ហេតុអ្វី​បានជា​បុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី ធ្វើ​នៅ​ថ្ងៃ ៧ មករា ?

250
ចែករម្លែក

​ភ្នំពេញៈ ជិត​ពីរពាន់​ឆ្នាំ​ហើយ ដែល​ពួក​គ្រិស្ត​សាសនិក និកាយ​កាតូលិក បានធ្វើ​បុណ្យ Christmas ឬ​បុណ្យ​ណូអែល នៅ​ថ្ងៃទី​២៥ ខែធ្នូ ដើម្បី​រំឭក​ដល់​ថ្ងៃកំណើត​របស់​គ្រិស្ត ដូចដែល​ពុទ្ធសាសនិក ធ្វើបុណ្យ​ពិសាខបូជា​ដែរ​។ ប៉ុន្តែ​នៅ​ប្រទេស​រុស្ស៊ី​ឯណោះ​ពួក​គ្រិស្ត បរិស័ទ​មិន​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឡើយ គឺ​ពួកគេ​ធ្វើបុណ្យ​ណូអែល​នៅ​ថ្ងៃទី​៧ ខែមករា ទៅវិញ ហើយ ធ្វើឡើង​ក្នុង​បំណង​ដូច​អ្វីដែល​គ្រិស្តបរិស័ទ លើ​ពិភពលោក ធ្វើ​នៅ​ថ្ងៃ​២៥​ខែធ្នូ​ដែរ ដែល​អ្នក ខ្លះ អះអាងថា មកពី​ប្រទេស​រុស្ស៊ី​កាន់សាសនា​គ្រិស្ត​បុរាណ (Orthodox) ប៉ុន្តែ​បើ​ពិនិត្យមើល​មែនទែន​ទៅនោះ មិនមែនជា​មូលហេតុ​ចម្បង​ទេ​។​

​ជាដំបូង គេ​ត្រូវតែ​ដឹងថា ដោយសារ​តែមាន​កំហុស​ឆ្គង​ជាច្រើន​អន្លើ នៅក្នុង​លទ្ធិ​របស់ ខ្លួន ទើប​គ្រិស្តសាសនា បាន​ស្គាល់​បទពិសោធន៍ គឺ​កា​កែតម្រូវ និង​ការធ្វើ​បដិវត្តន៍​ជាច្រើនលើកច្រើនសានាំឱ្យ​គម្ពីរ​ប៊ី​ប (BIBLE) ដែលជា​គម្ពីរ​គោល​រប​ស់​គ្រិស្តសាសនា​ ត្រូវបាន​កែប្រែ យ៉ាងហោច ៤០ លើក ហើយ​ប្រើ​ពេលវេលា​យ៉ាងហោចណាស់ ១៦០០ ឆ្នាំ ជាហេតុ​នាំឱ្យ មាន​កំណែ​ចាស់​គម្ពីរ BIBLE និង​គម្ពីរ BIBLE កំណែ​ថ្មី ហើយក៏​នាំឱ្យមាន​គ្រិស្តសាសនា​បុរាណ និង​គ្រិស្តសាសនា​សម័យ (​ប៉ុន្តែ​មិនមែន​ដូច​ពុទ្ធសាសនា​ថេរវាទ និង​មហាយាន​ទេ ) ។​

