ហេតុផលជម្លោះរវាងសង្ឃ២អង្គរហូតមានការចាក់សម្លាប់គ្នា នៅមណ្ឌលគិរី

113
ចែករម្លែក

ដោយៈសាតចាន់បុត្រ:មណ្ឌលគិរីៈ សង្ឃដៃឆៅ១អង្គ ដែលទំនងរងនូវពាក្យ ប្រមាថពីសង្ឃដូចគ្នាពុំបាន ក្រោយពីសង្ឃនោះចោទថាខ្លួនសេព​គ្រឿងញៀន បានផ្ទុះកំហឹង ចាក់ដោយកាំបិតសម្លាប់ក្នុងទីអារាមមួយក្នុងខេត្តមណ្ឌលគិរី បង្កភាពខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ពុទ្ធបរិស័ទ។

ស្នាមរបួស២កន្លែងដោយកាំបិតចុងស្រួចបានចាក់ទម្លុះទ្រូងផ្នែកខាងស្តាំនិងផ្នែកខាងក្រោយ ធ្លាយដល់សួតនិងពោះវៀន បណ្ដាលឲ្យព្រះសង្ឃរងគ្រោះសុគតនៅ​ពាក់កណ្តាលផ្លូវពេលបញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ព្រះសង្ឃដៃឆៅ ត្រូវពុទ្ធបរិស័ទនិងព្រះសង្ឃក្នុងវត្តចាប់ផ្សឹក​រួចបញ្ជួនឲ្យសមត្ថកិច្ច​ជំនាញភ្លាមៗផងដែរ។

ស្នងការរងនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ថ្លែងឲ្យដឹងថា ជនដៃដល់នឹងត្រូវបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្ត​មណ្ឌលគិរីក្រោយសួរនាំកងសាងសំណុំរឿងចប់រយៈពេល៤៨ម៉ោង។លោកថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីនៅចំនុចវត្តដេអេ​ស្ថិតក្នុង​ភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានករណីឃាតកម្ម ដោយចេតនាកេីតឡេីង១ ករណី ប្រព្រឹត្តឡេីងដោយ ជនសង្ស័យឈ្មេាះធឿន នី អាយុ៣៩ឆ្នាំមុខរបរព្រះសង្ឃ មានទីកន្លែងកំណេីតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ​ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ជនរងគ្រោះ​ឈ្មោះថ្លាង វុធ អាយុ២៤ឆ្នាំ​មុខរបរព្រះសង្ឃ​មានទីកន្លែងកំណេីតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។បច្ចុប្បន្នជាព្រះសង្ឃ​គង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកស្នងការរងបញ្ជាក់ថា ជនដៃដល់កាលពុំទាន់បួសធ្លាប់ប្រើប្រាស់​គ្រឿងញៀនពិតមែន តែក៏បួសជាសង្ឃនិងឈប់ប្រើប្រាស់រយៈ​ពេល២ឆ្នាំ​ទៅហើយ ហើយក្រោយតេស្តទឹកនោមក៏រកសារធាតុញៀនមិនឃើញដែរ៕/Ha