ហេតុអ្វី​បានជា​បុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី ធ្វើ​នៅ​ថ្ងៃ ៧ មករា ?

437
ចែករម្លែក

ភ្នំពេញ​៖ ជិត​ពីរពាន់​ឆ្នាំ​ហើយ ដែល​ពួក​គ្រិស្ត​សាសនិក បានធ្វើ​បុណ្យ Christmas ឬ បុណ្យ​ណូអែល នៅ​ថ្ងៃទី​២៥​ខែធ្នូ ដើម្បី​រំឭក​ដល់​ថ្ងៃកំណើត​របស់​គ្រិស្ត​ដូចដែល​ពុទ្ធសាសនិក ធ្វើបុណ្យ​ពិសាខបូជា​ដែរ​។ ប៉ុន្តែ​នៅ​ប្រទេស​រុស្ស៊ី​ឯណោះ ពួក​គ្រិស្តបរិស័ទ មិន​ធ្វើ​នៅ​ថ្ងៃទី ២៥ ខែធ្នូ​ឡើយ គឺ​ពួកគេ​ធ្វើបុណ្យ​ណូអែល នៅ​ថ្ងៃទី​៧ ខែមករា ទៅវិញ ហើយ​ធ្វើឡើង​ក្នុង​បំណង​ដូច​អ្វី ដែល​គ្រិស្តបរិស័ទ​លើ​ពិភពលោក ធ្វើ​នៅ​ថ្ងៃ​២៥​ខែធ្នូ​ដែរ ដែល​អ្នកខ្លះ​អះអាងថា​មកពី​ប្រទេស​រុស្ស៊ី កាន់សាសនា​គ្រិស្ត​បុរាណ (Orthodox)​ប៉ុន្តែ​បើ​ពិនិត្យមើល​មែនទែន​ទៅនោះ​មិនមែនជា​មូលហេតុ ចម្បង​ទេ​។​

​ជាដំបូង គេ​ត្រូវតែ​ដឹងថា ដោយសារ​តែមាន​កំហុស​ឆ្គង​ជាច្រើន​អន្លើ នៅក្នុង​លទ្ធិ​របស់ខ្លួន ទើប​គ្រិស្តសាសនា បាន​ស្គាល់​បទពិសោធន៍ គឺ​កា​កែតម្រូវ និង​ការធ្វើ​បដិវត្តន៍​ជាច្រើនលើក ច្រើនសា នាំឱ្យ​គម្ពីរ​ប៊ី​ប (BIBLE) ដែលជា​គម្ពីរ​គោល​រប​ស់​គ្រិស្តសាសនា ត្រូវបាន​កែប្រែ យ៉ាងហោច ៤០ ដង ហើយ​ប្រើ​ពេលវេលា​យ៉ាងហោចណាស់ ១៦០០ ឆ្នាំ ជាហេតុ​នាំឱ្យមាន កំណែ​ចាស់​គម្ពីរ BIBLE និង​គម្ពីរ BIBLE កំណែ​ថ្មី ហើយក៏​នាំឱ្យមាន​គ្រិស្ត​បុរាណ និង គ្រិស្តសាសនា​សម័យ (​ប៉ុន្តែ​មិនមែន​ដូច​ពុទ្ធសាសនា​ថេរវាទ និង មហាយាន​ទេ ) ។​