​ជាការ​ពិត​ដែលថា ប្រទេស​រុស្ស៊ី ជា​ប្រទេស​កាន់សាសនា​គ្រិស្ត តាមបែប​បុរាណ ឬ Orthodox ប៉ុន្តែ​អ្វីដែល​គេ​ត្រូវ​ចងចាំ​នោះ​គឺថា ដើមឡើយ ពួក​គ្រិស្ត​សាសនិក​នៅ​បូព៌ា​ប្រទេស​ប្រារព្ធ បុណ្យ​មួយ​ឈ្មោះថា Epiphany នៅ​ថ្ងៃទី​៦ ខែមករា ដើម្បី​រំឭក​ដល់​ថ្ងៃកំណើត​របស់ ព្រះ​យេស៊ូ គ្រិស្ត ហើយ​ពួក​គ្រិស្ត​សាសនិក នៅឯ​បស្ចិម​លោក​ក៏បាន​ធ្វើ​ដូចគ្នានេះដែរ​យ៉ាងហោចណាស់ រហូតដល់​ឆ្នាំ ៣៨០ នៃ គ​.​ស ពោលគឺ​ពួកគេ​ធ្វើ​ក្នុង​បំណង​ដូចគ្នា​នឹង​អ្វី​ដែលជា​បុណ្យ​ណូអែល សព្វថ្ងៃ ដែល​ធ្វើ​នៅ ថ្ងៃទី​២៥ ខែ ធ្នូ នេះដែរ ។​

​មូលហេតុ​ដែល​ពួក​គ្រិស្តបរិស័ទ​ជ្រើសរើស​ធ្វើបុណ្យ​រំឭក​ថ្ងៃកំណើត របស់​ព្រះ​យេស៊ូ គ្រិស្ត នៅ​ថ្ងៃទី​៦ ខែមករា នោះ ដ្បិតថា ថ្ងៃ​និង​ខែ​កំណើត​ពិតប្រាកដ របស់​ព្រះ​គ្រិស្ត គ្មាន​អ្នកណា ម្នាក់​ដឹង​ឡើយ គេ​គ្រាន់តែ​ស្មានថា ប្រហែលជា​ពី​ចន្លោះ​ថ្ងៃទី​៧-២ ខែមករា មុន​គ្រិស្តសករាជ ។​

​ងាក​ទៅ​មើល​ឯ​ទីក្រុង​រ៉ូម នៃ​អាណាចក្រ​រ៉ូ​ម៉ាំង​ដ៏​មហិមា​ឯណោះ នៅក្នុង​រជ្ជកាល​ព្រះ​ចៅ​អ​ធិ​រាជ្យ Aurelian មាន​ពិធីបុណ្យ​មួយ ដែល​គេ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ (២៧០-២៧៥ នៃ គ​.​ស ) ឈ្មោះថា បុណ្យ Dies Natalis Solis Invicti ដែលមាន​ន័​ថា “ ព្រះអាទិត្យ​ដ៏​គ្មាន​អ្នកណា​អាច​បង្ក្រាបបាន “ ជា​ពិធីបុណ្យ​របស់​ពួក​អ្នក​មិន​ជឿ​គ្រិស្តសាសនា ហើយ​ជា​អ្នក​គោរព​ព្រះអាទិត្យ​ថា​ជា​ព្រះ អាទិទេព​របស់​ពួកគេ​។ ចូរ​កត់ចំណាំ​ថា ខណៈនោះ​ពួក​គ្រិស្តបរិស័ទ​នៅ​ប្រារព្ធ​ធ្វើបុណ្យ​រំឭក កំណើត​ព្រះ​យេស៊ូ គ្រិស្ត នៅ​ថ្ងៃទី​៦ ខែមករា នៅឡើយ ។​

