ហេតុផល​ដែល​លោកខាងលិច​មិនគួរ​បោះបង់​ប្រទេស​កម្ពុជា​

1162
ចែករម្លែក
​លោក George Yeo គឺជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​ចាប់ពី​ឆ្នាំ ១៩៩៩ ដល់ ២០០៤ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០១១

ដោយៈ George Yeo​អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​
​ ​សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប​កំពុងតែធ្វើការ​ពិចារណា​ក្នុង​ការដក​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ចេញពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​ការបោះឆ្នោត​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំមុន​។​គណបក្សកាន់អំណាច​ទ​ទួលបាន​អាសនៈ​សភា​ទាំងអស់ ពី​ព្រោះតែ​គណបក្សប្រឆាំង​មិនអាច​ដំណើការ​បាន​។ មេដឹកនាំ​បក្សប្រឆាំង​ត្រូវបាន​គេ​ដកសិទ្ធិ​ក្នុងការ​ធ្វើ​នយោបាយ ហើយ​គណបក្ស​របស់​ពួកគេ​ទៀតសោត​ត្រូវបាន​រំលាយ​។​


​តាមរយៈ​ស្តង់ដារ​របស់លោក​ខាងលិច​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​ចាត់ទុកថា​មាន​ស្តង់ដារ​ប្រជាធិបតេយ្យ​តិច ខណៈដែល​លទ្ធផល​គឺមាន​ភាពអយុត្តិធម៌​។ ទោះយ៉ាងណា​គ្មាន​ការតវ៉ា​ណាមួយ​កើតឡើង​ផងដែរ​។ ផ្ទុយទៅវិញ វា​បែ​ជាមាន​អារម្មណ៍​ធូរស្បើយ​ពី​សំណាក់​ប្រជាជន​ទៅវិញ​នៅពេលដែល​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់​។​
​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាននិងកំពុង​កើនឡើង​ជា​លំដាប់​ជា​មធ្យម ៧,៧​ភាគរយ ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេសមួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅលើ​ពិភពលោក​។ រាជធានី​ភ្នំពេញ​កាន់តែ​ដើរ​តាម​ទីក្រុង​អាស៊ី​ដ៏​ទំនើប​ដែលមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ,​អគារ​ខ្ពស់ៗ និង​ភោជនីយដ្ឋាន​ប្រណិត​ជាច្រើន​។​


​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ការ​គ្មាន​ភាពក្រីក្រ​ធ្ងន់ធ្ងរ ខណៈដែល​ករណីនេះ​ត្រូវបាន​គេ​មើលឃើញ​ញឹកញាប់​នៅតាម​ទីក្រុង​ធំៗ​នៅលើ​ពិភពលោក​។ ខេត្តសៀមរាប​ដែលមាន​បឹង​ទន្លេសាប​បាន​ជំរុញ​វិស័យ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​ទៅកាន់​ប្រាសាទអង្គរវត្ត ដែល​ទទួលបាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។ ចំណែកឯ​ក្រុងព្រះសីហនុ​ដែល​ស្ថិតនៅក្នុង​ឈូង​សមុទ្រ​ថៃ​វិញ កំពុង​តែមាន​ការរីក​លូតលាស់​ជាមួយនឹង វិស័យ​កំពង់ផែ​ក្នុងការ​បង្កើន​ចំនួន​កុងតឺន័រ​ដែល​ផ្ទុក​ទៅដោយ​សម្លៀកបំពាក់ កង់ និង​ផលិតផល​ផ្សេងៗ​ទៀត​សម្រាប់​ទីផ្សារ​ពិភពលោក​។ ការវិនិយោគ​របស់​ប្រទេស​ចិន​និង​ជប៉ុន​កំពុងតែ​ហូរ​ចូលមក ដែល​វា​ហាក់ដូចជា​មានការ​ប្រកួត​ប្រជែង​រវាង​គ្នា​និង​គ្នា​។​


