ហេតុផល ៥ យ៉ាង ដែល​ត្រាំ​ចង់​បណ្តេញ​អតីត​អនុប្រធាន FBI

1150
ចែករម្លែក

​លោក អ៊ែន​ឌ្រូ ម៉ាក​ខា​បេ (Andrew McCabe) បាន​លាឈប់​ពី​តំណែង​ជា​អនុប្រធាន FBI កាលពី​ខែមករា ហើយ​គ្រោង​នឹង​ចូលនិវត្តន៍​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ទី ១៨ ខែមីនា ប៉ុន្តែ​លោក ជេ​ហ្វ សេស​សិន (Jeff Sessions) អគ្គ​រដ្ឋអាជ្ញា​អាមេរិក បាន​បណ្តេញ​គាត់​ចេញ​នៅ​យប់​ថ្ងៃ​សុក្រ​ទី​១៦​មីនា គឺ​តិចជាង ២៤ ម៉ោង មុនពេល​អតីតមន្ត្រី FBI ជើងចាស់​ធ្វើការ ២០ ឆ្នាំ​រូបនេះ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពេល​ចូលនិវត្តន៍​។​

​លេខា​នាំពាក្យ​ព័ត៌មាន​របស់​សេត​វិមាន​លោកស្រី សា​រ៉ា ហាក់​កាប៊ី សាន់​ឌ័​រ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ប្រគល់​ការសម្រេចចិត្ត​បណ្តេញ​នេះ​ទៅ​លោក​សេស​សិន​។​

“​ប៉ុន្តែ​” លោកស្រី​បាន​បន្ថែមទៀតថា “​យើង​គិតថា​គេ​បានឃើញ​ជាក់ស្តែង​ថា គាត់ (​ម៉ាក​ខា​បេ​) មាន​ឥរិយាបថ​ពោរពេញ​ដោយ​បញ្ហា ហើយ​ជាទូទៅ គាត់​គឺជា​តួអង្គ​អាក្រក់​តែម្តង​”​។​

​ក្រៅពីនេះ លោក​ត្រាំ​បាន​និយាយ​ចម្អក​បន្ថែមទៀត​នៅក្នុង​ធ្វី​ត​ធឺ អំពី​ប្រាក់​សោធន​និវត្តន៍​របស់លោក​ម៉ាក​ខា​បេ និង​ស្នើឱ្យ​លោក​សេស​សិន​គួរ​ដក​គាត់​ចេញ​ឱ្យបាន​ឆាប់​កាន់តែ​ល្អ​។​

​ភស្តុតាង​មាន​ស្រាប់​ជាច្រើន​បាន​បង្ហាញថា លោក​ត្រាំ​ពិតជា​ចង់​បណ្តេញ​លោក​ម៉ាក​ខា​បេ​មែន​។ ប៉ុន្តែ​ហេតុអ្វី​ទៅ ក្រៅពី​ជេរប្រមាថ លោក​ត្រាំ​នៅ​ចាត់ទុក​គាត់​ជាស​ត្រូវ​រដ្ឋ​ដ៏​ជ្រាលជ្រៅ​ទៀត​នោះ​?

​តោះ​សូម​មើល​មូលហេតុ​ដែល​ត្រាំ​ចង់​បណ្តេញ​ម៉ាក​ខា​បេ​។​

១. ដើម្បី​ទប់ស្កាត់​ការទម្លាយ​រឿង​សម្ងាត់​នាពេល​អនាគត

​​ត្រាំ​ខិតខំ​ណាស់​ដើម្បី​ទប់ស្កាត់​កុំឱ្យ​រឿង​សម្ងាត់​បែកធ្លាយ​ដល់ដៃ​អ្នកកាសែត ប៉ុន្តែ​ទទួលបាន​ជោគជ័យ​តិចតួច​ណាស់​ក្នុងការ​ទប់ស្កាត់​រឿងនេះ​។ ការបណ្តេញ​លោក​ម៉ាក​ខា​បេ​គឺជា​យុទ្ធវិធី​ដ៏​ភ័យព្រួយ ដើម្បី​ទប់ស្កាត់​មនុស្ស​ដទៃទៀត​កុំឱ្យ​និយាយ​ទៅកាន់​អ្នកកាសែត​។