​លុះដល់​គ្រិស្តសករាជ ឆ្នាំ​៣០៦ ( ដល់​៣៣៧ ) ពេលដែល​ស្តេច Constantine ដែលជា​អ្នក កាន់​គ្រិស្តសាសនា ឡើង​គ្រង​អំណាច​នៅ​ទីក្រុង​រ៉ូម ក៏បាន​បញ្ជា​គេ​ឱ្យ​បំបាត់ចោល​នូវ​បុណ្យ Dies Natalis Solis Invicti របស់​ពួក​សាសនិក ព្រះអាទិត្យ​និយម​ហើយ​បញ្ជា​ឱ្យគេ​រៀបចំ​ថ្ងៃ បុណ្យ​រំឭក ដល់​កំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី​២៥ ខែធ្នូ ជា​ជំនួស​បុណ្យ Dies Natalis Solis Invicti​វិញ គឺ​ក្នុង​គោលបំណង​អូសទាញ​ពួក​សាសនិក នៃ​បុណ្យ Dies Natalis Solis Invicti ឱ្យ​ងាក​ទៅ​ជឿ​គ្រិស្តសាសនា ឬ​និយាយ​ម្យ៉ាង​ទៀតថា ជាការ​បង្ខិតបង្ខំ​ពួក​សាសនា​ព្រះអាទិត្យ ឱ្យ​លប់បំបាត់​សាសនា​របស់​ពួកគេ​ចោល ហើយ​ឱ្យ​ពួកគេ​ធ្វើបុណ្យ​របស់​សាសនា​ពួកគេ ដើម្បី​រំឭក​ដល់​ព្រះ​គ្រិស្ត​ទៅវិញ ដែល​តាមពិតទៅ ព្រះ​គ្រិស្ត មិនមែន​ប្រសូត​នៅ​ថ្ងៃទី ២៥ ខែធ្នូ ផង ហើយ​អ្នកធ្វើ​បែបនេះ តែ​បណ្តា​ប្រទេស​និកាយ​កាតូលិក​ប៉ុណ្ណោះ ចំណែក​និកាយ​ប្រូ​តេស្ត​ង់ នៅតែ​ធ្វើ​ថ្ងៃទី​៦ ខែមករា ។​

​ដោយសារ​អំណាច​ស្តេច Constantine នេះ​ជាដើម បើទោះបីជា​ពួក​អ្នកណា មិន​ជឿ​គ្រិស្ត សាសនា ក៏​ត្រូវតែ​ប្រតិបត្តិ​តាម​គ្រិស្តសាសនា​ដែរ ហើយ​បុណ្យ Dies Natalis Solis Invicti ក៏​លែងមាន​វត្តមាន​ក្នុង​លោក តាំងពី​ពេលនោះ ហើយ​បុណ្យ​រំឭក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត ឬ បុណ្យ​ណូអែល ក៏ត្រូវ​បាន​គេ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ជាដំបូង​នៅ​ឆ្នាំ ៣០៦ នោះឯង​ហើយ​ត្រូវ បានធ្វើ មិនមែន​គ្រាន់តែ​រំឭក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត (​ព្រោះ​ព្រះ​គ្រិស្ត មិនមែន​ប្រសូត ថ្ងៃទី​២៥ ធ្នូ ) ប៉ុន្តែ​គឺ​ធ្វើ​ដើម្បី​ពង្រីក​មនោគមន៍វិជ្ជា ឬ​លទ្ធិ​គ្រិស្តសាសនា ។​

​នៅក្នុង​សម័យ​ទំនើប ការបង្ខិតបង្ខំ​បែប​នោះ លែង​សូវ​មាន​ឥទ្ធិពល ទើប​បុណ្យ ណូអែល ប្រែ​រូបរាង​បន្តិច គឺ​ទៅជា​ធ្វើឡើង តាមរយៈ​ការបង្កើតឱ្យមាន​កម្មវិធី​សប្បាយ​នានា​ដើម្បី អូសទាញ​ចំណាប់អារម្មណ៍​មនុស្ស និង បង្កើត​អនុស្សាវរីយ៍ ដូចជា​ជាការ​ចែក​ការដូ​ជាដើម​។​