​លោក George Yeo គឺជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​នៅ​ឆ្នាំ​១៩៩៩​។ នៅតាម​ដងផ្លូវ​ទៅកាន់​ប្រាសាទអង្គរវត្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ចម ប្រសិទ្ធ បានធ្វើការ​លើកឡើង​ពី​ចំណុច​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​រួច​ផុតពី​ការវាយប្រហារ​មួយ​កាលពី​ពីរ​សប្តាហ៍​មុន​។ ប្រទេស​កម្ពុជា​នៅពេលនោះ មិនមែនជា​ប្រទេស​ដែលមាន​សុវត្ថិ​ភាពខ្លាំង​នោះទេ​ខណៈដែល​អាវុធ​មាននៅ​គ្រប់​ទីកន្លែង​ទាំងអស់​។​ស្ត្រី​អ្នកគ្រប់គ្រង​សណ្ឋាគារ​ផ្នែក​ធនធានមនុស្ស​សញ្ជាតិ​សិង្ហបូរី​មួយរូប​ត្រូវ​ប្រឈមមុខ​ជាមួយនិង​បុគ្គលិក​ម្នាក់​ដែលមាន​គ្រាប់បែក​នៅក្នុង​ដៃ​។ នៅពេលនោះ​ស្ត្រី​រូបនោះ​ត្រូវ​ចំណាយ​រយៈពេល​ជាង​មួយ​ម៉ោង​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​បុគ្គលិក​ម្នាក់​នោះ​បញ្ឈប់​ការប្រើប្រាស់​គ្រាប់បែក​។​ជាច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​សួរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​អំពី​ការប៉ុនប៉ង​ឆក់យក​ជីវិត​របស់លោក​។ លោក​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា លោក​ដឹង​ច្បាស់​ថា​អ្នកណា​បញ្ជា​លើ​ករណីនេះ ប៉ុន្តែ​លោក​មិនបាន​តបត​វិញ​នោះទេ​ក៏​ព្រោះតែ​គោលបំណង​សំខាន់​របស់លោក​គឺ​ដើម្បី​ទទួលបាន​សន្តិភាព​។​


​បើ​គ្មាន​ស្ថិរភាព​នយោបាយ​នោះទេ​ប្រទេស​កម្ពុជា​មិនអាច​សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទេ​។ មាន​ប្រទេស​តិច​ណាស់​ដែល​បាន​ឆ្លងកាត់​រឿង​ដ៏​សែន​អាក្រក់​ដូចដែល​បានកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​១៩៧០ តាមរយៈ​ការគាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក ឧ​ត្ត​ម​សេនីយ៍​ឯក លន់ នល់ បាន​ដឹកនាំ​រដ្ឋប្រហារ​ប្រឆាំងនឹង​សម្តេច​សីហនុ ខណៈដែល​សហរដ្ឋអាមេរិក​យល់ថា​វា​ជា​កិច្ច​ការរារាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​កុម្មុយនីស្ត​វៀតណាម​។ បើ​គ្មាន​សកម្មភាព​ពី​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ឱ្យមាន​តុល្យភាព​ទេ​ប្រទេសមួយ​នេះ​ប្រាកដជា​រលាយ​ទៅជា​សង្គ្រាមស៊ីវិល​យ៉ាង​ឆាប់រហ័ស​បាត់ទៅហើយ​។​


​ខ្មែរក្រហម​កុ​ម្មុយ​និ​ស្ត​ប្រឆាំងនឹង​វៀតណាម​ទទួលបាន​ជ័យជំនះ​និង​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ខែមេសា​ឆ្នាំ​១៩៧៥ មុន​ពេលដែល​ទីក្រុង​ហាណូយ​ដណ្តើម​កាន់កាប់​សៃ​ហ្គ​ន​នៅ​ខែ​បន្ទាប់​។ កងកម្លាំង​សហរដ្ឋ​អាម៉េរិក​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​ខាងត្បូង​កាលពី​ពីរ​ឆ្នាំ​កន្លងទៅ​។​
​ស្ថិតនៅក្នុង​ការគ្រប់គ្រង​មនោគមន៍វិជ្ជា​ក្នុងការ​បង្កើត​សង្គម​កម្ពុជា​ឡើងវិញ ហើយ​មួយផ្នែក​ទៀត​ដោយ​ការភ័យខ្លាច​ថា​ប្រទេស​វៀតណាម​នឹងដាក់​សម្ពាធ​មកលើ​ប្រទេស​កម្ពុជា ពួក​ខ្មែរក្រហម​បាន​ជម្លៀស​ចេញពី​ភ្នំពេញ​យ៉ាង​ឆាប់រហ័ស​ហើយ​បាន​អនុវត្ត​របប​ប្រល័យពូជសាសន៍​ក្នុងសង្គម​។ ពេលនោះ​គឺជា​ឆ្នាំ​ដែល​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​កម្រិត​សូន្យ ខណៈដែល​គ្មាន​រដ្ឋមន្ត្រី មន្ត្រី មន្ត្រីជាន់ខ្ពស់​កងទ័ព មេដឹកនាំ​ជំនួញ ប្រជាជន​វណ្ណៈ​កណ្តាល មិនមាន​សមាជិកគ្រួសា​រ ហើយ​សាច់ញាតិ​ត្រូវ​រង​ទារុណកម្ម​និង​ត្រូវបាន​សម្លាប់​ក្នុងកំឡុងពេល​នោះ​។​