​ជាការ​ពិត​ដែលថា ប្រទេស​រុស្ស៊ី ជា​ប្រទេស​កាន់សាសនា​គ្រិស្ត​តាមបែប​បុរាណ ឬ Orthodox ប៉ុន្តែ​អ្វីដែល​គេ​ត្រូវ​ចងចាំ​នោះ គឺថា ដើមឡើយ ពួក​គ្រិស្ត​សាសនិក នៅ​បូព៌ា​ប្រទេស ប្រា​ព្ធ​បុណ្យ​មួយ​ឈ្មោះថា Epiphany នៅ​ថ្ងៃទី​៦ ខែមករា ដើម្បី​រំឭក​ដល់​ថ្ងៃកំណើត​របស់ ព្រះ​យេស៊ូគ្រិស្ត ហើយ​ពួក​គ្រិស្ត​សាសនិក នៅឯ​ប​ស្ចឹ​ម​លោក ក៏បាន​ធ្វើ​ដូចគ្នានេះដែរ យ៉ាងហោចណាស់​រហូតដល់​ឆ្នាំ ៣៨០ នៃ គ​.​ស ពោលគឺ​ពួកគេ ធ្វើ​ក្នុង​បំណង​ដូចគ្នា​នឹង​អ្វី ដែលជា​បុណ្យ​ណូអែល សព្វថ្ងៃ ដែល​ធ្វើ​នៅ ថ្ងៃទី​២៥ ខែធ្នូ នេះដែរ ។​

​មូលហេតុ​ដែល​ពួក​គ្រិស្តបរិស័ទ​ជ្រើសរើស ធ្វើបុណ្យ​រំឭក​ថ្ងៃកំណើត របស់​ព្រះ​យេស៊ូ គ្រិស្ត នៅ​ថ្ងៃទី​៦ ខែមករា​នោះ ដ្បិតថា ថ្ងៃ និង​ខែ​កំណើត​ពិតប្រាកដ​របស់​ព្រះ​គ្រិស្ត គ្មាន​អ្នកណាម្នាក់​ដឹង​ឡើយ គេ​គ្រាន់តែ​ស្មានថា ប្រហែលជា​ពី​ចន្លោះ​ថ្ងៃទី​៧ ខែមករា មុន​គ្រិស្តសករាជ ។​

​ងាក​ទៅ​មើល​ឯ​ទីក្រុង រ៉ូម នៃ អាណាចក្រ​រ៉ូ​ម៉ាំង​ដ៏​មហិមា​ឯណោះ នៅក្នុង​រជ្ជកាល​ព្រះ​ចៅ​អ​ធិ​រាជ្យ Aurelian​មាន​ពិធីបុណ្យ​មួយ​ដែល​គេ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែ ធ្នូ (២៧០-២៧៥ នៃ គ​.​ស ) ឈ្មោះថា​បុណ្យ Dies Natalis Solis Invicti ដែលមាន​ន័​ថា “ ព្រះអាទិត្យ​ដ៏​គ្មាន​អ្នកណា អាច​បង្ក្រាបបាន “ ជា​ពិធីបុណ្យ​របស់​ពួក​អ្នក​មិន​ជឿ​គ្រិស្តសាសនា ហើយ​ជា​អ្នក​គោរព ព្រះអាទិត្យ​ថា​ជា ព្រះអាទិទេព​របស់​ពួកគេ​។ ចូរ​កត់ចំណាំ​ថា ខណៈនោះ ពួក​គ្រិស្តបរិស័ទ នៅ​ប្រារព្ធ​ធ្វើបុណ្យ​រំលឹក​កំណើត​ព្រះ​យេស៊ូ គ្រិស្ត នៅ​ថ្ងៃទី​៦ ខែ មករា នៅឡើយ ។​