ដោយសារ​អំណាច​របស់​ស្តេច Constantine នេះ ពួក​អ្នក​គោរព​ព្រះអាទិត្យ​ក៏ត្រូវ​តែ​ងា​កមក ឱនលំទោន​គ្រិស្តសាសនា​ដែរ ឬក៏​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​ប្រទេស​ដទៃ ។ ពុំ​នោះទេ​ពួកគេ នឹងត្រូវ​មានទោស​ពីបទ​បំពាន​ព្រះរាជ​បញ្ជា​។ ប្រហែលជា​ឆ្នាំ​៣៣៨ ក្នុង​រជ្ជកាល​ស្តេច Alexandria ពិធីបុណ្យ​រំឭក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី​២៥ ខែធ្នូ​នេះ​ត្រូវបាន​នាំយកទៅ សាប​ព្រួស​នៅ​បូព៌ា​ប្រទេស​ផងដែរ ។​
​ ​
ហាក់​ពុំមាន​អំណះអំណាង​ជាក់លាក់​ថា ហេតុអ្វី​បានជា​ប្រទេស​រុស្ស៊ី​ធ្វើបុណ្យ​ណូអែល នៅ​ថ្ងៃទី​៧ ខែមករា ទេ ខណៈដែល​ប្រទេស​ដទៃ ពី​បុរាណ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែមករា​ហើយ​គេ​ក៏ មិនបាន​ដឹងថា រុស្ស៊ី​ចាប់ផ្តើម​ធ្វើបុណ្យ​នេះ ពី​ឆ្នាំ​ណា​ដែរ ។ ទោះយ៉ាងណា គេ​អាចសន្និដ្ឋាន បាន​ថា ដោយហេតុតែ​គ្មាន​អ្នកណា​ដឹងថា ព្រះ​យេស៊ូ ប្រសូត​នៅ​ថ្ងៃ​ណា​ពិតប្រាកដ​ហើយ​គេ គ្រាន់តែ​សង្ស័យថា ពី​ចន្លោះ​ថ្ងៃទី​៧-២០ ខែមករា មុន​គ​.​ស នោះឯង​ហើយ​ទើប​ប្រទេស​រុស្ស៊ី ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួបកំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី​៧ ខែមករា​ហើយក៏​ដោយសារតែ​ប្រទេស រុស្ស៊ី​កាន់សាសនា​គ្រិស្ត​បុរាណ ទើប​មិន​កែប្រែ​ទៅធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ដូច​ប្រទេស​ដទៃ ។​

​ក៏មាន​មេដឹកនាំ​សាសនា​គ្រិស្ត​នៅ​រុស្ស៊ី​ខ្លះ​យល់ថា មូលហេតុ​ដែល​ពួកគេ​មិន​ធ្វើបុណ្យ​ណូអែល នៅ​ថ្ងៃទី​២៥ ខែធ្នូ ពុំមែន​ជា​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត​ទេ គឺ​គ្រាន់តែ​ជា​ថ្ងៃ​ដែល​ស្តេច Constantine ដណ្តើមយក​ពី​ពួក​គោរព​ព្រះអាទិត្យ​ប៉ុណ្ណោះ ឬ​និយាយ​ម្យ៉ាង​ទៀតថា​អ្នកដឹកនាំ សាសនា​គ្រិស្ត​នៅ​រុស្ស៊ី យល់ថា ថ្ងៃ​២៥ ខែធ្នូ គឺជា​ថ្ងៃបុណ្យ​ដើម្បី​រំឭក​អាទិទេព​របស់​ពួក អ្នក​គោរព​ព្រះអាទិត្យ ហើយ​មិនមែនជា​បុណ្យ សម្រាប់​រំឭក​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត​ទេ បើ​ធ្វើបុណ្យ​ណូអែល នៅ​ថ្ងៃទី ២៥ ទោះជា​គេ​ខំ​បកស្រាយ​យ៉ាងណា ក៏​ការពិត នៅតែ​ជាការ​ពិត ពោលគឺ​នៅតែ​ជា​ថ្ងៃបុណ្យ​របស់​ពួក​សាសនា​ព្រះអាទិត្យ​ដដែល ។​