​រហូតមកដល់​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ទទូច​ឱ្យ​ប្រទេស​កម្ពុជា​សង​ប្រាក់កម្ចី​ចំនួន ១៥០ លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​រប​ស់លោក លន់ នល់ បាន​យកទៅ​ទិញ​ស្បៀងអាហារ​និង​អាវុធ​មុនពេល​អនុញ្ញាតឱ្យ​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ផ្តល់ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន​។​ជាគោលការណ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុខចិត្ត​លះបង់​ប្រាក់កម្ចី​ទាំងនេះ​ទៅកាន់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ប្រាក់កម្ចី​ដែល​យក​ដោយ​ជន​ក្បត់​ដែល​បាន​បំផ្លាញ​ប្រទេស​។ ជា​ការពិត​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​មាន​ទស្សនៈ​ខុសគ្នា​ខ្លាំង​។​ទោះបីជា​មានការ​សម្លាប់​ប្រជាជន​ស្ទើរតែ​ទាំងស្រុង​ដោយ​ខ្មែរក្រហម​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ក៏ដោយ​សង្គម​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​។ វា​គឺជា​ការ​ងើបឡើង​វិញ​ដែល​មិនគួរ​ឱ្យ​ជឿ ដែល​វា​ហាក់បីដូចជា​ដើមឈើ​មួយ​ដែល​នៅសល់តែ​គល់​ហើយ​បែ​ជា​រីកលូតលាស់​ជា​ពន្លក​ថ្មី​មកវិញ​។
​មូលហេតុ​គឺ​ត្រូវបាន​រកឃើញ​នៅក្នុង​ឫសគល់​នៃ​សង្គម​ខ្មែរ​។ ចក្រភព​ខ្មែរ​មាន​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​យូរលង់​ណាស់​ចាប់តាំងពី​សហវ​ត្ស​ដំបូង​មកម្ល៉េះ​។ ផ្ទៃដី​មាន​ទំហំ​ធំ​ជាង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ដែល​សព្វថ្ងៃ​លាតសន្ធឹង​ដល់​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។​


​វា​ត្រូវបាន​ផ្អែកលើ​ប្រព័ន្ធ​ស្មុគស្មាញ​នៃ​ការគ្រប់គ្រង​ទឹក​នៅក្នុង​តំបន់​ទន្លេសាប​និង​ដីសណ្តរ​ទន្លេមេគង្គ​។​បឹង​ទន្លេសាប​គឺជា​ធនធានទឹក​ដ៏​ធំ​មួយ​ដែល​លាតសន្ធឹង​នៅពេលដែល​ទន្លេមេគង្គ​ស្ថិតក្នុង​ស្ថានភាព​ទឹកជំនន់​ហើយ​រួម​តូច​ក្នុង​កំឡុង​ខែ​ដែល​រាំងស្ងួត​។ ក្រោម​លក្ខខណ្ឌ​នៃ​សន្តិភាព សណ្ឋាន​ដី​គឺមាន​សភាព​គ្រប់គ្រាន់​ដែល​អាចជួយ​ឱ្យ​អារ្យធម៌​ខ្មែរ​ដ៏​អស្ចារ្យ​មួយ​មានការ​រីកចម្រើន​។​ប្រាសាទអង្គរវត្ត​មាន​ភាពល្បីល្បាញ​។​អ្វីដែល​គេ​មិនសូវ​បានដឹង​គឺ​ការរកឃើញ​នៅ​ភ្នំ​គូលែន​ដែលជា​ទីក្រុង​មួយ​ដែលមាន​ទំហំ​ប៉ុន​ភ្នំពេញ​សព្វថ្ងៃ​។ តាមរយៈ​រូបភាព​ផ្កាយរណប​បង្ហាញថា អង្គរ​មាន​តំបន់​ទីក្រុង​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​ក្នុងអំឡុង​សតវត្ស​ទី ១១ ដល់ ១៣​។​