​លុះដល់​គ្រិស្តសករាជ​ឆ្នាំ ៣០៦ ( ដល់​៣៣៧ ) ពេលដែល​ស្តេច Constantine ដែលជា​អ្នក​ជឿ គ្រិស្តសាសនា ឡើង​គ្រង​អំណាច នៅ​ទីក្រុង​រ៉ូម​ក៏បាន​បញ្ជា​គេ​ឱ្យ​បំបាត់ចោល​នូវ បុណ្យ Dies Natalis Solis Invicti របស់​ពួក​សាសនិក ព្រះអាទិត្យ​និយម​ហើយ​បញ្ជា​ឱ្យគេ​រៀបចំ​ថ្ងៃបុណ្យ រំលឹក​ដល់​កំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ជា​ជំនួស​បុណ្យ Dies Natalis Solis Invicti​វិញ គឺ​ក្នុង​គោលបំណង​អូសទាញ​ពួក​សាសនិក នៃ​បុណ្យ Dies Natalis Solis Invicti ឱ្យ​ងាក​ទៅ​ជឿ​គ្រិស្តសាសនា ឬ​និយាយ​ម្យ៉ាង​ទៀតថា ជាការ​បង្ខិតបង្ខំ​ពួក​សាសនា​ព្រះអាទិត្យ ឱ្យ​លប់បំបាត់​សាសនា​របស់​ពួកគេ​ចោល ហើយ​ឱ្យ​ពួកគេ​ធ្វើបុណ្យ​របស់​សាសនា​ពួកគេ ដើម្បី​រំឭក​ដល់​ព្រះ​គ្រិស្ត​ទៅវិញ ដែល​តាមពិតទៅ ព្រះ​គ្រិស្ត មែន​ប្រសូត​នៅ​ថ្ងៃទី​២៥ ខែធ្នូ ផង ហើយ​អ្នកធ្វើ​បែបនេះ តែ​បណ្តា​ប្រទេស​និកាយ​កាតូលិក​ប៉ុណ្ណោះ​។ ចំណែក​និកាយ ប្រូ​តេស្ត​ង់ នៅតែ​ធ្វើ នៅ​ថ្ងៃទី​៦ ខែមករា ។​

​ដោយសារ​អំណាច​ស្តេច Constantine នេះ​ជាដើម បើទោះបីជា​ពួក​អ្នកណា មិន​ជឿ​គ្រិស្ត សាសនា ក៏​ត្រូវតែ​ប្រតិបត្តិ​តាម​គ្រិស្តសាសនា​ដែរ ហើយ​បុណ្យ Dies Natalis Solis Invicti ក៏​លែងមាន​វត្តមាន ក្នុង​លោក​តាំងពី​ពេលនោះ ហើយ​បុណ្យ​រំឭក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត ឬ បុណ្យ​ណូអែល ក៏ត្រូវ​បាន​គេ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ជាដំបូង​នៅ​ឆ្នាំ ៣០៦ នោះឯង ហើយ​ត្រូវបានធ្វើ មិនមែន​គ្រាន់តែ​រំឭក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត (​ព្រោះ​ព្រះ​គ្រិស្ត មិនមែន​ប្រសូត ថ្ងៃទី​២៥ ធ្នូ ) ប៉ុន្តែ​គឺ​ធ្វើ​ដើម្បី​ពង្រីក​មនោគមន៍វិជ្ជា ឬ​លទ្ធិ​គ្រិស្តសាសនា ។​

​នៅក្នុង​សម័យ​ទំនើប ការបង្ខិតបង្ខំ​បែប​នោះ លែង​សូវ​មាន​ឥទ្ធិពល ទើប​បុណ្យ ណូអែល ប្រែ​រូបរាង​បន្តិច គឺ​ទៅជា​ធ្វើឡើង តាមរយៈ​ការបង្កើតឱ្យមាន​កម្មវិធី​សប្បាយ​នានា ដើម្បី​អូស ទាញ​ចំណាប់អារម្មណ៍​មនុស្ស និង​បង្កើត​អនុស្សាវរីយ៍ ដូចជា​ជាការ​ចែក​ការដូ​ជាដើម​។​