​ទោះយ៉ាងណា អំណះអំណាង​នេះ ពុំមាន​អ្នកមាន​ឥទ្ធិពល​ណា​ចេញមក​ប្រកាស​ជា​ផ្លូវការ​ឡើយ ក៏​ប្រហែលជា​ខ្លាច​ប៉ះពាល់​ដល់​កិត្តិនាម នៃ ថ្ងៃបុណ្យ​ណូអែល​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ទេ​ដឹង ? ព្រោះ​ពួកគេ​គិតថា ទោះជា​និកាយ​ណា ក៏​ពួកគេ​គឺជា​គ្រិស្តបរិស័ទ​ដូចគ្នា​ដែរ ហើយ​ការធ្វើ ណូអែល នៅ​ថ្ងៃទី ២៥ ធ្នូ នោះ​ទៀតសោត ក៏​នាំមក​នូវ​ផលចំណេញ​ដល់​គ្រិស្តសាសនា ច្រើន​ឥត​គណនា​ឡើយ ពីមួយ​ឆ្នាំ ទៅ មួយឆ្នាំ ។​
​ ​
ជា​ចំណុច​ដ៏​សំខាន់បំផុត​មួយ ដែល​គួរកត់សម្គាល់​នោះ​គឺ ប​ដិ​វដ្ដ ខែ តុលា ឆ្នាំ ១៩១៧ ( នៃ​ប្រតិទិន ជូ​លាន ដែល​ត្រូវជា​ថ្ងៃទី​៧ ខែវិច្ឆិកា នៃ​ប្រតិទិន​ហ្ក្រ​ហ្គោ​រាន​ដែលជា​ប្រតិទិន​សកល នាពេល​បច្ចុប្បន្ន )​ពោលគឺ​ក្នុងអំឡុង​សម័យកាល​សហភាពសូវៀត បុណ្យ​ណូអែល ក៏ដូចជា ពិធី​នានា​ក្នុង​សាសនា​គ្រិស្ត ត្រូវបាន​ហាមឃាត់ រហូតដល់​ឆ្នាំ ១៩៣៥​ដែល​ឥទ្ធិពល​កុ​ម្មុយ និ​ស្ត​នៅ​សូ​វៀត មានការ​ប្រែប្រួល ទើប​ពិធី​ក្នុង​សាសនា​គ្រិស្ត រួមទាំង​ថ្ងៃបុណ្យ​ណូអែល​ផង ត្រូវបាន​ប្រារព្ធ​ធ្វើ និង​បាន​ក្លាយជា​ថ្ងៃ​សម្រាក​ជាតិ​ឡើងវិញ​នៅក្នុង​ប្រទេស​មហាអំណាច មួយ​នេះ ហើយ​ធ្វើ​នៅ​ថ្ងៃទី​៧ ខែមករា ដដែល ពោលគឺ​មិន​កែប្រែ​ទៅធ្វើ​នៅ​ថ្ងៃទី ២៥ ខែធ្នូ តាម​បណ្តា​ប្រទេស​នានា​ក្នុង​លោក​ឡើយ ហើយក៏​មានការ​ជំទាស់​ជាច្រើន​ចំពោះ​ការ កំណត់​យក​ថ្ងៃបុណ្យ​ណូអែល ដាក់​ជា​ថ្ងៃ​សម្រាក​ជាតិ ។​
​ ​
​បុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី មាន​លក្ខណៈ​ប្លែក​ជាង​បុណ្យ​ណូអែល នៃ​បណ្តា​ប្រទេស​ដទៃ ដោយ​គ្រិស​បរិស័ទ រៀបចំ​អាហារ ១២ មុខ សម្រាប់​បរិភោគ​ជុំគ្នា ក្នុង​គ្រួសារ ដោយ​គេ​ចាត់ ទុក​ថា អាហារ​មួយ​មុខ តំណាងឱ្យ​សាវ័ក​មួយរូប​របស់​ព្រះ​គ្រិស្ត ។​

