ហេតុអ្វី​ទើប​រាប់បាត្រ​នៅក្នុងពេល​រដូវ​បុណ្យ​ភ្ជុំ​

2692
ចែករម្លែក
  • 6
    Shares

​ដោយៈ មេសា​/ភ្នំពេញៈ នៅតាម​ទីវ​ត្ត​អារាម​ជាច្រើន នាឱកាស​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ (​តទៅ​សូម​ហៅ​ដោយ​សេរ​សង្ខេប​ថា បុណ្យ​ភ្ជុំ ) បាត្រ ត្រូវ​បានដាក់​តម្រៀប​ជា​ជួរ​នៅលើ តុ ឬ គ្រែ ដែលមាន​ក្រាល​ទ្រាប់​ដោយ​ក្រណាត់​យ៉ាង​ស្អាត ។ ពុទ្ធបរិស័ទ​ដែល​ទៅ​បុណ្យ​ភ្ជុំ ក៏​នាំគ្នា​យក​បាយ​ទៅ​ដាក់​ក្នុង​បាត្រ​ទាំងនោះ បាត្រ​មួយ​បាយ​បន្តិចៗ រហូត​គ្រប់​បាត្រ ដែល​ហៅថា រាប់បាត្រ ។​

​ពេលខ្លះ​ការ​រាប់បាត្រ​មាន​សណ្តាប់ធ្នាប់​គ្រាន់បើ ប៉ុន្តែ​ពេលខ្លះ​វិញ​នោះ ឃើញ​បាយ​ពេញ​ហៀ​លើស​មាត់​បាត្រ កំពប់​ធ្លាក់​លើ​កម្រាល​រហូតដល់​ដី​ចោល​អសារ​បង់ បង្ហាញ​នូវ​ភាព​ខ្ជះខ្ជាយ ឥត​ស្តាយស្រណោះ គួរឱ្យ​ទើស​ទាស់ភ្នែក​ពេក​ណាស់​គឺ​មិន​សមជា​ទង្វើ​ដែល​គួរឱ្យ​កើតមាន​នៅក្នុង​សង្គម​ពុទ្ធសាសនា​ឡើយ ។


​តាមពិតទៅ​បាយ​ទាំងនោះ គង់តែ​ត្រូវ​ចាក់​ផ្ទេរ​ចេញពី​បាត្រ​ទាំងនោះ ឬ យក​ទាំង​បាត្រ​ទាំងនោះ​ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ដដែល ។ ដូច្នេះ​អ្នក​ដែល​មិន​ចង់ឃើញ​ទិដ្ឋភាព​រាប់បាត្រ​ដ៏​គួរឱ្យ​រង្កៀស​ចិត្ត​ដូចដែល​លើកឡើង​ខាងលើ​បាន​បង្កើតជា​សំណួរ​ថា “ ហេតុអ្វី​បានជា​ចាំបាច់​យក​បាយ​ទៅ​រាប់បាត្រ ម្ត៉េ​ច​មិន​យកទៅ​ប្រគេន​ព្រះសង្ឃ​តែម្តងទៅ ? “ ឬ ថា “ បើ​មិនបាច់​រាប់បាត្រ គឺ​យក​បាយ​ទៅ​ប្រគេន​ព្រះសង្ឃ​តែម្តង តើ​បាន​ដែរឬទេ ? “ ។

ព្រះ​ភិក្ខុ សាន ភា​រ៉េត ( ​រូបៈ មេសា​ )


​ធម្ម​ក​ឋិ​ក​ដ៏​មាន​កិត្តិនាម​ព្រះ​ភិក្ខុ សាន ភា​រ៉េត គង់នៅ​វត្ត​បទុម​វ​តី​រា​ជរា​រាម បាន​ឆ្លើយ​ដោយ​ខ្លី​ថា “ មិនបាច់​យក​បាយ​ទៅ​រាប់បាត្រ គឺ​យក​បាយ​ទៅ​ប្រគេន​ព្រះសង្ឃ​ដោយ​ត្រង់​តែម្តង​ក៏​មិនទាន់​ខុស​អ្វី​ដែរ ។ ការ​រាប់បាត្រ​នាឱកាស​បុណ្យ​ភ្ជុំ​នេះ ក៏​មិនមែនជា​ករណី​ចាំបាច់​ដាច់ខាត​អ្វី​ដែរ ។ ដោយហេតុនេះ​ទើប​នៅតាម​វត្ត​ខ្លះ គេ​មិន​រាប់បាត្រ​ផង “ ។​

​ព្រះមហា​សមណៈ អង្គ​នេះ​បាន​ពន្យល់​អំពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​រាប់បាត្រ​នាពេល​បុណ្យ​ភ្ជុំ​នេះ​ថា ដោយសារ​ឥ​ទ្ធ​ពល នៃ ព្រះ​សូត្រ​មួយ​ដែល​ព្រះពុទ្ធ​សម្ដែង​ថា “ បុគ្គល​គប្បី​ឱ្យនូវ​ភោជន ដ៏​ពេញ​នូវ​ភាជន៍​មួយ​ពាន់ ក៏​មិនបាន​ស្មើនឹង​ភោជន​មួយ​បាត្រ​ដែល​គេ​បានឱ្យ​ហើយ​ដល់​ព្រះ​សារីបុត្ត ដែល​គុណ​ប្រមាណ​មិនបាន ។ ដោយហេតុ​នោះ មាតាបិតា​រមែង​រួច​ចាក​ទី​ដ៏​ថោកទាប​ដោយ​អនុភាព នៃ បាយ​ដែល​ពេញ​ក្នុង​បាត្រ “ ។​

​ព្រះ​ភិក្ខុ សាន ភា​រ៉េត បាន​ពន្យល់ថា តាមពិត​ដែលថា បាយ​ក្នុង​បាត្រ​នៅពេលនេះ សំដៅ​ដល់​អាហារ​ដែល​គេ​ប្រគេន​ដល់​សង្ឃ គឺ​មិនមែន​ទាល់តែ​បាយ​យកទៅ​រាប់បាត្រ ទេ ។​

​ព្រះ​ភិក្ខុ សាន ភា​រ៉េត មិន​ជំទាស់​នឹង​ការ​រាប់បាត្រ​នា​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​ទេ ប៉ុន្តែ​ព្រះអង្គ​បានផ្តល់​អនុសាសន៍​ថា វត្ត​អារាម​ដែល​រៀបចំ​ឱ្យ​មានការ​រាប់បាត្រ ត្រូវតែ​ចាត់ចែង​ក្រុមការងារ​ឱ្យ​ចាំ​ផ្ទេរ​បាយ​ចេញពី​បាត្រ កុំឱ្យ​ហៀ​លើសពី​កណ្តាប់​មាត់​បាត្រ ហើយក៏​ត្រូវ​ចាំ​បោសសម្អាត​គ្រាប់​បាយ​តិចតួច​ដែល​ជ្រុះ ឬ ប្រឡាក់​ដោយ​អ​ចេតនា​ផងដែរ គឺ​ធ្វើយ៉ាងណា​ឱ្យ​ការ​រាប់បាត្រ​មាន​សភាព​គួរឱ្យ​ជ្រះថ្លា ៕ Kh

ការ​រាប់បាត្រ​អំឡុង​បុណ្យ​ភ្ជុំ បើ​មិនបាន​យកចិត្តទុកដាក់​ចាត់ចែង​ឱ្យ​បានល្អ​ទេនោះ នាំឱ្យ​អ្នកដទៃ​មាក់ងាយ​ពុទ្ធសាសនិក (​​ ​រូបៈ ឯកសារ​ )