ហេតុអ្វី​បានជា​អង្គការ​សម្ព័ន្ធ​អារ៉ាប់​បិទ​ភ្នែក​ចំពោះ​ការវាយប្រហារ​ស៊ី​រី​?

1396

​បណ្តា​មេដឹកនាំ​អារ៉ាប់​បាន​ជួបជុំគ្នា​សំរាប់​ជំនួប​កំពូល​អារ៉ាប់​លើក​ទី​២៩​នៅ​ក្រុង​ដា​រ៉ា​ន ប្រទេស​អា​រ៉ាប៊ី សា​អូឌីត កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក្រោយ​អន្តរាគមន៍​យោធា​លោកខាងលិច​នៅ​ស៊ី​រី​។​

​ស្តេច​អារ៉ាប​ប៊ី ព្រះ​ចៅ Salman bin Abdul-Aziz Al Saud បាន​បើក​ជំនួប​កំពូល ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា​”​ជំនួប​កំពូល ជេ​រុយ​សាឡឹម “​ជា​ឈ្មោះ​ដែល​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ខ្លះ​នៅ​មជ្ឈិមបូព៌ា​។​ឈ្មោះ​និង​ប្រធានបទ​នៃ​ជំនួប​នេះ​បង្កើត​សារ​កប់យោបល់​ជាច្រើន​។​អ្នកសង្កេតការណ៍​ស៊ី​រី​ខ្លះ​និយាយ​ថា​វេទិកា​ពហុភាគី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​បណ្តា​ប្រទេស​អារ៉ាប់​នេះ បរាជ័យ​ក្នុង​ការបញ្ជូន​សម្លេង​ឯកភាព​គ្នា​ខ្លាំងក្លា​មួយ​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​។​

​និយាយអោយចំ​ទៅ ពិភព​អារ៉ាប់​ឥឡូវ​មាន​ការបែកបាក់​ខ្លាំង​និង​ក៏​ខ្សោយ​ណាស់​ដែរ​នៅ​ក្នុងការ​ប្រតិកម្ម​ចំពោះ​វិបត្តិ​បន្ទាន់ៗ​បំផុត​នៅក្នុង​តំបន់​របស់​ខ្លួន​។​

​វិបត្តិ​ស៊ី​រី​ជា​ប្រភព​នៃ​ការមិនចុះសម្រុង​គ្នា​នៅក្នុង​ពិភព​អារ៉ាប់​អស់​ពេល​រាប់​ឆ្នាំ​មកហើយ​។​បណ្តា​ប្រទេស​រាជានិយម​ក្នុង​ឈូង​សមុទ្រ ដូចជា​អា​រ៉ាប៊ី សា​អូឌីត និង​កាតា ស្ថិត​ចំណោម​អ្នក​ទទួល​ផល​ដ៏​សំខាន់​និង​សកម្ម​ពី​កងកម្លាំង​ប្រឆាំង​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ​២០១១ ដោយ​សង្ឃឹមថា​ប្រើ​កម្លាំង​នេះ​ដើម្បី​ជួយ​ទប់​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​តាមរយៈ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​។​

​ហេតុ​ដូច្នេះ​ហើយ ទាំង​កាតា អា​រ៉ាប៊ី​និង​បារ៉េន បាន​គាំទ្រ​ដោយ​ចំហ​ចំពោះ​ការវាយប្រហារ​របស់​អា​មេរិក បារាំង​និង​អង់គ្លេស​លើ​អ្វី​ដែល​លោក​ខាង​លោក​អះអាងថា​ជា​ហេដ្ឋារចនាសម្ពន្ធ​សព្វា​វុ​ធ​គីមី​ស៊ីរី​។​

​ចំណែក​អ៊ីរ៉ាក់​និង​លី​បង់ ទាំងពីរ​ដែល​មាន​សហ​គ​មន៍​អ៊ីស្លាម​និកាយ​សៀ​ដ៏​ធំ និង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​និង​ស៊ី​រី ប្រឆាំង​អន្តរាគមន៍​បរទេស​លើ​ស៊ី​រី​និង​បាន​ហៅ​វា​ថា​ជា​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​របស់​លោក​ខាងលិច​។​

​អេ​ហ្ស៊ី​ប ដែល​ជា​អតីត​ប្រធាន​ពិភព​អារ៉ាប់ បាន​យល់ព្រម​អោយ​អា​រ៉ាប៊ី សា​អូឌីត កាន់កាប់​អង្គការ​សម្ព័ន្ធ​អារ៉ាប់​នេះ​ដោយសារ​តែ​ជំនួយ​ហិរញ្ញវត្ថុ​ឈូង​សមុទ្រ​សំរាប់​វិបត្តិ​សង្គម​សេដ្ឋកិច្ច​របស់​ខ្លួន​។​

​ងាក​មក​ទុយ​នេ​ស៊ី​និង​លី​ប៊ី វិញ ពួកគេ​កំពុង​ឆ្លងកាត់​អន្តរកាល​មួយ​ចាប់តាំងពី​បដិវត្តន៍​Arab Spring​នៅ​ឆ្នាំ​២០១១ និង​មិន​មាន​ពេល​ទៅ​រវីរវល់​នឹង​បញ្ហា​តំបន់​ទេ ខណៈ​ដែល​អាល់​ហ្សេ​រី ដែល​មាន​ប្រវត្តិ​មិន​ពេញចិត្ត​នឹង​ឧទ្ទាម​កម្ម​អ៊ីស្លាម មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការគាំទ្រ​ការ​ផ្សងព្រេង​របស់​បណ្តា​ប្រទេស​ឈូង​សមុទ្រ​តែ​រដ្ឋាភិបាល​ក្រុង​អាល់​ហ្សែ​រ ក៏​ត្រូវ​ផាត់​ចេញពី​ឆាក​កណ្តាល​នៃ​នយោបាយ​មជ្ឈិមបូព៌ា​ដែរ​។​