​អរិយធម៌​ខ្មែរ​បានផ្តល់​ឱ្យ​ប្រទេស​ថៃ​នូវ​វប្បធម៌​ដ៏​ខ្ពង់ខ្ពស់ ដែលជា​ការបង្ហាញ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញ​កំឡុងពេល​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ​មា​ហា វ៉ា​ចា​រ៉ា​ឡុងកន​( Maha Vajiralongkorn) កាលពី​ខែឧសភា នៅពេលដែល​ព្រះមហាក្សត្រ​បាន​កាន់​ដាវ​ចាស់​របស់​ខ្មែរ​ដែលជា​ផ្នែក​មួយ​នៃ​រាជវង្ស​។ នៅ​សតវត្សរ៍​ទី​១៣ អធិរាជ​ម៉ុង​ហ្គោល Yuan Dynasty បាន​បញ្ជូន​បេសកជន​ជាន់ខ្ពស់​ដែលមាន​ឈ្មោះថា ចូ​វ តាក្វាន់​(Zhou Daguan) មកកាន់​អង្គរ​។ លោក​បាន​ស្នាក់នៅ ៣​ខែ​នៅ​ទីនោះ​ហើយ​បាន​សរសេរ​រៀបរាប់​យ៉ាង​លំអិត​អំពី​ភាពរុងរឿង​របស់​អង្គរ​។​


​នេះ​គឺជា​អត្ថន័យ​នៃ​ភាព​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​ដែល​ពន្យល់​អំពី​ការកើត​ឡើងវិញ​នៃ​ប្រទេស​កម្ពុជា​។​បញ្ញវន្ត​ខ្មែរ​ដែល​បាន​រួច​ផុតពី​ឆ្នាំ​ដែល​ប្រទេសជាតិ​ត្រូវបាន​បំផ្លាញ​ហើយ​ក្លាយជា​ជនភៀសខ្លួន​នៅក្នុង​ទឹកដី​បរទេស មិនដែល​ភ្លេច​ថា​ពួកគេ​ជា​នរណា​នោះទេ ខណៈដែល​មនុស្ស​មួយចំនួន​បដិសេធ​មិន​ទទួលយក​សញ្ជាតិ​បរទេស​។​
​តាំងពី​ពេល​នោះមក​មនុស្ស​ជាច្រើន​បាន​ត្រឡប់​មកកាន់​ប្រទេស​កំណើត​វិញ​។ ព្រះរាជបុត្រ របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី​បាន​ចាកចេញ​ដោយ​ស្ទាក់ស្ទើរ​ពី​ទីក្រុង​ប៉ារីស ជា​កន្លែង​ដែល​ព្រះ​អង្គជា​អ្នករបាំ​ដ៏​សប្បាយរីករាយ ក្នុងការ​វិលត្រឡប់​ចូលមក​កាន់​ប្រទេសជាតិ​វិញ​ដើម្បី​គ្រងរាជ្យ​ជា​ព្រះមហាក្សត្រ​ក្នុង​ការស្ដារ​របបរាជានិយម​។ ដូចគ្នា​ទៅនឹង​ជនរួមជាតិ​របស់​ព្រះអង្គ​ជាច្រើន ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ទ្រង់​ជ្រាប​ពី​កាតព្វកិច្ច​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​របស់​ព្រះអង្គ​។


