ហេតុអ្វី​បានជា​ដំណាំ​អ្នក​ងាប់​?

4475
ចែករម្លែក

​អ្នក​ដាំ​ដំណាំ​គ្រប់​ប្រភេទ​ត្រូវតែ​ចេះ​កែ​ដី​ឲ្យ​មាន​កម្រិត PH មួយ​ស្របតាម​ដំណាំ​ត្រូវ​ដាំ​នោះ ទើប​យើង​បានទទួល​ផល​ល្អ​!

​ពាក្យ​ថា PH គឺជា​ពាក្យកាត់​សង្ខេប ពាក្យ​ពេញ​របស់​វា​គឺ Potential Hydrogen ។​
– ដី​ដាំ​ដំណាំ​គួរ​ត្រូវបាន​យកចិត្តទុកដាក់​ទៅលើ​កម្រិត PH របស់​វា​នៅ​រាល់ពេល​មុន​ដាំ​ដំណាំ ណាមួយ ទោះជា​ដំណាំ​អ្វី​ក៏ដោយចុះ គឺ​ចាំបាច់​ណាស់​ត្រូវ​វាស់​រក​កម្រិត PH របស់​វា​ឲ្យ​ដឹង​មុន សិន ។
– ដាំ​ណាំ​ណាមួយ​ដែល​ត្រូវ​យកមក​ដាំ យើង​គួរ​ដឹង​ជាមុនសិន​ថា តើ​ដំណាំ​នោះ​ត្រូវការ PH របស់​ដី​ក្នុង​កម្រិតណា​? ឯ​ដី​ដែល​យើង​បម្រុង​យក​ដំណាំ​នោះមក​ដាំ​មាន PH កម្រិតណា​ដែរ ។ ប្រការ​ដែល​យើង​ដឹងបាន​ពី​កម្រិត PH របស់​វា​ជាមុន មុនពេល​យក​ដំណាំ​មក​ដាំ គឺជា​ការតម្រូវ មួយ​របស់​ប្រភេទ​ដំណាំ បើ​កម្រិត PH របស់​ដី​ទាប​ជាង ឬ​ខ្ពស់ជាង​កម្រិត PH ដែល​ដំណាំ ត្រូវការ​នោះ​ការ​ដុះ​លូតលាស់​របស់​វា​នឹង​ជួបប្រទះ​នូវ​ភាពមិនប្រក្រតី​ជាមិនខាន​ឡើយ ។​

– ជាធម្មតា PH របស់​ដី​ត្រូវ​បានកំណត់​ពី ១ ដល់ ១៤៖
+ ដី​ដែលមាន​កម្រិត PH ចំនួន​៧ (PH=7) គេ​ចាត់ទុកថា​ណឺ​ត (Neutral)
+ ដី​ដែលមាន​កម្រិត PH ទាប​ជាង​៧ (PH<7) គេ​ចាត់ទុកថា ដី​នោះ​មាន​អាស៊ីដ​ច្រើនពេក​ + ដី​ដែលមាន​កម្រិត PH ខ្ពស់ជាង​៧ (PH>7) គេ​ចាត់ទុកថា ដី​នោះ​មាន​អាល់កាលី​ន ខ្ពស់​ពេក ។​

– ក្នុងន័យ​បច្ចេកទេស​កម្រិត PH ត្រូវបាន​វាស់​ដោយ​ឧបករណ៍​ផ្សេងៗ មាន​បន្ទះ Strip ដូច​ឈើ​ដោត​ការ៉េម​មាន​ប្រដាប់​វាស់​មាន​សណ្ឋាន​ជា​ដែក​វែង​ដូច​ម្ជុល មាន​ជា​ប្រអប់ និង​ការ​វាស់​ដោយ​ប្រើ​វិធី​លាយ​ជាមួយ​ទឹក​ថ្នាំ ។​

– ដី​ទាំងអស់​នៅលើ​ភពផែនដី​យើង​នេះ មិន​ថា​នៅ​ប្រទេស​ណា​ទេ ហើយក៏​មិន​ថា​នៅ​កន្លែង​ណា ដែរ តែងមាន​កម្រិត PH ចន្លោះ​ពី ៤.៥ ទៅ ៨.៥ ។​
– ដី​ដែលមាន​កម្រិត PH ៤.៥ គឺជា​ដី​ដែលមាន​អាស៊ីដ​ច្រើន ជា​ដីជូរ (Sour) មានតែ​រុក្ខជាតិ ឬ​ដំនាំ​ប្រភេទ​ខ្លះ​ប៉ុណ្ណោះ​ដែល​ត្រូវការ​ដី​ប្រភេទ​នេះ ។​