​ការិយាល័យ​ទំនួល​ខុសត្រូវ​វិជ្ជាជីវៈ​របស់ FBI លើកឡើងថា ការបណ្តេញ​លោក​ម៉ាក​ខា​បេ​គឺជា​ការដាក់ពិន័យ​ចំពោះ​ការទម្លាយ​ដំណឹង​ដល់​កាសែត Wall Street Journal កាលពី​ខែតុលា ២០១៦ ហើយ​ក្រោយមក​ក៏​នាំឱ្យ​ភ័ន្ត​ភាំង​ដល់​អ្នក​ស៊ើបអង្កេត​ផ្ទៃក្នុង អំពី​សកម្មភាព​របស់​គាត់​។

២. ផ្ញើ​សារ​ដល់​ពួក​អ្នក​រិះគន់​កុំមក​ចង់​ធ្វើជា​សត្រូវ​របស់គាត់​

​គេ​មិន​ច្បាស់​ថា​តើ​ម៉ាក​ខា​បេ​លម្អៀង​ប្រឆាំងនឹង​លោក​ត្រាំ​ឬ​អត់​ទេ ពេល​បំពេញ​កិច្ចការ​នៅ FBI​។

​ត្រាំ​បាន​ចោទថា ក្រុម​ប្រជាធិបតេយ្យ​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជា​អ្នកផ្តល់​លុយ​ដល់​យុទ្ធនាការ​បោះឆ្នោត​ព្រឹទ្ធសភា​របស់​ប្រពន្ធ​លោក​ម៉ាក​ខា​បេ ខណៈ FBI កំពុង​ស៊ើបអង្កេត​ការប្រើ​អ៊ីមែល​ឯកជន​របស់​លោកស្រី​គ្លី​ន​តុ​ន​។​

​បញ្ហា​ត្រង់ចំណុច​នេះ​គឺថា លោក​ម៉ាក​ខា​បេ​មិនមែនជា​អ្នកទទួលបន្ទុក​ស៊ើបអង្កេត​អ៊ីមែល​របស់លោក​ស្រី​គ្លី​ន​តុ​ន​ទេ នៅ​គ្រា​ដែល​ប្រពន្ធ​គាត់​កំពុង​ធ្វើ​យុទ្ធនាការ​ព្រឹទ្ធសភា​។ គាត់​ក៏​មិនទាន់​ក្លាយជា​អនុប្រធាន FBI ដែរ​រហូតដល់​ឆ្នាំ ២០១៦ ហើយ​ក្រោយមក​ក៏​បន្តការងារ​ស៊ើបអង្កេត​អ៊ីមែល​របស់លោក​ស្រី​គ្លី​ន​តុ​ន​។

​ពេល​គេ​ផ្តល់​លុយ​ធ្វើ​យុទ្ធនាការ​ព្រឹទ្ធសភា​ឆ្នាំ ២០១៥ លោក​ម៉ាក​ខា​បេ​មិនទាន់​មានតម្លៃ​អ្វី​ត្រូវ​គាំទ្រ​ទេ ដូច្នេះ​វា​មិន​ទំនង​ឡើយ​ដែលថា​លុយ​នោះ​ជាការ​ស៊ូ​ក​ប៉ាន់​។​

​ទោះ​ត្រាំ​វាយប្រហារ​លើ​លោក​ម៉ាក​ខា​បេ​ទាំង​អយុត្តិធម៌​យ៉ាងណាក៏ដោយ ក៏​គេ​អាច​មើលឃើញថា ការបណ្តេញ​លោក​ម៉ាក​ខា​បេ​ជាការ​ព្រមាន​ដល់​អ្នកដទៃ កុំឱ្យ​ធ្វើ​សត្រូវ​ជាមួយ​ត្រាំ បើ​មិន​ចង់ឱ្យ​គាត់​តាម​ធ្វើ​ស៊ី​វិញ​នោះ​។

៣. សំញែង​អំណាច​ឱ្យ​លោក​សេស​សិន​បានឃើញ​

​ទោះបី​ត្រាំ​ទុកឱ្យ​លោក​សេស​សិន​សម្រេច​ជោគវាសនា​របស់លោក​ម៉ាក​ខា​បេ ប៉ុន្តែ​គេ​មិន​ពិបាក​យល់​ឡើយ​អំពី​បំណង​របស់​ត្រាំ​។ គាត់​មិនដែល​ស្តាប់​អគ្គ​រដ្ឋអាជ្ញា (​សេស​សិន​) របស់គាត់​ឡើយ ពេល​និយាយ​មិនត្រូវ​គ្នា​។

