៅ​ឈ្មោះ​ដើម​របស់​យើង​វិញ​។

​នៅពេលដែល​ខ្ញុំ​ឃ្លាន មានតែ​ប្តី​របស់ខ្ញុំ​ម្នាក់​គត់ ដែល​បាន​ព្យាយាម​រក​អាហារ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅ​ចងចាំ​ថា ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​ផឹក​កាហ្វេ​។ គាត់​បាន​ដើរ​ចេញទៅ​ក្រៅ​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់​។ មួយសន្ទុះ​ក្រោយមក គាត់​បាន​ត្រឡប់មកផ្ទះ​វិញ​មាន​ទឹកមុខ​ញញឹមញញែម​។ គាត់​បាន​បង្កាត់ភ្លើង​លីង​អង្ករ​ពីរ​ក្តាប់​ទាល់តែ​ខ្លោច ហើយ​បន្ថែម​ស្ករត្នោត​មួយ​ស្លាបព្រា​។ បន្ទាប់មក​គាត់​បាន​លាង​សម្អាត​មើម​ក្រវ៉ា​ញ​ប្រាំ​ដុំ រួច​បុក​ឲ្យ​ម៉ត់ បន្ថែម​ចូលទៅក្នុង​ទឹក​ដាំ​ពុះ​។ បន្ទាប់​មកចាក់​លាយ​ចូលទៅក្នុង​ត្រឡោក​ដូង​មួយ គាត់​បាន​ហុច​ឲ្យ​ខ្ញុំ នេះ​ជា “​កាហ្វេ​” របស់ខ្ញុំ​។​

ស្រស់ កូនស្រី​របស់ ហេង សុ​ផា​ណា (​រូប​: មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

​នៅ​ថ្ងៃមួយ​ខ្ញុំ​បាន​ឈឺពោះ​ឆ្លងទន្លេ ប្តី​របស់ខ្ញុំ​បាន​រត់​ចេញទៅ​ទាំងយប់​ទៅរក​ឆ្មប​របស់​ខ្មែរក្រហម​។ ប៉ុន្តែ​ឆ្មប​នោះបាន​ជាប់រវល់ ព្រោះ​ប្រព​ន្ឋ​របស់​គណ​:​ភូមិ​បាន​ឆ្លងទន្លេ​បានកូន​មួយ​នៅពេល​តំណាលគ្នា​នេះដែរ​។ ម្យ៉ាងទៀត ឆ្មប​នោះ​មិន​ចង់​មក ព្រោះ​ប្តី​ខ្ញុំ​មិនបាន​ឲ្យ​អ្វី​ដល់​គាត់​ជាសរ​គុណ​។ យ៉ាងណាក៏ដោយ ខ្ញុំ​បាន​បង្កើត​កូនប្រុស​ដែលមាន​សុខភាព​ល្អ​ម្នាក់ ដោយមាន​ជំនួយ​ពី​អ្នកជិតខាង​របស់ខ្ញុំ​។ ព្រឹក​បន្ទាប់មក​ប្តី​របស់ខ្ញុំ​បានធ្វើ​បបរមាន់​ជូន​ស្ត្រី​ដែល​បាន​ជួយ​ខ្ញុំ​។​

​មុនពេល​ប្តី​ខ្ញុំ​ចេញទៅ​ធ្វើការ គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា​កុំ​បោកគក់​គ​ន្ទ​ប​កូន គាត់​នឹង​បោកគក់​កន្ទប​នោះ​នៅពេលដែល​គាត់​ត្រឡប់មកវិញ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ស្តាប់​គាត់​ឡើយ រួច​បាន​បោកគក់​កន្ទប​នោះ​នៅក្នុង​ប្រឡាយទឹក​មួយ​។ ខ្ញុំ​បាន​ស្ពឹក​ជើង​ទាំងពីរ​ដោយសារ​នៅក្នុង​ទឹក​យូរពេក​។ ប្តី​ខ្ញុំ​បាន​ច្របាច់​ជើង​របស់ខ្ញុំ​ពេញ​មួយអាទិត្យ​។ បន្ទាប់មក​គាត់​បាន​អៀវ​ខ្ញុំ​លើ​ខ្នង​គាត់​ជាមួយនឹង​កូនង៉ា​របស់​យើង​ទៅ​មន្ទីរពេទ្យ​។ មន្ទីរពេទ្យ​នោះ​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ​។​