​គ្មាន​អ្វីដែល​ចម្លែក​នោះទេ​ដែល​ពួក​អាណានិគម​បារាំង​មាន​ការគោរព​យ៉ាងខ្លាំង​ចំពោះ​អរិយធម៌​ខ្មែរ​។ នៅឯ​សារមន្ទីរ Guimet Museum of Paris នៃ​ទីក្រុង​ប៉ារីស អរិយធម៌​ខ្មែរ​ត្រូវបាន​លើកឡើង​ជាការ​គោរព​យ៉ាង​អស្ចារ្យ​។ លោក ហ្សា​ក់កេ សេ​រ៉ា​ក់​(Jacques Chirac) អតីត​ប្រធានាធិបតី​បារាំង បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សិល្បៈ​មួយ​នេះ ហើយ​បានបង្ហាញ​ចំណេះដឹង​គួរឱ្យភ្ញាក់ផ្អើល​នៅពេលដែល​លោក​បានឃើញ​រូបចម្លាក់​ខ្មែរ​ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​ប្រទេស​សិង្ហ​បុរី នៅពេលដែល​លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​
​នៅពេលដែល​ប្រទេស​វៀតណាម​មានការ​បែងចែក ដោយមាន​ការគាំទ្រ​ពី​សហភាពសូវៀត ហើយ​បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៨ ដើម្បី​កម្ចាត់​របប​ខ្មែរក្រហម មនុស្ស​ជាច្រើន​បូករួម​ទាំង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ក្វាន់​យូ ផងដែរ​បាន​គិតថា​ប្រទេស​វៀតណាម​ដែល​គាំទ្រ​ដោយ​សូ​វៀត​នឹង​ក្លាយជា​ម្ចាស់​អាណានិគម​ថ្មី​របស់​កម្ពុជា​ដែល​ទទួលបាន​ពី​បារាំង​ឥណ្ឌូចិន​។​


​បន្ទាប់ពី​រយៈពេល ១០​ឆ្នាំ ស្ថិតក្រោម​ការសម្របសម្រួល​សម្ពាធ​ពី​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​អាស៊ាន ប្រទេស​វៀតណាម​បាន​ដកថយ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​តាមរយៈ​ការតវ៉ា​ទាមទារ​ប្រាសាទព្រះវិហារ ប្រទេស​ថៃ​និង​កម្ពុជា​បាន​ឈានដល់​សង្គ្រាម​នៅ​ឆ្នាំ​២០០៨​។​
​ក្នុង​សមរភូមិ ទាហាន​ខ្មែរក្រហម​ដ៏​ខ្លាំងក្លា​នៅ​ខាង​កម្ពុជា​អាច​នឹង​ក្លាយជា​កម្លាំង​ដែល​សំខាន់​សម្រាប់​តទល់​នឹង​កម្លាំង​ថៃ​។ តាមរយៈ​ការទទួលខុសត្រូវ​ល្អៗ​របស់​អាស៊ាន ការយល់ដឹង​និង​សន្តិភាព​ត្រូវបាន​រក្សា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បណ្ដា​ប​ស្ចឹ​ម​ប្រទេស​សម្ដែង​ការព្រួយបារម្ភ​ថា​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​ជិតស្និទ្ធ​នឹង​ប្រទេស​ចិន​ដែល​រីកលូតលាស់​ខាង​សេដ្ឋកិច្ច​។​


