ហេតុអ្វី​ជនជាតិ​ចិន​ត្រូវ​រង់ចាំ​ដល់​មួយឆ្នាំ​ទើប​ហ៊ាន​ដក​ជើងធូប​?

896
ចែករម្លែក
  • 512
    Shares

ដោយៈ​មេសា​/​ភ្នំពេញៈ​ចំពោះ​ប្រពៃណី​ជនជាតិ​ចិន​ប្រសិនបើ​ពុំមាន​ករណី​ពិសេស ឬ ចាំបាច់​ទេនោះ ” ការដក​ជើងធូប​ត្រូវធ្វើឡើង​ក្នុង​មួយឆ្នាំ​មានតែ​ម្តង​ប៉ុណ្ណោះ “​។​ការដក​ជើងធូប​នេះ​ទៀតសោត ក៏ត្រូវ​ធ្វើឡើង​ដោយមាន​ការ​សែនព្រេន​ត្រឹមត្រូវ​។​បើ​ហ៊ាន​បំពាន​ទម្លាប់​នេះ ខ្លាច​ដាក់​រាសី ឬ មាន​គ្រោះកាច​។​ប៉ុន្តែ​ពុំ​សូវ​មាន​អ្នកណា​ចេះ​បកស្រាយ​ថា​ហេតុអ្វី​ឡើយ គឺ​គេ​គ្រាន់តែ​ធ្វើតាម​ទម្លាប់ ។​

​សែន​ដក​ជើងធូប​ចំពោះ​ជំនឿ​ប្រពៃណី​ជនជាតិ​ចិន​(​និង​ជនជាតិ​វៀតណាម​)​កំប៉ុង​ជើងធូប​នីមួយៗ​សុទ្ធ​តែមាន​ម្ចាស់ ដូចជា​កុង ម៉ា ជំនាងផ្ទះ និង​ទេវតា​ឆ្នាំ​ថ្មី​ជាដើម​។​ការដក​ជើងធូប​ចេញពី​កំប៉ុង​នោះៗ គេ​ត្រូវ​រង់ចាំ​គម្រប់​មួយឆ្នាំ​ទើប​គេ​ហ៊ាន​ដកចេញ​។​មុននឹង​ដក​ជើងធូប​នោះ​ចេញ​គេ​ត្រូវធ្វើ​ពិធីសែនព្រេន​តាម​ការគួ​រ ហើយ​ប្រជាជន​វៀតណាម​ធ្វើ​នៅ​ថ្ងៃទី ២៣ ។

ចំណែក​ជនជាតិ​ចិន ធ្វើ​នៅ​ថ្ងៃទី ២៤ និង ២៥​ខែ​១២​នៃ​ប្រតិទិន​ប្រពៃណី​ចិន​។​គេ​អាចធ្វើ​នៅ​ថ្ងៃ​ណាមួយ​ក៏បាន​ក្នុងអំឡុង​រយៈពេល​ប្រមាណ​ជាមួយ​សប្តាហ៍​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ពួកគេ ( ដែល​ឆ្នាំ ២០១៩ នេះ ថ្ងៃ​ចូលឆ្នាំ ចិន ខែ​នៅ​ថ្ងៃទី ៥ ទី ៦ និង ទី ៧ កុម្ភៈ ចំណែក​ថ្ងៃទី ៤ ខែ កុម្ភៈ គឺជា​ថ្ងៃ​សែន ) ។​

​តាម​ជំនឿ​ប្រពៃណី​ជនជាតិ​ចិន ការ​សែន​ដក​ជើងធូប គឺជា​ពិធី ដឹងគុណ អរគុណ និង ជូន​ដំណើរ​កុងម៉ា និង ទេវតា​ឆ្នាំ​ចាស់​ដែល​បាន​ថែរក្សា​ការពារ​ចម្រុងចម្រើន​ពួកគេ​អស់​រយៈកាល​មួយឆ្នាំ​មកនេះ ឱ្យ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ ( ដូច្នេះ​ទើប​នៅក្នុង​ប្រតិទិន​ខ្លះ​ដាក់ថា ទេវតា​ឡើងឋានសួគ៌​) ។​