​ពាក្យ​ថា Christmas (Christmas Day , Xmas) មកពី​ពាក្យ​ថា Christ’s Mass (​បង្កើត​នៅ ឆ្នាំ​១១៣១ នៃ គ​.​ស ) ជា​ពាក្យ​ក្លាយ​មកពី​ភាសា​អង់គ្លេស សម័យ​កណ្តាល​ថា Cristemasse (​បង្កើត​នៅ​ឆ្នាំ​១០៣៨ នៃ គ​.​ស ) មានន័យ​ជា​ខេមរភាសា​ថា “ បណ្តុំ នៃ អ្នក​គ្រិស្ត​និយម “ ឬ “ ប្រជុំ នៃ ពួក​ជន​អ្នក​កាន់​គ្រិស្តសាសនា “ ដោយហេតុថា បុណ្យ Christmas ឬ បុណ្យ​ណូអែល គឺជា​បុណ្យ​របស់​ពួក​គ្រិស្ត​សាសនិក​សុទ្ធសាធ ឬ និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​ថា គេ​ធ្វើបុណ្យ ណូអែល ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ បញ្ជ្រាប និង ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា ។​

​ពិធីបុណ្យ Christmas បាន​កើនឡើង​ឥទ្ធិពល និង​ប្រជាប្រិយ កាន់តែ​ខ្ទរខ្ទា​ខ្លាំង​ថែមទៀត បន្ទាប់ពី​ស្តេច Charlemagne នៃ អ៊ីតាលី បាន​ឡើង​គ្រង​អំណាច​ជា​ព្រះ​ចៅ​អ​ធិ​រាជ្យ នៅ​ថ្ងៃបុណ្យ Christmas នា ឆ្នាំ ៨០០ នៃ គ​.​ស ។ ស្តេច Edmund the Martyr ត្រូវបានធ្វើ​ពិធី​ជ្រមុជ​ទឹក នៅ​ថ្ងៃ Christmas នា ឆ្នាំ ៨៥៥ ហើយ​ស្តេច William I នៃ​ចក្រភព​អង់គ្លេស​បាន​ឡើង​គ្រង​រាជ​នៅ ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១០៦៦ ។ ស្តេច Richard II នៃ ចក្រភព​អង់គ្លេស​បាន​ស្វាគមន៍ ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១៣៧៧ ដោយ​ការយក​គោ​ឡើង ក ចំនួន​២៨ ក្បាល និង ជៀម ៣០០ ក្បាល​ធ្វើជា​ម្ហូប​ជប់លៀង​ថ្ងៃបុណ្យ​នេះ ។​

​មិន​ថា​បុណ្យ​ណូអែល ធ្វើ​នៅ​ថ្ងៃទី ៦ ឬ​ទី​៧ ខែមករា ឬ​ថ្ងៃទី​២៥ ខែធ្នូ ឡើយ​ក៏​វា​នៅតែ​ក្នុង​បំណង ដូចគ្នា​គឺ​ដើម្បី​រំឭក​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ​បញ្ជ្រាប និង​ពង្រីក ឥទ្ធិពល​គ្រិស្តសាសនា ប៉ុន្តែ​ប្រការ​ដែល​អ្នកវិភាគ​មួយចំនួន​សើចចំអក​លែបខាយ និង​បារម្ភ នោះ គឺ​ប្រជាជន​កម្ពុជា​ដែលជា​អ្នក​កាន់​ពុទ្ធសាសនា ភាគច្រើន​នៅ​ទីប្រជុំជន​ធំៗ​មាន​រា​ជធ​នី ភ្នំពេញ​ជាដើម​ដោយ​រួមទាំង​សាលា​ឯកជន​ផង​បាន​ជ្រួលជ្រើម​សាទរ​បុណ្យ​ណូអែល យ៉ាង​គឃ្លើន​៕ ដោយៈ មេសា​

អាហារ​ក្នុង​ថ្ងៃបុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី
ការតាំង​ដើម​សា​ប៉ាំង​ក្នុងឱកាស​បុណ្យ​ណូអែល​នៅ​រុស្ស៊ី