​ម៉ារ៉ុក ក្នុងនាម​ជា​ប្រទេស​រាជានិយម​យូរលង់​មួយ​នៅ​អាហ្វ្រិក​ខាងជើង បាន​សម្តែង​ការគាំទ្រ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ចំពោះ​សម្ព័ន្ធមិត្ត​អារ៉ាប់​តែ​ខិតខំ​ដក​ខ្លួន​នៅ​ឆ្ងាយ​ពី​មហន្តរាយ​ស៊ី​រី​។​

​ស្ថិតក្រោម​កាលៈទេសៈ​ដូច្នេះ ជំ​នួន​កំពូល​ក្រុង​ដា​រ៉ា​ន​បង្ហាញ​ពី​ឆាក​សម្តែង​ដោយ​តួអង្គ​តែមួយ​សំរាប់​” ប្លុក​អា​រ៉ាប៊ី សា​អូឌីត​” ដែល​បាន​អំពាវនាវ​អោយ​មាន​ការស៊ើបអង្កេត​អន្តរជាតិ​មួយ​លើ​ការប្រើ​សព្វាវុធ​គីមី​នៅ​ស៊ី​រី និង​បាន​រិះគន់​”​ការជ្រៀតជ្រែក​របស់​អ៊ីរ៉ង់​”​នៅក្នុង​តំបន់​។​

​ចំពោះ​ការវាយប្រហារ​ដោយ​លោក​ខាង​លោ​ច​លើ​ស៊ី​រី សេចក្តីថ្លែងការណ៍​នៃ​ជំ​នួន​នេះ​គ្រាន់តែ​និយាយថា ពួកគេ​”​តាមដាន​សកម្មភាព​នៃ​កងកម្លាំង​លោកខាងលិច​” ដោយ​គ្មាន​ចេញ​ការ​ថ្កោលទោស​លោក​ខាងលិច​ទេ​។​

​ក្រោយ​ជំនួប​កំពូល ស្តេច​Salman​បាន​ត្រួត​មើល​សមយុទ្ធ​យោធា​ធំ​មួយ​នៅ​ជិត​ទីក្រុង​ដា​រ៉ា​ន ដែល​រួមមាន​ទាហាន​មក​ពី​ប្រទេស​អារ៉ាប់​២២ ដោយ​សម្ញែង​សាច់ដុំ​របស់​អារ៉ាប់​និកាយ​ស៊ុន​នី ដើម្បី​រារាំង​”​ការឈ្លានពាន​របស់​អ៊ីរ៉ង់​”​។​ជាងនេះទៀត នៅ​២​ថ្ងៃក្រោយ​ជំនួប​កំពូល រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ី សា​អូឌីត បាន​និយាយថា​ព្រះរាជាណាចក្រ​របស់លោក​នឹង​ពិភាក្សា​ជាមួយ​អាមេរិក​អំពី​ការបញ្ជូន​ទ័ព​ទៅកាន់​ស៊ី​រី​ដើម្បី​ជំនួស​ទាហាន​អាមេរិក​២.០០០​នាក់​ដែល​ត្រូវ​ដកចេញ​ពី​ប៉ែក​ខាងជើង​ប្រទេស​។​

​បើ​វា​ក្លាយជា​ការពិត ហានិភ័យ​នៃ​ការប្រឈមមុខ​យោធា​ដោយផ្ទាល់​រវាង​អា​រ៉ាប៊ី សា​អូឌីត និង​កងកម្លាំង​អ៊ីរ៉ង់​នៅ​ស៊ី​រី​កាន់​នឹង​កើន​យ៉ាងគំហុក​។​

​ទៅ​អនាគត ពិភព​អា​រា់ប់នឹង​នៅតែ​បែកបាក់​និង​ទុក​អោយ​អា​រ៉ាប៊ី សា​អូឌីត ធ្វើ​ព្យុះ​ភ្លៀង​លើ​បញ្ហា​តំបន់​ជាច្រើន​ក្នុងនាម​អង្គការ​សម្ព័ន្ធ​អារ៉ាប់​។​វា​ក៏​មានន័យថា​តួអង្គ​មិនមែនជា​អារ៉ាប់ ដូចជា​អ៊ីស្រាអែល អ៊ីរ៉ង់​និង​តួ​ក​គី នឹង​នៅតែ​ដើរតួ​សំខាន់​នៅ​ស្ទើរ​រាល់​បញ្ហា​ក្តៅ​ក្នុង​តំបន់​។​

​សង្គ្រាម​តំណាង អន្តរាគមន៍​បរទេស ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នៅ​ស៊ី​រីនឹង​នៅតែ​បន្ត ដ​រា​ណា​បណ្តា​ប្រទេស​អារ៉ាប់​មិនទាន់​មាន​សាមគ្គីភាព​ហើយ​យល់​ដឹង​ថា​ការអត់ឱន​អាច​បង្កបង្កើត​សន្តិ​ភាពថិត​ថេរ​នៅ​មជ្ឈិមបូព៌ា​៕​

ដោយ​៖Gong Zheng,​ប្រែ​សម្រួល​៖​វាសនា​