– ដី​ដែលមាន​កម្រិត PH ច្រើន​រហូត ៧.៨ វិញ គឺមាន​អាល់កាលី​ន​ច្រើនពេក ឬ​ផ្អែម​ពេក​សម្រាប់​ដំណាំ​។​
– ដី​ដែលមាន​កម្រិត PH ចន្លោះ ៦.៥-៧ គឺ​ទាប​ជាង​កម្រិត​ណឺ​ត (Neutral) បន្តិច ។ ដំណាំ​ភាគច្រើន​ទាំង​ដំណាំ​ដាំ​ដោយ​មនុស្ស និង​ឈើ​ព្រៃ ដោយ​រាប់បញ្ចូល​ទាំង​បន្លែ​ស្រូវ ពោត សណ្ដែក ផ្កា អាច​ដុះ​លូតលាស់​បានល្អ អ្នក​ដាំ​ដំណាំ​ក្នុង​ចំការ​ធំៗ ឬ​ការដាំ​បែប​ជា​ឧស្សាហ៍កម្ម មាន​កៅស៊ូ ដូងប្រេង ឬ​ដំណាំ​អ្វី​ផ្សេងទៀត​ក៏ដោយចុះ តែងតែ​យក​ដី​ត្រូវ​ដាំ​នោះ​ទៅពិនិត្យ​ជាមុនសិន ការពិនិត្យ​នោះ​គឺ គេ​ចង់​រកមើល PH របស់​ដី កម្រិត​សំណើម​របស់​ដី​សារធាតុ​ទាំងឡាយ ដែលមាន​នៅក្នុង​ដី​នោះ រួមទាំង​ការធ្វើ​ចំណាត់ថ្នាក់ របស់​ដី​នោះ​ផងដែរ ។​

– ដី​ជា​ស្រទាប់​លើ និង​ដី​នៅ​ស្រទាប់​ក្រោម​អាចមាន​កម្រិត PH មិន​ដូចគ្នា​ទេ ជាពិសេស​ផ្នែក ខាងលើ​របស់​ដី ពីព្រោះ​វា​ទទួលរង​ឥទ្ធិពល​របស់​ធម្មជាតិ និង​មនុស្ស​
– ដី​ស្រទាប់​ក្រោម គឺជា​ដី​ដែល​មិនបាន​រង​ឥទ្ធិពល​របស់​ធម្មជាតិ ឬ​ពី​មនុស្ស ហេតុនេះ​ការ​វាស់ រក​កម្រិត PH ចាំបាច់​ត្រូវធ្វើ​ទាំង​ផ្នែក​ស្រទាប់​លើ ៥០​សង់ទីម៉ែត្រ ចុះទៅ​ក្រោម និង​ស្រទាប់ដី ៥០​សង់ទីម៉ែត្រ ទៅ​ក្រោម​ទៀត ។​

– PH របស់​ដី​មាន​ភាព​វិជ្ជមាន​ដោយផ្ទាល់​ទៅលើ​ការលូតលាស់​របស់​ដំណាំ និង​រ៉ែ​ដែលមាន ក្នុង​ដី ។ ភាពខុសគ្នា​របស់​ដី និង​រ៉ែ​សំខាន់ៗ មួយចំនួន​ដែលមាន​នៅក្នុង​ដី​សម្រាប់​ជួយ​ធ្វើ​ឲ្យ ដំណាំ​ដុះ​លូតលាស់​បាន​ត្រឹមត្រូវ ។ សារធាតុចិញ្ចឹម​រ៉ែ​ផ្សេងៗ​ច្រើន​ឃើញ​មាននៅ​ក្នុង​ដី​ដែល ស្ថិតក្រោម​កម្រិត​តិចជាង​ណឺ​ត (Neutral) ឬ​លើស​ណឺ​ត​បន្តិច​មិនសូវ​សម្បូរ​ណ៍​ជីជាតិ ឬ​រ៉ែ ចិញ្ចឹម​ឡើយ ។ តួយ៉ាង​សារធាតុ​ហ្វូ​ស​ហ្វា​ត​មិនអាច​មាននៅ​ដី​ណឺ​ត ឬ​ច្រើនជាង​ណឺ​ត​ឡើយ តែ​វា​អាចមាន​នៅក្នុង​ដី ដែល​ក្រោម​ណឺ​ត​បន្តិច​គឺ​ក្នុង​កម្រិត PH ៦.៥ ។​
– ចំពោះ​ដី​ដែលមាន​អាស៊ីដខ្លាំង​ចន្លោះ PH ៤-៥ វា​ច្រើន​សម្បូរ​ណ៍​ដោយសារ​ធាតុ អាលុយមីញ៉ូម (Aluminum) ដែក (Iron) និង Manganes សារធាតុ​ទាំងនេះ​សម្បូរ​ណ៍ ជាតិពុល​អាច​មិនល្អ​សម្រាប់​ដំណាំ​ភាគច្រើន ។​