ដោយសារ​អំណាច​របស់​ស្តេច Constantine នេះ ពួក​អ្នក​គោរព​ព្រះអាទិត្យ​ក៏ត្រូវ​តែ​ងា​កមក ឱនលំទោន​គ្រិស្តសាសនា​ដែរ ឬក៏​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​ប្រទេស​ដទៃ ។ ពុំ​នោះទេ ពួកគេ​នឹងត្រូវ​មានទោស ពីបទ​បំពាន​ព្រះរាជ​បញ្ជា ។ ប្រហែលជា​ឆ្នាំ ៣៣៨ ក្នុង​រជ្ជកាល​ស្តេច Alexandria ពិធីបុណ្យ​រំឭក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី​២៥ ខែធ្នូ​នេះ​ត្រូវបាន​នាំយកទៅ សាប​ព្រួស នៅ​បូព៌ា​ប្រទេស​ផងដែរ ។​
​ ​
ហាក់​ពុំមាន​អំណះអំណាង​ជាក់លាក់​ថា ហេតុអ្វី​បានជា​ប្រទេស​រុស្ស៊ី ធ្វើបុណ្យ​ណូអែល​នៅ​ថ្ងៃទី​៧ ខែមករា​ទេ ខណៈដែល​ប្រទេស​ដទៃ ពី​បុរាណ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែមករា ហើយ​គេ​ក៏​មិនបាន​ដឹងថា រុស្ស៊ី​ចាប់ផ្តើម​ធ្វើបុណ្យ​នេះ ពី​ឆ្នាំ​ណា​ដែរ ។ ទោះយ៉ាងណា គេ​អាច​សន្និដ្ឋានបានថា ដោយហេតុតែ គ្មាន​អ្នកណា​ដឹងថា ព្រះ​យេស៊ូ កើត​នៅ​ថ្ងៃ​ណា​ពិតប្រាកដ ហើយ​គេ​គ្រាន់តែ​សង្ស័យថា ពី​ចន្លោះ​ថ្ងៃទី​៧-២ ខែមករា មុន​គ​.​ស នោះឯង​ហើយ​ទើប​ប្រទេស​រុស្ស៊ី​ប្រារព្ធ​ពិធីបុណ្យ​រំឭក ខួបកំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី​៧ ខែមករា ហើយក៏​ដោយសារតែ​ប្រទេស​រុស្ស៊ី​កាន់សាសនា គ្រិស្ត​បុរាណ ទើប​មិន​កែប្រែ​ទៅធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ដូច​ប្រទេស​ដទៃ ។​

​ក៏មាន​មេដឹកនាំ​សាសនា​គ្រិស្ត​នៅ​រុស្ស៊ី​ខ្លះ យល់ថា មូលហេតុ​ដែល​ពួកគេ មិន​ធ្វើបុណ្យ​ណូអែល នៅ​ថ្ងៃ ២៥ ខែធ្នូ ពុំមែន​ជា​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត​ទេ គឺ​គ្រាន់តែ​ជា​ថ្ងៃ​ដែល​ស្តេច Constantine ដណ្តើមយក​ពី​ពួក​គោរព​ព្រះអាទិត្យ​ប៉ុណ្ណោះ ឬ​និយាយ​ម្យ៉ាង​ទៀតថា អ្នកដឹកនាំ​សាសនា​គ្រិស្ត នៅ​រុស្ស៊ី យល់ថា ថ្ងៃ​២៥ ខែធ្នូ គឺជា​ថ្ងៃបុណ្យ ដើម្បី​រំឭក​អាទិទេព​របស់​ពួក​អ្នក​គោរព​ព្រះអាទិត្យ ហើយ​មិនមែនជា​បុណ្យ​សម្រាប់​រំលឹក​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត​ទេ បើ​ធ្វើបុណ្យ​ណូអែល នៅ​ថ្ងៃទី​២៥ ទោះជា​គេ​ខំ​បកស្រាយ​យ៉ាងណា ក៏​ការពិត នៅតែ​ជាការ​ពិត​ពោលគឺ​នៅតែ​ជា ថ្ងៃបុណ្យ​របស់​ពួក​សាសនា​ព្រះអាទិត្យ​ដដែល ។​