​នា​យប់​មួយ​ដែលមាន​ព្រះ​ខែរះ​ពេញវង់ ខ្ញុំ​បាន​យល់សប្តិ​ឃើញ​កាំបិត​មួយ​បាន​បាក់​ជា​ពីរ​កំណាត់​។ វា​ហាក់ដូច​ជាមាន​ប្រផ្នូល​អាក្រក់​នឹង​កើតមានឡើង ហើយ​ខ្ញុំ​មិនអាច​ត្រឡប់​ចូលទៅ​ដេក​វិញ​ឡើយ​។ ព្រឹក​បន្ទាប់មក កម្មាភិបាល​ម្នាក់​បាន​ប្រាប់​ប្តី​ខ្ញុំ​ឲ្យ​ទៅ​ភ្ជួរស្រែ​។ ខ្ញុំ​បាន​ឲ្យ​ដែកកេះ​ដុត​បារី​មួយ​ទៅ​គាត់​ក្នុងករណី​គាត់​ត្រូវការ​វា បន្ទាប់មក​ខ្ញុំ​បានចេញ​ទៅធ្វើ​ការ​។ ខណ​:​ដែល​ខ្ញុំ​កំពុង​ស្ទូងស្រូវ កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​បាន​ចំអក​ឲ្យ​ខ្ញុំ ដោយ​និយាយថា ”​សម​មិត្ត​ក្លាយជា​ស្ត្រី​មេម៉ាយ​ក្មេង​វ័យ​ហើយ​។ ខ្ញុំ​ពិតជា​អាណិតអាសូរ​អ្នក​ណាស់​”​។ ខ្ញុំ​បាន​តប​ថា ”​សម​មិត្តឯង​ច្រឡំ​ទេ​ដឹង ប្តី​របស់ខ្ញុំ​នៅរស់​នៅឡើយ​”​។ ក្រោយមក​ខ្ញុំ​បានឃើញ​កម្មាភិបាល​នោះបាន​ប្រើ​ដែកកេះ​ដុត​បារី​របស់​ប្តី​ខ្ញុំ​។ ខ្ញុំ​បានដឹងថា ប្តី​ខ្ញុំ​នឹងមិន​មក​ផ្ទះ​ជា​រៀងរហូត​។​

​កូន​បីនាក់​របស់ខ្ញុំ​បាន​ស្លាប់​នៅក្នុង​របប​នោះ​។ កូនប្រុស​ទីមួយ​ឈ្មោះ ភ័​ក្រ បាន​សា្ល​ប់​ដោយសារ​ការអត់ឃ្លាន​នៅ​ឆ្នាំ​១៩៧៨​។ កូនស្រី​ទី​ពីរ​ឈ្មោះ ស្រស់ បាន​ស្លាប់​ដោយសារ​ជំងឺ​នៅក្នុង​ឆ្នាំ​១៩៧៥​។ កូនប្រុស​ទី​បី បាន​ស្លាប់​នៅពេល​វា​មាន​អាយុ​បាន​បី​ខែ ដោយ​ដំបៅក្លាយ អាប់​សែ ជិត​តម្រងនោម​របស់​វា​។ ប្រសិនបើ​ប្តី​ខ្ញុំ​នៅរស់ គាត់​នឹង​រកបាន​ម្ហូប​គ្រប់គ្រាន់​សម្រាប់​កូនៗ ហើយ​ពួកគេ​នឹងមិន​ស្លាប់​ឡើយ​។​

​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ជួប​មិត្ត​ខ្ញុំ​ម្នាក់ និង​បាន​ប្រាប់​នាង​ថា​ខ្ញុំ​នៅ​រង់ចាំ​ប្តី​របស់ខ្ញុំ​។ នាង​បាន​និយាយថា ខ្ញុំ​បាន​ដើរ​ជាន់​លើ​ក្បាល​ប្តី​របស់ខ្ញុំ​រាល់ពេល នៅពេលដែល​ខ្ញុំ​ដើរ​តាមផ្លូវ​កាត់​ទៅ​វាលស្រែ​ដើម្បី​ធ្វើការ​។ នាង​បាន​ព្យាយាម​ប្រាប់​ខ្ញុំ​ថា ប្តី​របស់ខ្ញុំ​បាន​ស្លាប់​ហើយ ប្រហែលជា​បាន​កប់​នៅតាម​ផ្លូវ​ដែល​ខ្ញុំ​ដើរ​ញឹកញាប់​នៅក្នុង​កំឡុង​របប​នោះ​៕ ល​