– PH ចន្លោះ ៦-៧ ជា​កម្រិត​មួយ​សមស្រប​បំផុត​សម្រាប់​ដំណាំ​ច្រើន​ប្រភេទ ពីព្រោះ​វា​ជា​ដី​ដែល​ប្រកបដោយ​ជីជាតិ​ច្រើនយ៉ាង​សម្រាប់​ជួយ​ដល់​ការលូតលាស់​របស់​ដំណាំ ។ មិនមែន​គ្រប់​ដំណាំ​ទាំងអស់​ត្រូវការ​ដី​ក្បែរ​ណឺ​ត (​ជិត​៧) ទាំងអស់​ឡើយ មាន​ដំណាំ​ខ្លះ​វា​ត្រូវការ​ដី​បែប​អាស៊ីដ​បន្តិច​សម្រាប់​ការលូតលាស់​របស់​វា ដី​ដែលមាន​អាល់ កា​លីន​ច្រើនពេក វា​បាត់បង់​សារធាតុ​ដែក បណ្ដាល​ឲ្យ​ដំណាំ​ប្រែជា​មាន​ពណ៌​ពពាល​ស្លេក គ្មាន ការលូតលាស់ ដំណាំ​មិនអាច​ទាញយក​សារធាតុចិញ្ចឹម​ពី​ក្នុង​ដី​បាន ដូច្នេះ ការ​ដុះ​លូតលាស់ របស់​វា​ក៏មាន​បញ្ហា​ដែរ ។​

PH របស់​ដី​មានការ​ប៉ះពាល់​ដល់​អតិ​សុខុម​ប្រាណ (​បាក់តេរី​ដែល​ល្អ​រស់នៅក្នុង​ដី​) (Microorganioms) ។ ពួកវា គឺជា​ប្រភេទ​បាក់តេរី ដែល​រំលាយ​អ្វី​ទាំងឡាយ​នៅក្នុង​ដី​ឲ្យ​ទៅ ជា​ដី បើ​គ្មាន​បាក់តេរី​ទាំងនោះ​ធ្វើ​សកម្មភាព​ដំណាំ​អាចជួយ​បញ្ហា​ក្នុងការ​បឺត​ស្រូប​យកសារ ធាតុ​ចិញ្ចឹម ពីព្រោះ​វា​មិនអាច​ធ្វើ​ដោយ​ខ្លួន​ទាំងស្រុង​ឡើយ វា​ត្រូវ​ពឹង​លើ​បាក់តេរី​ល្អ​ទាំងនោះ ជា​អ្នក​ជួយ​ប​ម្លែ​ង​សារធាតុចិញ្ចឹម​ឲ្យ​វា ។​
– ដី​ភាគច្រើន​ក្លាយទៅជា​ដី​មាន​អាស៊ីដ​ច្រើនពេក​ទាំងនេះ​សឹង​ត្រូវ​ណ្ដា​ល​ដោយ​ទឹកភ្លៀង​ដែល ហូរ​ចេញ​បាន​នាំយក​សារធាតុ​ដែក (Iron) ទៅជា​មួយ​ដោយ​រួមទាំង​កាល់ស្យូម (Caleuiem) ម៉ាញ៉េ​ស្យូ​ម (Magnesium) ប៉ូ​តា​ស្យូ​ម (Potassivm) និង​សូ​ដ្យូ​ម (Sodium)