​បន្ទាប់ពី​ពួក​កុងម៉ា និង ទេវតា ដែលជា​ម្ចាស់​កំប៉ុង​ជើងធូប​ទាំងនោះ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ បានសេចក្តីថា កំប៉ុង​ជើងធូប​ទាំងនោះ​នៅ​ទំនេរ ពុំមាន​ម្ចាស់​ឡើយ​រហូតដល់​កុងម៉ា និង ទេវតា​ឆ្នាំ​ថ្មី​ចូលមក​ជំនួស​។​អំឡុងពេល​ពុំមាន​ស​ម្ចាស់​នេះឯង​ហើយ​ជា​ពេលដែល​ម្ចាស់ផ្ទះ​ដក​ជើងធូប​ចេញពី​កំប៉ុង និង យក​កំប៉ុង​ជើងធូប​ទៅ​លាង​សម្អាត​សម្រាប់​រៀបចំ​ទទួល​ទេវតា និង កុងម៉ា ឆ្នាំ​ថ្មី​។​

​ដូច្នេះ​ពាក្យ​ថា “ សែន​ដក​ជើងធូប “ បានសេចក្តីថា “ សែន​អរគុណ និង ជូន​ដំណើរ​កុងម៉ា និង ទេវតា​ឱ្យ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ​ហើយក៏​ដក​ជើងធូប​ចេញពី​កំប៉ុង​ជើងធូប​យក​កំប៉ុង​ជើងធូប​ទៅ​លាង​សម្អាត “ ។​ហេតុអ្វី​មិន​ហ៊ាន​ដក​មុន​មុនពេល​គម្រប់​មួយឆ្នាំ ឬ មុនពេល​ថ្ងៃ​សែន​ដក​ជើងធូប​ចូលមក​ដល់ ប្រជាជន​ចិន មិន​ហ៊ាន​ដក​ជើងធូប​ចេញពី​កំប៉ុង​ជើងធូប​ឡើយ​។ សូម្បីតែ​កំប៉ុង​ជើងធូប ក៏​មិន​ហ៊ាន​ប៉ះពាល់​ផង ដោយ​ហ៊ាន​ត្រឹមតែ​ប៉ះពាល់ ឬ សម្អាត​ធូលី​ផេះ​តិចតួច​ប៉ុណ្ណោះ​។​

​នៅពេល​សួរថា ហេតុអ្វី​បានជា​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​សែន​ដក​ជើងធូប គឺ​រយៈពេល​មួយឆ្នាំ ទើប​ហ៊ាន​ដក​ជើងធូប​ចេញពី​កំប៉ុង នោះ ពុំ​សូវ​មាន​ជនជាតិ​ចិន ណា​បកស្រាយ ឱ្យបាន​ច្បាស់លាស់​ឡើយ ដោយ​ពួកគេ​ភាគច្រើន​ឆ្លើយ​ប្រហាក់ប្រហែលគ្នា​ថា “ វា​ជា​ទម្លាប់ ! ធ្វើតាម​អ្វីដែល​ធ្លាប់​ឃើញ​ចាស់ៗ​ធ្វើ​តៗ​គ្នា​មក , បើ​ហ៊ាន​ដក​ជើងធូប​ចេញពី​កំប៉ុង ឬ រុះរើ​កំប៉ុង​ជើងធូប ខ្លាច​ដាក់​រាសី ជួប​គ្រោះកាច​ចង្រៃ ….” ។​

