ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​នឹង​កាន់តែ​ល្អប្រសើរ​ឡើង បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​

760
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា នៅ​អាណត្តិ​ទី​៦ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និង​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ប្រកប ដោយ​គុណភាព និង​ពង្រីក​ការតភ្ជាប់​ផ្លូវ​គមនាគមន៍​ពី​ទីប្រជុំជន ទៅគ្រប់​ភូមិ​នៅតាម​តំបន់​ជនបទ និង​តំបន់​ដាច់ស្រយាល​។​

​ការអះអាង​ដូច្នេះ លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម បានធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ កាលពី​ថ្ងៃទី​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​។​

​លោក​ប្រធាន​បាន​លើកឡើងថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់​របស់​សេដ្ឋកិច្ចជាតិ គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់ច្បាស់​ពី​ចំណុច​នេះ ហើយ​យើង​សន្យា​នឹង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​បន្ថែមទៀត ជាពិសេស​ប្រព័ន្ធ​គមនាគមន៍​តាមរយៈ​ការកែលម្អ​ផ្លូវ​ជនបទ​ពី​ផ្លូវដី​ទៅជា​ផ្លូវ​ចាក់​កៅស៊ូ​ឬ​ផ្លូវ​ក្រាល​បេតុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​របស់​បងប្អូន​។​

​ក្នុងឱកាស​នោះ លោក​ប្រធាន​បាន​ថ្លែង​នូវ​សារ​នយោបាយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ខ្លឹមសារ​ផ្តោត​សំខាន់​ទៅលើ​សមិទ្ធផល​ចម្បងៗ និង​ស្នាដៃ​ដឹកនាំ​រយៈពេល​៣៩​ឆ្នាំកន្លងមក ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​ចេញពី​គំនរ​ផេះផង់ នៃ​ភ្លើងសង្គ្រាម រហូត​ទទួលបាន​សុខសន្តិភាព​មកទល់​ប​ច្ចុ​ប្បន្ន​។ ទន្ទឹមនេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ទៅ​បោះឆ្នោត​កុំ​ខាន​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​ឲ្យ បាន​គ្រប់ៗ​គ្នា​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដឹកនាំ​ប្រទេស​កាន់តែ​ឆ្ពោះទៅមុខ​បន្តទៀត​៕ ល​