​នៅពេលដែល​ប្រទេស​កម្ពុជា​រារាំង​បញ្ហា​នៃ​សេចក្តីថ្លែងការណ៍​រួម​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ស្តីពី សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆ្នាំ​២០១២ និង ២០១៦ មនុស្ស​ជាច្រើន​យល់ថា​ការសម្រេចចិត្ត​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្គាប់ចិត្ត​ប្រទេស​ចិន​។​
​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​ដែល​កើតឡើង​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​របស់​ចិន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផលិតកម្ម ប្រជាជន​កម្ពុជា​នឹងមិន​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ជំនួស​ដោយ​ចិន​លើសពី​ការអនុញ្ញាតឱ្យ​មានអំណាច​ក្នុង​តំបន់​ឬ​អន្តរជាតិ​ណាមួយ​ឡើយ​។
​សហរដ្ឋ​អាម៉េរិក​មានការ​ព្រួយបារម្ភ​ថា​កំពង់ផែ​និង​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​ក្នុង​ក្រុងព្រះសីហនុ​ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​នឹង​ប្រែ​ក្លាយទៅជា​មូលដ្ឋាន​យោធា​ចិន​។ តាមរយៈ​ការស្វាគមន៍​ការត្រួតពិនិត្យ​ទីតាំង​ដោយផ្ទាល់​ពី​សហរដ្ឋ​អាម៉េរិក​នៅតាម​ទីតាំង​នានា រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ថា​វា​គ្មាន​អ្វីដែល​ត្រូវ​លាក់បាំង​ទេ​។​
​នៅពេលដែល​ទន្លេមេគង្គ​គឺជា​បន្ទាត់​បែងចែក​រវាង​ពិភពលោក​ពីរ​ក្នុងកំឡុងពេល​សង្គ្រាមត្រជាក់​ប្រទេស​កម្ពុជា​គឺជា​កន្លែង​មួយ​ដែល​ត្រូវបាន​ដណ្ដើមយក​កាន់កាប់​ដោយ​ប្រទេស​មហាអំណាច​។ ដោយហេតុថា​ស្ថានភាព​ផ្ទៃដី​ភាគច្រើន​រាបស្មើ​ពី​ទីក្រុង​ហូជីមិញ​(​វៀតណាម​)​ទៅ​ទីក្រុង​បាងកក (​ថៃ​)​រាល់​ប្រទេស​ទាំងឡាយណា​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​បាន​គំរាមកំហែង​ដល់​ប្រទេសជិតខាង​របស់ខ្លួន​។ វា​បាន​ក្លាយជា​វាលពិឃាត​ក្នុង​របប​ប្រល័យពូជសាសន៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​


​ដោយមាន​សន្តិភាព​និង​ការពង្រីក​អាស៊ាន​ក្នុងការ​រួមបញ្ចូល​តំបន់​ឥណ្ឌូចិន​ទាំងអស់ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងតែ​ទទួលបាន​អត្ថប្រយោជន៍​ពី​កំណើន​ទេសចរណ៍ ផលិតកម្ម និង​កសិកម្ម​។ ប្រទេស​នេះ​ក៏​កំពុងតែ​ក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ចូ​ន​ដែល​ត​ភ្ជាប់​ប្រទេស​វៀតណាម​ទៅ​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ទៅកាន់​សមុទ្រ​ផងដែរ​។ គ្មាន​ប្រទេស​អាស៊ាន​ណាមួយ​ចង់​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ក្លាយជា​តំបន់​ដែល​ត្រូវបាន​បែងចែក​ទៀត​ទេ​។ ជាពិសេស​ប្រទេស​កម្ពុជា​។​
​ប្រឆាំងនឹង​ស្ថានភាព​ប្រវត្តិសាស្ត្រ​នេះ វា​នឹង​ក្លាយជា​កំហុស​មួយ​ដែល​អាម៉េរិក​និង​អឺរ៉ុប​ត្រូវ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​កម្ពុជា​។ រួម​ជាមួយនិង​ប្រទេស​មហាអំណាច​ផ្សេងទៀត សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​បាន​ចូលរួមចំណែក​ក្នុងការ​ធ្លាក់ចុះ​នៃ​ប្រទេសជាតិ​ដល់​កម្រិត​សូន្យ​។ ចាប់តាំងពី​ពេលនោះ​មក សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​បានផ្តល់​ជំនួយ​នយោបាយ​និង​សេដ្ឋកិច្ច​យ៉ាងសំខាន់​ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​អាចមាន​លទ្ធភាព​ដូចដែល​យើង​បានឃើញ​សព្វថ្ងៃនេះ​។​


