ហេតុអ្វី​បានជា​ចិន​ព្រួយបារម្ភ​ខ្លាំង​ម្ល៉េះ​អំពី​ការលក់​សព្វាវុធ​អាម៉េរិក​អោយ​តៃវ៉ាន់​

1441
ចែករម្លែក

​ចិន​កំពុង​ប្រវេប្រវា​ទប់ស្កាត់ បន្ទាប់​ពី​អាម៉េរិក​បាន​អះអាង​អំពី​ការលក់​អាវុធ​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅអោយ​កោះ​តៃវ៉ាន់ ដែល​បង្ក​ការព្រួយបារម្ភ​ក្នុង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ខ្លាចក្រែង​មាន​សត្រូវ​មាន​កំលាំង​តតាំង​នៅជាប់​មាត់ទ្វា​ររ​បស់​ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ទាមទារ​អោយ​អាម៉េរិក​បញ្ឈប់​ជាបន្ទាន់​ការលក់​អាវុធ​តំលៃ​២,២​ពាន់​លាន​ទៅអោយ​កោះ​តៃវ៉ាន់ ដែល​វា​រួម​មាន​កាំជ្រួច​ប្រឆាំង​យន្តហោះ​និង​រថក្រោះ​។​​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​អនុម័ត​កាលពី​ខែ​មុន នឹង​ជា​ការលក់​សព្វាវុធ​សំខាន់​បំផុត​ពី​អាម៉េរិក​ទៅ​អោយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​ចាប់តាំងពី​ចិន​និង​តៃវ៉ាន់​ត្រូវបាន​បំបែក​​ចេញ​ពី​គ្នា​ក្រោយ​សង្គ្រាម​ស៊ីវិល​មួយ​។​

​វា​ក៏​បាន​កើតឡើង​ក្រោយ​មន្ត្រី​អាម៉េរិក​និង​កោះ​តៃវ៉ាន់​បាន​ជួបប្រជុំ​គ្នា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤​ទសវត្សរ៍​មក​នេះ ដោយ​ធ្វើអោយ​ចិន​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​។​

​កិច្ចព្រមព្រៀង​តំលៃ​ពាន់​លាន​ដុល្លារ​នេះ​ជា​ផ្នែក​នៃ​ច្បាប់​ទំនាក់ទំនង​អាម៉េរិក​-​តៃវ៉ាន់ ដែល​អាម៉េរិក​អះអាង​ថា​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​«​រក្សា​សន្តិភាព សន្តិសុខ​និង​ស្ថិរ​​ភាព​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​»​។​

​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ហ្គេង សួង បាន​និយាយថា​« ចិន​សុំ​ទទូច​អោយ​អាម៉េរិក​លុបចោល​ជាបន្ទាន់​ការលក់​អាវុធ​និង​បញ្ឈប់​ទំនាក់ទំនង​យោធា​ជាមួយ​រដ្ឋា​​ភិបាល​ក្រុង​តៃប៉ិះ ដើម្បី​ជៀសវាង​ការ​ធ្វើ​អោយ​ខូចខាត​ទំនាក់ទំនង​ចិន​-​អាម៉េរិក និង​ប៉ះពាល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​គេ​មិន​គួរ​មើលស្រាល​ការប្តេជ្ញាចិត្ត​​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ក្នុង​ការការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​និង​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​»​ទេ​។​

​សូមបញ្ជាក់​ថា កោះ​តៃវ៉ាន់​មាន​រដ្ឋាភិបាល​ដាច់​ដោយឡែក​ចេញពី​ចិន​ដីគោក ក្រោយ​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩​។​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កុំម្មុយនិស្ត​របស់​ម៉ៅ សេទុង និង​ពួក​ជាតិ​​និយម​ចិន គឺ​គណបក្ស​គួមី​តាង បានបញ្ចប់​ដោយ​កងកម្លាំង​របស​ម៉ៅ​គ្រប់គ្រង​ចិន​ដីគោក និង​គួ​មីនតា​ង កាន់កាប់​តៃវ៉ាន់ តែ​ចិន​មិន​ដែល​ទទួលស្គាល់​ការអះអាង​ឯករាជ្យ​​ភាព​របស់​តៃវ៉ាន់​ទេ​និង​និយាយថា វា​ជា​ខេត្ត​បំបែក​ខ្លួន​មួយ​ដែល​នៅ​ចាំតែ​ពេល​រួបរួម​ជាមួយ​មហា​ចិនដីគោក​វិញ​តែប៉ុណ្ណោះ​។​

​ហេតុនេះហើយ​បានជា​ទំនាក់ទំនង​កាន់តែ​កក់ក្តៅ​រវាង​រដ្ឋាភិបាល​ក្រុងតៃ​ប៉ិះ​និង​វ៉ាស៊ីនតោន ធ្វើអោយ​ចិន​មិន​សប្បាយចិត្ត ។​អាម៉េរិក​ទោះជា​មិន​ទទួលស្គាល់​តៃវ៉ាន់​ជា​ប្រជា​​ជាតិ​ដាច់ដោយឡែក​មួយ ក៏​ការលក់​អាវុធ​នេះ​តំណាង​អោយ​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​អធិបតេយ្យភាព​របស់​ចិន​។​

​សំរាប់​តៃវ៉ាន់ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តំណាង​អោយ​អំណាច​ធំ​មួយ​ដែល​អាច​ទប់​អោយ​ចិន​នៅ​ឆ្ងាយ​ពី​ខ្លួន និង​សំរាប់​រដ្ឋាភិបាល​អាម៉េរិក ដោយ​មាន​សម្ពន្ធមិត្ត​មួយ​នៅ​មាត់​ទា្វរ​​ចិន វា​អាច​កំហិត​មហិច្ឆតា​របស់​ចិន​នៅក្នុង​តំបន់​នេះ​។​

​ជា​ការពិត ការបញ្ជូន​អាវុធ​ទៅអោយ​តៃវ៉ាន់​មានន័យថា ចិន​នឹង​កាន់តែ​ប្រយ័ត្នប្រយែង​មិនសូវ​ហាន​ចូល​ឈ្លានពាន​កោះ​នេះ​ដោយ​កម្លាំងយោធា​ដើម្បី​នាំ​វា​មក​ដាក់​ក្រោម​ការ​​គ្រប់គ្រង​របស់​ខ្លួន ដូច​ការ​គំរាម​កន្លងមក​។​ទំនាក់ទំនង​កាន់តែ​ស៊ី​ជំរៅ​ណាមួយ​រវាង​អាម៉េរិក​និង​តៃវ៉ាន់ ក៏​ធ្វើអោយ​ចិន​ដឹងថា អាម៉េរិក​នឹង​លែង​ឈរ​មើល​អំពើ​បំភិតបំភ័យ​​ណាមួយ​មក​ពី​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​

កិច្ចព្រមព្រៀង​លក់​អាវុធ​តំលៃ​២.២០០​លាន​ដុល្លារ​រួមមាន រថក្រោះ​១០៨​គ្រឿង កាំជ្រួច​ប្រឆាំង​រថក្រោះ​បញ្ជា​នាំទៅរក​គោលដៅ​ធុន​TOW​ចំនួន​១.២៤០​ដើម កាំជ្រួច​ប្រឆាំង​រថ​​ក្រោះ​លី​លើ​ស្មា​Javelin​ចំនួន​៤០៩​ដើម និង​កាំជ្រួច​ប្រឆាំង​យន្តហោះ​លី​លើ​ស្មា​ធុន​Stinger ចំនួន​២៥០​ដើម​

#