​ការបោះ​ដាវអាជ្ញា​សឹក​ឱ្យ​លោក​សេស​សិន​ចាត់ការ​រឿង​លោក​ម៉ាក​ខា​បេ ជា​សញ្ញា​បង្ហាញថា ការ​សម្លុត​គំរាម​របស់លោក​ត្រាំ​ពិត​ជាមាន​ប្រសិទ្ធភាព​មែន និង​ទំនង​ធ្វើឱ្យ​លោក​សេស​សិន​ធ្វើ​អ្វីៗ​តាមតែ​ខ្សែ​ញាក់​របស់លោក​ត្រាំ​ប៉ុណ្ណោះ​។

៤. ដើម្បីឱ្យ​ការស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​បរាជ័យ​

​លោក​ម៉ាក​ខា​បេ​ធ្លាប់​ធ្វើជា​ប្រធានស្តីទី FBI អំឡុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការស៊ើបអង្កេត​របស់​ទីប្រឹក្សា​ពិសេស លោក រ៉ូបឺត មូ​ល័​រ អំពី​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត ២០១៦​។ អំឡុង​ពេលនោះ លោក​មូ​ល័​រ​បាន​ដកតំណែង​ភ្នាក់ងារ FBI លោក ភី​ត​ធឺ ស្ត្រូ​ក ដែល​ហ៊ាន​ផ្ញើ​សារ​រិះគន់​ត្រាំ​។

​លោក​ត្រាំ រួមទាំង​សមាជិក​បក្ស​សាធារណរដ្ឋ លោក សិន រ៉ុ​ន ច​ន​សុន បាន​យក​ឱកាស​នោះ​វាយបក​វិញ​ដោយ​ចោទថា FBI កំពុង​សមគំនិត​គ្នា​ធ្វើបាប​គាត់ ជាហេតុ​ធ្វើឱ្យប៉ះពាល់​កិត្តិយស​យ៉ាងខ្លាំង​ដល់​ការស៊ើបអង្កេត​របស់លោក​មូ​ល័​រ​។

​ហើយ​មួយវិញទៀត ករណី​អ៊ីមែល​របស់លោក​ស្រី​គ្លី​ន​តុ​ន ក៏​លែងមាន​អ្នក​អើពើ ជាហេតុ​នាំ​ឱ្យគេ​កាន់តែ​គិតថា FBI លម្អៀង​ខ្លាំង ដូច្នេះ​ការបណ្តេញ​លោក​ម៉ាក​ខា​បេ កាន់តែ​ធ្វើឱ្យ​កិត្តិនាម​ស្នាដៃ​ស៊ើបអង្កេត​របស់លោក​មូ​ល័​រ​កាន់តែ​អាក្រក់​។

៥. ដើម្បី​ឱ្យគេ​មើលឃើញថា​គាត់​ជា​អ្នកគាំទ្រ​ដល់​ប្រជាជន​វណ្ណៈ​កម្មករ​

​អំឡុង​ការបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Fox & Friends កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីប្រឹក្សា​ប្រធានាធិបតី​ត្រាំ លោក ខេ​ល​លី​យ៉ា​ណេ ខុន​វ៉េ និយាយថា ត្រាំ នៅ​រដ្ឋ​មី​ស​សួ​រី មួយថ្ងៃ​មុននេះ បាន​ជួប “​បុគ្គលិក​ហាង​កាហ្វេ​ពោរពេញ​ដោយ​ទឹកភ្នែក​ម្នាក់​…​ដែល​និយាយ អរគុណ (​ត្រាំ​) ចំពោះ​ការកាត់បន្ថយ​ពន្ធ​ខ្ញុំ​”​។

​ហើយ​មានការ​អះអាងថា ការបណ្តេញ​លោក​ម៉ាក​ខា​បេ គឺជា​វិធី​មួយ​ដើម្បីឱ្យ​ត្រាំ​មើលទៅ​ជា​អ្នកគាំទ្រ​ដល់​អ្នកបោះឆ្នោត​វណ្ណៈ​កម្មករ​៕ ដោយ៖ កញ្ញាដាលីស

លោក អ៊ែន​ឌ្រូ ម៉ាក​ខា​បេ និង លោក​ត្រាំ
#