​ទោះយ៉ាងណា ព្រឹទ្ធាចារ្យ សុខ មាន ជា​អ្នក​ស្នង​រូប​លោកតា គង់ ផេង តាំងពី​កុមារ​មក បាន​ពន្យល់ថា ” កុងម៉ា​និង​ទេវតា​ដែលជា​ម្ចាស់​កំប៉ុង​ជើងធូប​មិន​ចង់​និង​មិន​ចូលចិត្ត​ឱ្យ​អ្នកណា​ប៉ះពាល់​កំប៉ុង​ជើងធូប​របស់​ពួកគាត់​ទេ។ ដោយ​ពួកគាត់​ចាត់ទុក​ការប៉ះពាល់​នោះ​ថា ជាការ​រំខាន​ភាព​ស្ងប់​សុខ​របស់​ពួកគាត់ ឬ ជាការ​មិន​គោរព​ចំពោះ​ពួកគាត់ គឺ​ប្រៀបដូចជា​មនុស្ស​ចាស់ៗ ​មិន​ចូលចិត្ត​ឱ្យ​ក្មេង​ទៅ​ឆាឆៅ​អុកឡុក​រំខាន​ពួកគាត់​ដូច្នោះ​ដែរ ។​បើ​មាន​អ្នក​ប៉ះពាល់​កំប៉ុង​ជើងធូប ដែលជា​ការរំខាន​ដល់​កុងម៉ា​និង​ទេវតា​នោះ​អ្នក​ទាំងនោះ​មិន​សប្បាយចិត្ត​អាច​នឹង​បង្ក​គ្រោះ​មិនល្អ​ដល់​ម្ចាស់ផ្ទះ ឬ មិន​ជួយ​ការពារ​ចម្រុងចម្រើន ” ។

ទោះ​យ៉ាងនេះ​ក្តី លោក​ព្រឹទ្ធាចារ្យ សុខ មាន បានឱ្យដឹងថា​ក៏មាន​ករណី​ពិសេស​ឬ​ចាំបាច់​ខ្លះ​ដែល​គេ​អាច​ប៉ះពាល់​ឬ​ដក​ជើងធូប​បាន​ដូចជា​ករណី​មាន​ជើងធូប​ច្រើនពេក ដែល​អាច​ប្រឈម​នឹង​អគ្គិភ័យ ឬ ត្រូវ​រើ​ផ្ទះ​ជាដើម ។

​ប៉ុន្តែ​មុននឹង​ដក គេ​ត្រូវធ្វើ​ពិធីសែនព្រេន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​សុំ​អនុញ្ញាត​ពី​កុងម៉ា និង ទេវតា ហើយ​ការធ្វើ​ពិធី​ដក​ជើងធូប​មុនពេល​កំណត់​នេះ ធ្វើ​បានតែ​នៅ​ថ្ងៃទី ១៣ ប៉ុណ្ណោះ ទោះជា​ខែ​មួយណា​ក៏បាន ។​

លោក​ព្រឹទ្ធាចារ្យ សុខ មាន ក៏បាន​ប្រាប់​ពី​របៀប​ធ្វើ​បន្លាស់​ទី​កំប៉ុង​ជើងធូប​ថា ត្រូវ​កាន់ ហើយ​លើកឡើង​ឱ្យ​ផុតពី​ទី​ដែល​បាន​តម្កល់ ប៉ុន្តែ​ចូរ​កុំ​អូស​កំប៉ុង​នោះឡើយ ទើប​ជាការ​លើករាសី​ដល់​ម្ចាស់ផ្ទះ ហើយ​កុងម៉ា ឬ ទេវតា​ក៏​នឹងមិន​ខឹងសម្បា​ផង ។​
​ ​
​ប្រពៃណី ជា​អ្វីដែល​គេ​គប្បី​ថែរក្សា ប៉ុន្តែ​សុវត្ថិភាព​ក៏​ជា​អ្វីដែល​គេ​មិន​ធ្វេសប្រហែស​ដែរ ដ្បិត​គេ​បានដឹង​ឮជា​ហូរ​ហែម​កថា អគ្គិភ័យ​កើត​ពី​កំប៉ុង​ជើងធូប​ក៏​ច្រើន​ករណី​ណាស់ដែរ ៕S/

-​ចំណងជើង​រូបៈ កំប៉ុង​ជើងធូប​ខ្លះ​នៅ​សំពីងសំពោង​ដោយសារ​ម្ចាស់​មិន​ហ៊ាន​ដក​មុនពេល​កំណត់ (​កំប៉ុង​ជើងធូប​)-​រូបៈ មេសា​-
​អគ្គិភ័យ​ដែល​កើត​ពី​ការអុជ​ធូប​ជូន​កុងម៉ា គប្បី ប្រុងប្រយ័ត្ន (​អគ្គិភ័យ​, អ​គិ្គ​ភ័យ ២)-​រូបៈ ឯកសារ​