​ជំនួយ​របស់​សហរដ្ឋ​អាម៉េរិក​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម GSP និង​ជំនួយ​របស់​អ៊ឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​ស​ព្វា​វុ​ធ‍​»(EBA) នឹង​ត្រូវបាន​លុបចោល​នៅពេលដែល​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ ការដែល​ប្រព័ន្ធ​ទាំងនេះ​ត្រូវបាន​បញ្ចប់​មុនពេល​កំណត់ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា​និង​បណ្តាលឱ្យ​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​បាត់បង់​សុច្ឆន្ទៈ​។​
​ស្រប​ពេលដែល​សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្លួន​លើ​ការ​វិវឌ្ឍន៍​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ពួកគេ​មិនគួរ​វិនិច្ឆ័យ​ប្រទេស​ដោយ​ឈរលើ​រូបភាព​មួយចំនួន​ដែល​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ទេ​។​ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគេ​ត្រូវ​មើល​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​អ្វីដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​បន្ទា​ប់​ពី​យុទ្ធនា​ការវាយលុក​បុណ្យចូលឆ្នាំ​នៅ​វៀតណាម​ខាងត្បូង​ក្នុង​ឆ្នាំ​១៩៦៩​នៅពេលដែល​ប្រទេស​ចិន​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​វៀតណាម​ចំពោះ​ការ​លុកលុយ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៧៩ នៅពេលដែល​វៀតណាម​ដក​ខ្លួន​ចេញ​ក្នុង​ឆ្នាំ​១៩៨៩ នៅពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រួច​ផុតពី​ការធ្វើឃាត​ក្នុង​ឆ្នាំ​១៩៩៩ នៅពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ក្នុង​ឆ្នាំ ២០០៩ និង​អ្វីដែល​ប្រទេស​កម្ពុ​ជាមាន​សព្វថ្ងៃ​។​


​ទោះបីជា​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ក៏ដោយ ក្រុម​ដទៃ​ផ្សេងៗ​បាន​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក​។​
​វា​ជាការ​លើកលែងទោស​ដោយ​ផ្អែកលើ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​ស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើការ​ដែល​លោក​បាន​គ្រប់គ្រង​ក្នុង​ការមិនធ្វើ​សកម្មភាព​ប្រឆាំងនឹង​បុគ្គល​ដែលមាន​បំណង​ចង់​សម្លាប់​រូបលោក ដែល​ទីបំផុត​បានបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ ១៩៩៩ និង​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សន្តិភាព​និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។​


​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អ្វីដែល​ប្រទេស​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​២០ ឆ្នាំ​ចុងក្រោយ​បន្ទាប់ពី សង្គ្រាម​អស់​រយៈពេល​ជាច្រើន​ទសវត្ស​នេះ​គឺជា​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ទោះយ៉ាងណា​មិត្ត​ទាំងឡាយ​របស់​កម្ពុជា​គួរតែ​ចងចាំ​ថា​ប្រទេស​នេះ​នៅតែ​ស្ថិតនៅក្នុង​ដំណាក់កាល​មួយ​ដែល​ផុយស្រួយ​។ យើង​គួរតែ​ជួយ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ក្នុងទិសដៅ​ត្រឹមត្រូវ មិនមែន​ធ្វើឱ្យមាន​ដំណើការ​រីកចំរើន​កាន់តែ​មាន​ភាព​ពិបាក​នោះទេ​។ តាម​ទស្សនវិស័យ​របស់​បស្ចិម​ប្រទេស ប្រទេស​ជាច្រើន​ក្នុង​អាស៊ាន​មិនមាន​ភាពល្អ​គ្រប់គ្រាន់​ទៅនឹង​ស្តង់ដារ​បស់​ប្រទេស​ខ្លួន​នោះទេ ប៉ុន្តែ​វា​នឹង​ក្លាយជា​រឿង​ដែល​ខុស​ដើម្បី​ធ្វើឱ្យ​ប្រទេស​ទាំងនេះ​ចុះខ្សោយ​។ ជាការ​ពិតណាស់ វា​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​លោកខាងលិច​ក្នុងការ​គាំទ្រ​ដល់​អាស៊ាន​ដែល​មិនមែនជា​សម្ព័ន្ធ​ដែល​ពឹង​ផ្អែកលើ​ប្រទេស​មហាអំណាច​ជាមួយនិង​សេដ្ឋកិច្ច​រស់​រវើក​។​
កំណត់សម្គាល់ៈ​លោក George Yeo គឺជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សឹង្ហ​បុរី​ចាប់ពី​ឆ្នាំ ១៩៩៩ ដល់ ២០០៤ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០១១ ៕សរន