– ទឹកភ្លៀង​អាចជា​កត្តា​មួយ​ចម្បង​គេ ពីព្រោះ​វា​បាន​ហូរ​នាំយក​កំទេច​របស់​កំ​ប៉ុ​ស​ធម្មជាតិ​នៅ ស្រទាប់​លើ​រប​ស់ដី វា​បាន​លាង​ដីស្រទាប់លើ​ឲ្យ​ខ្សោះ​សារធាតុចិញ្ចឹម​បាត់បង់​អស់​ពពួក​បាក់ តេ​រី ដែលជា​ភ្នាក់ងារ​ជួយ​ប​ម្លែ​ង​កំ​ប៉ុ​ស​ឲ្យ​ទៅជា​ដី​សម្រាប់​ដំណាំ ។​

​ហេតុនេះ គេ​គួរ​ចាំបាច់​ត្រូវ​ដាំ​ដំណាំ​នៅ​លើដី​មិនបាន​ប្រើប្រាស់​ដោយ​ដាំ​រុក្ខជាតិ​ទាំងឡាយណា ដែលមាន​ផ្លែ​ជា​គួរ​ដូចជា​អង្គារ​ដី ក​ន្ទុំ​ទេស ដើម​ក្ងោក អង្កាញ់ ។​ល​។ ពីព្រោះ​ពួកវា​បឺត​ស្រូប យក​សារធាតុ នី​ត្រូ​ហ្សែ​ន​ពី​ក្នុង​ខ្យល់​មក​ផ្ដល់​ឲ្យ​ដី​នៅ​ខាងក្រោម ហេតុនេះ បើសិនជា​ដី​យើង មិន​ប្រើការ​ទេនោះ គួរ​ដាំ​ពួកវា​ប្រសើរ​ជាង​ទុក​ដី​ឲ្យ​ហាលខ្យល់​ហាលភ្លៀង​ខូច​អស់​គុណភាព​ដី ។

+ ដើម្បី​កែ​គុណភាព​ដី​
– ប្រើ​ម្សៅ​កំបោរ​ដូចជា Caleie Limestone (​ម្សៅ​កំបោរ​ស​)
– ក្រៅពីនេះ អាច​ប្រើ​ផេះ​គ្រប់​ប្រភេទ​យកមក​រាយ​លើដី​ដែល​ត្រូវ​កែ PH ឲ្យ​ស្របតាម​ប្រភេទ ដំណាំ​ត្រូវ​ដាំ​

– ចំនួន​កំបោរ​ស​យកមកប្រើ​គឺ អាស្រ័យទៅលើ​ប្រភេទ​ដី​ផងដែរ ដូច្នេះ​ការកំណត់​ចំនួន បរិមាណ របស់​កំបោរ​ស សម្រាប់​យកមក​កែ​ដី​ឲ្យ​មាន PH មួយ​តាម​ការចង់បាន​គឺ ពិបាក សន្មត​បន្តិច ពីព្រោះ​បើ​យើង​ចង់​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​យើង​ចាំបាច់​ត្រូវ​វាស់​មើល​ទាំង​កម្រិត PH របស់​ដី​កម្រិត​សំណើម​របស់​ដី និង​រ៉ែ​ដែលមាន​នៅក្នុង​ដី​នោះ​ទើប​អាច​សន្មត​ពី​ចំនួន​កំបោរ​ត្រូវ ប្រើ ដើម្បី​កែ PH របស់​ដី​តាម​ការចង់បាន ។​

– ក្នុង​ករណីខ្លះ​ប្រដាប់​វាស់​មិនអាច​ផ្ដល់​កម្រិត PH របស់​ដី​បាន​ត្រឹមត្រូវ​ឲ្យ​យើង​នេះ ក៏​ជាការ បង្ក​ជា​បញ្ហា​ផងដែរ ដូចនេះ​គុណភាព​របស់​ប្រដាប់​វាស់ PH គឺជា​កត្តា​មួយ​សំខាន់​ណាស់ដែរ ដែល​អ្នក​វាស់ ឬ​ជា​អ្នក​ដាំ​ត្រូវ​ពិចារណា ។​