​ទោះយ៉ាងណា អំណះអំណាង​នេះ ពុំមាន​អ្នកមាន​ឥទ្ធិពល​ណា ចេញមក​ប្រកាស​ជា​ផ្លូវការ​ឡើយ ក៏​ប្រហែលជា​ខ្លាច​ប៉ះពាល់​ដល់​កិត្តិនាម នៃ​ថ្ងៃបុណ្យ​ណូអែល​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ទេ​ដឹង ? ព្រោះ​ពួកគេ​គិតថា ទោះជា​និកាយ​ណា ក៏​ពួកគេ គឺជា​គ្រិស្តបរិស័ទ​ដូចគ្នា​ដែរ ហើយ​ការធ្វើ​ណូអែល នៅ​ថ្ងៃទី​២៥ ធ្នូ នោះ​ទៀតសោត ក៏​នាំមក​នូវ​ផលចំណេញ​ដល់​គ្រិស្តសាសនា​ច្រើន​ឥត​គណនា​ឡើយ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ។​
​ ​
​ជា​ចំណុច​ដ៏​សំខាន់បំផុត​មួយ ដែល​គួរកត់សម្គាល់​នោះ គឺ​បដិវត្តន៍ ខែតុលា ឆ្នាំ​១៩១៧ ( នៃ​ប្រតិទិន ជូ​លាន ដែល​ត្រូវជា​ថ្ងៃទី​៧ ខែវិច្ឆិកា នៃ​ប្រតិទិន​ហ្ក្រ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល​នាពេល បច្ចុប្បន្ន ) ពោលគឺ​ក្នុងអំឡុង​សម័យកាល សហភាពសូវៀត បុណ្យ​ណូអែល ក៏ដូចជា​ពិធី​នានា ក្នុង​សាសនា​គ្រិស្ត ត្រូវបាន​ហាមឃាត់ រហូតដល់​ឆ្នាំ ១៩៣៥ ដែល​ឥទ្ធិពល​កុ​ម្មុយ​និ​ស្ត នៅ​សូ​វៀត មានការ​ប្រែប្រួល ទើប​ពិធី​ក្នុង​សាសនា​គ្រិស្ត រួមទាំង​ថ្ងៃបុណ្យ​ណូអែល​ផង ត្រូវបាន​ប្រារព្ធ​ធ្វើ និង​បាន​ក្លាយជា​ថ្ងៃ​សម្រាក​ជាតិ​ឡើងវិញ នៅក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ ហើយ​ធ្វើ​នៅ ថ្ងៃទី​៧ ខែមករា ដដែល ពោលគឺ​មិន​កែប្រែ​ទៅធ្វើ​នៅ​ថ្ងៃទី​២៥ ខែធ្នូ តាម​បណ្តា​ប្រទេស​នានា ក្នុង​លោក​ឡើយ ។ ហើយក៏​មានការ​ជំទាស់​ជាច្រើន​ចំពោះ​ការកំណត់​យក​ថ្ងៃបុណ្យ​ណូអែល ដាក់​ជា​ថ្ងៃ​សម្រាក​ជាតិ ។​
​ ​
បុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី មាន​លក្ខណៈ​ប្លែក​ជាង​បុណ្យ​ណូអែល នៃ​បណ្តា​ប្រទេស​ដទៃ ដោយ​គ្រិស្តបរិស័ទ រៀបចំ​អាហារ ១២ មុខ សម្រាប់​បរិភោគ​ជុំគ្នា ក្នុង​គ្រួសារ ដោយ​គេ​ចាត់ទុកថា អាហារ​មួយ​មុខ តំណាងឱ្យ​សាវ័ក​មួយរូប របស់​ព្រះ​គ្រិស្ត ។​

