ហេតុអ្វី​បានជា​ខែមីនា ត្រូវ​អាន​ថា មីណា ?

1217
ចែករម្លែក
  • 5
    Shares

ដោយ: មេសា /ភ្នំពេញ​៖ នៅពេល​សាកល្បង​សួរទៅ​សិស្ស​វិទ្យាល័យ និស្សិត​មហាវិទ្យាល័យ គ្រូបង្រៀន មន្ត្រីរាជការ បុគ្គលិក​បម្រើការតាម​ស្ថាប័នឯកជន ជាពិសេស​ពិធីករ ពិធី​ការិនីតាម​ទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ​ជាដើម អំពី​ការអាន​ខែមីនា ដែលជា​ខែ​ទី​៣​នៃ​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ននេះ យើង​នឹង​បាន​ចម្លើយ​ប្រហាក់ប្រហែលគ្នា គឺ​ពួកគេ​ភាគច្រើនបំផុត​អាន​ថា​មិនា ឬ មិណា ។​

​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បរិ​យា​ថា ដើមឡើយ គេ​ហៅថា​ខែ “ មីន​” លុះ​ក្រោយមកទើប​ហៅថា​ខែ “​មីនា​” ។ វចនានុក្រម​ដដែល​នេះ បាន​ពន្យល់ថា តាម​សំឡេង​អក្សរ​ខ្មែរ ត្រូវ​អាន​ថា “ មីនា ” គឺ​មី – នា​។ ប៉ុន្តែ​ទម្លាប់​ទាញ​ឲ្យ​អាន​ថា “ មីណា ” ពាក្យ​នេះ ក៏បាន​ក្លាយទៅជា​អញ្ញត្រសព្ទ គឺ​ពាក្យ​ដែលមាន​លក្ខណៈ​ដោយឡែក​។ ដូច្នេះ​បើតាម​ត្រឹមត្រូវ គឺ​ត្រូវ​អាន​ថា មីណា ដូច្នេះ​ទៅវិញ​។​

​ពាក្យ​ថា មីនា គឺជា​ភាសាបាលី មកពី​ពាក្យ​ថា “ មីន ” (​ប្រែជា​ភាសា​ខ្មែរ​ថា​ត្រី​ឬ​មច្ឆា​) ដែល​តាម​សូរសៀង​ភាសាបាលី​ថា “ មីណៈ ” មិនមែន “ មីនៈ​”​ទេ ព្រោះ​ក្នុង​ភាសាបាលី គ្មាន​សំឡេង​អ៊ៈ​ទេ មានតែ​សំឡេង​អៈ​។​

​ប៉ុន្តែ​ដើមឡើយ ខ្មែរ​មិនទាន់មាន​អក្សរ “ ណ ” នៅឡើយ ទើប​បុរាណ​ខ្មែរប្រើ​អក្សរ “ ន ” ដែលមាន​សូរសំឡេង​ជ្រលិះៗ​នឹង​សំឡេង “ ណ ” ជា​ជំនួស​វិញ ទើប​ពាក្យ​ថា នេះ​ត្រូវបាន​សរសេរ មាន​រូបរាង​ជា “ មីន ”​។​

​ទោះជា​ពាក្យ​នេះ ត្រូវបាន​សរសេរថា មីន​ក្តី ក៏​នៅតែ​ត្រូវ​អាន​ថា មីណៈ​ដដែល ​គឺ​ដើម្បីឱ្យ​ត្រូវ​តាមសូរសៀង​ដើមនៃ​ភាសាបាលី ។ រីឯ​មូលហេតុដែល​ត្រូវ​សរសេរថា មីន​នោះ មកពី​កាលណោះខ្មែរ​យើង​មិនទាន់មាន​អក្សរ “ ណ ”​។ ពាក្យ​ជាច្រើនក៏ត្រូវ​បាន​ប្រើ​អក្សរ ” ន ” ជា​ជំនួស​ដូចគ្នា នេះដែរ ។​

​ពេលវេលាបាន​កន្លងផុតទៅជាច្រើន​រយ​ឆ្នាំ ខ្មែរ​បង្កើតបាន​អក្សរ “ ណ ” មួយទៀត​សម្រាប់ប្រើប្រាស់ ហើយ​ពាក្យពេចន៍​មួយចំនួនដែល​ធ្លាប់​សរសេរ​ជា​អក្សរ “ ន ” ក៏ត្រូវ​បានកែតម្រូវ​ទៅសរសេរ​ជា​អក្សរ “ ណ ” តាម​ខ្លឹមសារ​ជាក់ស្តែង​នៃ​ពាក្យ​នោះៗ​។​

​ប៉ុន្តែ​ការកែប្រែ​នេះ មិនមែន​ធ្វើឡើង​បាន​ចប់សព្វគ្រប់ត្រឹមតែ​រយៈពេល​ខ្លី​ឡើយ ​គឺ​ត្រូវការ​ពេលវេលាយូរ​ឆ្នាំសម្រាប់​កែតម្រូវ​ជា​បន្តបន្ទាប់ ដែល​ប្រការនេះបានសេចក្តីថា នៅមាន​ពាក្យ​មួយចំនួនដែល​ត្រូវ​សរសេរ​ជា​អក្សរ “ ណ ” នោះ នៅ​មិនទាន់​បានកែតម្រូវ​រួចរាល់​ចប់សព្វគ្រប់​នៅឡើយ គឺ​នៅ​សរសេរ​ជា​អក្សរ “ ន ” នៅឡើយ ដូចជា​ពាក្យ​ថា មីន នេះ​ជាដើម​។

​នៅក្នុង​ភាសាបាលី នាមសព្ទ​មួយចំនួនដែល​បញ្ចប់​ដោយ​សំឡេង អៈ នៅពេល​ត្រូវ​ការធ្វើ​ឱ្យទៅជា​ពហុវចនៈ​នោះ ត្រូវ​ប្តូរ​សំឡេង អៈ ឱ្យទៅជា អា ។ ដូច្នេះ​ពាក្យ​ថា មីន (​មីណៈ = ត្រី​១) ទៅជា​មីនា (​មីណា​= ត្រី​ ចាប់ពី ២ ឡើងទៅ ) ៕ Ha

តាម​វចនានុក្រម​សម្តេច​ជួន​ណាត​ខែមីនា​ត្រូវ​បញ្ចេញ​សំឡេង​អាន​ថា​មីណា ហើយ​ត្រូវ​សរសេរថា មីនា មិនមែន មិនា ទេ
#