– កន្លែង​លក់​ចែកចាយ​កំបោរ​ស (​កំបោរ​កសិកម្ម​) សម្រាប់​ឲ្យ​អ្នក​ដាំ​ដំណាំ​ទិញយក​ទៅបាន​លើ ដី​ត្រូវ​កែ​ក៏​ជា​រឿង​មួយ​សំខាន់​ណាស់ដែរ ព្រមជាមួយ​ការណែនាំ​ឲ្យ​ដឹង​ពី​របៀប​កែ PH ដី និង​នាំ​ដល់​ការកើនឡើង​នៃ​ភោគផល​ដំណាំ ពីព្រោះ​អ្នក​ដាំ​ចេះ​កែ​ដី​ឲ្យ​ស្របតាម​ដំណាំ អ្នក​ដាំ អាច​ទាញ​បាន​ផល​ច្រើនជាង​មុន ពីព្រោះ​គាត់​ដឹង​ពី​គុណភាព​ដី​ដែល​គាត់​មាន និង​យល់បាន ច្បាស់​ពី​ដំណាំ និង​ដី​ដែល​គាត់​កំពុង​ប្រើ ។

​សូមបញ្ជាក់ថា ការ​វាស់​កម្រិត PH របស់​ដី​ចាំបាច់​ត្រូវធ្វើ​ឲ្យ​បាន​ច្រើនដង និង​ច្រើន​កន្លែង​នៅ លើដី​ដែល​យើង​មាន​ជាពិសេស​គឺ​ដីស្រែ និង​ដី​ដាំ​ដំណាំ​កសិកម្ម​គ្រប់យ៉ាង​ទោះបី​ចំការ​តូចតាច ក៏ដោយ ។

​ទីមួយ​៖ កំបោរ​កសិកម្ម (Garden Lime) (​ដាក់​រូប​ដុំថ្ម Lime stone) ចំនួន​កំបោរ​ដែល​ត្រូវ ប្រើ​សម្រាប់​ប្រភេទ​ដី និង​កម្រិត​PH

១. ដីឥដ្ឋ​
– PH ៦.០ ប្រើ​កំបោរ ៤២០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥.៥ ប្រើ​កំបោរ ៤៨០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

– PH ៥ ប្រើ​កំបោរ ៨២០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៤.៥ ប្រើ​កំបោរ ១២០០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

២. ដី​ក​ណ្ដោ​ង​ល្បាយ ដីឥដ្ឋ​លាយ​ខ្សាច់​
– PH, ៦ ប្រើ​កំបោរ ១៩០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥.៥ ប្រើ​កំបោរ ៣៩០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

– PH ៥ ប្រើ​កំបោរ ៦៨០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៤.៥ ប្រើ​កំបោរ ៩៦០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

៣. ដីខ្សាច់​
– PH ៦ ប្រើ​កំបោរ ១៤០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥.៥ ប្រើ​កំបោរ ២៤០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥ ប្រើ​កំបោរ ៤២០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៤.៥ ប្រើ​កំបោរ ៦៧០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

​ទី​ពីរ​៖ ម្សៅ​ស (Hydrale Lime)
​ចំនួន​ម្សៅ​ស​ដែល​ត្រូវ​ប្រើ​សម្រាប់​ប្រភេទ​ដី និង​កម្រិត PH

១. ដីឥដ្ឋ​
– PH ៦. ប្រើ ៣០០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥.៥ ប្រើ ៣៥០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥ ប្រើ ៥៩០ ក្រាម ក្នុង ១​ម៉ែត្រ​កា​រ៉ែ​
– PH ៤.៨ ប្រើ ៨៦០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ ។​

២. ដី​ក​ណ្ដោ​ង​ល្បាយ ដីឥដ្ឋ​លាយ​ខ្សាច់​
– PH ៦ ប្រើ ១៤០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥.៥ ប្រើ ២៨០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

– PH ៥​ប្រើ ៤៩០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៤.៥ ប្រើ ៦៩០​ក្រាម ក្នុង​១​ម៉ែត្រការ៉េ ។​

៣. ដីខ្សាច់​
– PH ៦​ប្រើ ១០០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ​
– PH ៥.៥ ប្រើ ១៧០ ក្រាម ក្នុង ១​ម៉ែត្រការ៉េ​

– PH ៥​ប្រើ ៣០០ ក្រាម ក្នុង ១​ម៉េ​ត្រ​ការ៉េ​
– PH ៤.៨ ប្រើ ៤៨០​ក្រាម ក្នុង ១​ម៉ែត្រការ៉េ ។​
​របៀប​នៃ​ការ​វាស់ PH របស់​ដី​ត្រូវធ្វើ​ទៅតាម​ការណែនាំ​រប​ស់​ឧបករណ៍ ដែល​បាន​ទិញ​មក​ប្រើ ៕ ប្រភព​: អ៊ាង សុផល្លែត​