ពាក្យ​ថា Christmas (Christmas Day , Xmas) មកពី​ពាក្យ​ថា Christ’s Mass (​បង្កើត​នៅ​ឆ្នាំ​១១៣១ នៃ គ​.​ស ) ជា​ពាក្យ​ក្លាយ​មកពី​ភាសា​អង់គ្លេស សម័យ​កណ្តាល​ថា Cristemasse (​បង្កើត​នៅ​ឆ្នាំ​១០៣៨ នៃ គ​.​ស ) មានន័យ​ជា​ខេមរភាសា​ថា “ បណ្តុំ​នៃ អ្នក​គ្រិស្ត​និយម “ ឬ “ ប្រជុំ​នៃ​ពួក​ជន​អ្នក​កាន់​គ្រិស្តសាសនា “ ដោយហេតុថា បុណ្យ Christmas ឬ បុណ្យ​ណូអែល គឺជា​បុណ្យ​របស់​ពួក​គ្រិស្ត​សាសនិក​សុទ្ធសាធ ឬ និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​ថា គេ​ធ្វើបុណ្យ​ណូអែល ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ បញ្ជ្រាប និង ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា ។​

​ពិធីបុណ្យ Christmas បាន​កើនឡើង​ឥទ្ធិពល និង​ប្រជាប្រិយ​កាន់តែ​ខ្ទរខ្ទា​ខ្លាំង​ថែមទៀត បន្ទាប់ពី​ស្តេច Charlemagne នៃ អ៊ីតាលី បាន​ឡើង​គ្រង​អំណាច ជា​ព្រះ​ចៅ​អ​ធិ​រាជ្យ នៅ​ថ្ងៃបុណ្យ Christmas នា ឆ្នាំ​៨០០ នៃ គ​.​ស ។ ស្តេច Edmund the Martyr ត្រូវបានធ្វើ​ពិធី​ជ្រមុជ​ទឹក​នៅ​ថ្ងៃ Christmas នា​ឆ្នាំ​៨៥៥ ហើយ​ស្តេច William I នៃ ចក្រភព​អង់គ្លេស​បាន​ឡើង​គ្រង​រាជ​នៅ​ថ្ងៃបុណ្យ Christmas នា​ឆ្នាំ​១០៦៦ ។ ស្តេច Richard II នៃ ចក្រភព​អង់គ្លេស បាន​ស្វាគមន៍​ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១៣៧៧ ដោយ​ការយក គោ​ឡើង ក ចំនួន​២៨ ក្បាល និង ជៀម ៣០០​ក្បាល​ធ្វើជា​ម្ហូប​ជប់លៀង ថ្ងៃបុណ្យ​នេះ ។​

​មិន​ថា បុណ្យ​ណូអែល​ធ្វើ​នៅ​ថ្ងៃទី​៦ ឬ ទី​៧​ខែមករា ឬ​ថ្ងៃទី​២៥ ខែធ្នូ​ឡើយ ក៏​វា​នៅតែ​ក្នុង បំណង​ដូចគ្នា គឺ​ដើម្បី​រំលឹក​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ​បញ្ជ្រាប និង​ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា ប៉ុន្តែ​ប្រការ​ដែល​អ្នកវិភាគ​មួយចំនួន សើចចំអក​លែបខាយ និង​បារម្ភ​នោះ គឺ​ប្រជាជន​កម្ពុជា ដែលជា​អ្នក​កាន់​ពុទ្ធសាសនា ភាគច្រើន​នៅ​ទីប្រជុំជន​ធំៗ មាន​រាជធានី​ភ្នំពេញ​ជាដើម ដោយ​រួមទាំង​សាលា​ឯកជន​ផង បាន​ជ្រុល​ជ្រើម​សាទរ​បុណ្យ​ណូអែល យ៉ាង​ឥត​អៀនខ្មាស​៕ ដោយ​: មេសា​

ការតាំង​ដើម​សា​ប៉ាំង​ក្នុងឱកាស​បុណ្យ​ណូអែល​នៅ​រុស្ស៊ី
​អាហារ​ក្នុង​ថ្ងៃបុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី