ហេតុអ្វី​ប្រទេស​កម្ពុជា​គួរ​ដាក់បញ្ចូល​កម្មវិធី​សុខភាព​ផ្លូវចិត្ត​នៅក្នុង​សាលារៀន​?

1704
ចែករម្លែក
  • 1
    Share

ដោយ:សុផល​/​ភ្នំពេញ ៖ អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​៤​នាក់ នឹង​ទទួលរង​គ្រោះ ដោយសារ​បញ្ហា​ផ្លូវចិត្ត និង​ជំងឺផ្លូវចិត្ត នៅ​ចន្លោះ​អាយុ ១០-៣៤​ឆ្នាំ​។ នៅក្នុង​នោះដែរ​មាន​មនុស្ស​ប្រហែល ៤៥០​លាន​នាក់ កំពុង​ព្យាបាល​ជំងឺផ្លូវចិត្ត និង​អសមត្ថភាព​មិនអាច​ធ្វើ​ការងារ​បាន​។​

ជាពិសេស​សិស្សានុសិស្ស ដែល​ស្ថិតនៅក្នុង​វ័យ​ជំទង់ ទាំង​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​អភិវឌ្ឍ ជាច្រើន​នាក់ បានធ្វើ​អត្តឃាត​រៀងរាល់​ឆ្នាំ ដោយសារ​មួល​ហេតុ​ដូចជា សម្ពាត​ពី​ការប្រលង សម្ពាធ​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ ដោយឡែក​តាម​ការសិក្សា​របស់​អង្គការ​ចិត្ត​សង្គម​និង​អន្តរ​វប្បធម៌​កម្ពុជា នៅ​ឆ្នាំ ២០១១ បង្ហាញថា​ប្រជាជន​ខ្មែរ ប្រមាណ​៣៩​ភាគរយ មាន​ជំងឺ​ថប់​បារម្ភ និង​២៩%​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ ទាំងនេះ គឺជា​ហេតុផល ដែល​សាលារៀន​គួរ​ដាក់បញ្ចូល កម្មវិធី​សុខភាព​ផ្លូវចិត្ត តាម​រយៈ​វគ្គ​បណ្តុះបណ្តាល និង​ការប្រឹក្សា​យោបល់​ដែល​ឯករាជ្យ រួមទាំង​រក្សា​ការសម្ងាត់ និង​ផ្តល់​ដោយ​អ្នកឯកទេស​ចិត្តសាស្ត្រ​។

តើ​អ្វី​ទៅជា​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​ចិត្តសាស្ត្រ​ក្នុង​សាលារៀន​?

នេះ​ជាការ​ពិភាក្សា​ពី​បញ្ហា​ក្នុង​ចិត្ត​ដោយ​ជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ឈានទៅរក​ដំណោះស្រាយ​មួយ​ដ៏​សមស្រប ក្នុង​គោលបំណង​ឲ្យ​អ្នក​ដែលមាន​បញ្ហា​ទទួលបាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​នៅ​ជុំវិញខ្លួន​។ ដោយហេតុថា បញ្ហា​​​ផ្លូវចិត្ត​របស់​មនុស្ស​ម្នាក់ មាន​ឬ​សគុល​ស្មុគស្មាញ និង​អាច​ជះឥទ្ធិពល​ដល់​អ្នកផ្សេង​​ទៀត​ដែល​ពាក់ព័ន្ធ កម្មវិធី​នេះ គួរតែ​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់​គ្រប់គ្រង​របស់​សាលារៀន និង​ផ្តល់​ដោយ​អ្នកឯកទេស​ចិត្តសាស្ត្រ ហើយ​អ្នក​ដែល​ចូលរួម​កម្មវិធី​នេះ​អាចជា​សិស្សានុសិស្ស មាតាបិតា លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​របស់​សាលារៀន​។

បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​កុមារ អាច​ទទួលរង​ឥទ្ធិពល​ពី​គ្រួសារ សង្គម និង​សាលា​រៀន​របស់គាត់ ប៉ុន្តែ​បើ​បញ្ហា​នោះ​ត្រូវ​ដោះស្រាយបាន​ទាន់ពេលវេលា ពួកគាត់​នឹង ទទួលបាន​នូវ​គុណភាព​ជីវិត​មួយ​ដ៏​ល្អប្រសើរ ពោលគឺ​ការសិក្សា​របស់​ពួកគាត់​នឹងមាន​ការរីកចម្រើន ជា​លំដាប់​។

តាម​ប្រសាសន៍​របស់លោក​ស្រី ម៉េង ឈាង​លីន អ្នក​ចិត្តសាស្ដ្រ​នៅ​ក្រុមហ៊ុន​អេ​ស៊ា ហៅ​សន៍ អេ​ដ ជា​ក្រុមហ៊ុន​ផ្តល់នូវ​សេវាកម្ម​ប្រឹក្សា​យោបល់ បានបង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ទៅលើ​កម្មវិធី​ប្រឹក្សា​យោបល់​នៅ​សាលារៀន​ថា​“​សម្រាប់​ខ្ញុំ​កម្មវិធី​ប្រឹក្សា​យោបល់​នៅ​សាលារៀន​គឺ​ដើរតួនាទី​សំខាន់ ក្នុង​ការជួយ​ប្រឹក្សា​រាល់​បញ្ហា​របស់​សិស្ស អាណាព្យាបាល និង​លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​បុគ្គលិក នៅក្នុង​សាលារៀន​ផងដែរ​។ នៅក្នុង​ជីវិត​រស់នៅ​ទាំង​នៅក្នុង​គ្រួសារ ឬ​នៅក្នុង​ស្ថាប័ន​នានា អាច​ទទួលបាន​ជោគជ័យ និង​ស្ថេរភាព​ទៅបាន​នៅពេលដែល​សមាជិកគ្រួសា​រ ឬ​បុគ្គលិក​បម្រើ ការងារ​នោះ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ​”​។​

​ដោយ​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​ប្រឹក្សា​យោបល់ ថា្នក់​គ្រប់គ្រង​សាលារៀន​វ៉េ​ស្ទ​ឡាន៍ និង​ណ​ត្ស​ឡា​ញន៍ ដែលមាន​១០​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់បញ្ចូល​កម្មវិធី​នេះ ជូន​ដល់​សិស្សានុសិស្ស មាតាបិតា និង​បុគ្គលិក​ដោយ​ឥតគិតថ្លៃ ដោយមាន​ការសហការ​ជាមួយ ក្រុមហ៊ុន​ប្រឹក្សា​យោបល់ អេ​ស៊ា ហៅ​សន៍ អេ​ដ​។​

លោក លន់ ភា​រិ​ន នាយក​ផ្នែក​អប់រំ​នៃ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ បាន​លើកឡើងថា​« អ្នក​ប្រឹក្សា​យោបល់ គឺជា​គ្រូ បង្រៀន ហើយ​ការប្រឹក្សា​យោបល់​ក៏ដូចជា​ការបង្រៀន​ដែរ​។ លោក​ក៏បាន​បន្ដទៀតថា កម្មវិធី​ប្រឹក្សា ផ្នែក​សិក្សាអប់រំ និង​ចិត្តសាស្ត្រ​បង្កើតឡើង ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​កា​រ​សិក្សា​មួយ​ល្អ ប្រសើរ ចៀសវាង​កុំ​ឲ្យ​មាន​អារម្មណ៍​ធុញថប់​ក្នុងការ​សិក្សា ហើយ​កម្មវិធី​នេះ​នឹង​អាចជួយ​ឱ្យ សិស្សានុសិស្ស​មាន​ភាពស្និទ្ធស្នាល​ជាមួយ​មនុស្ស​ជុំវិញខ្លួន ពិសេស​ជាមួយ​ក្រុមគ្រួសារ ដោយ ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​ប្រឹក្សា​យោបល់ ដើម្បី​គាំទ្រ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត និង​សម្ងាត់​បំផុត​”​។

ចំណែក លោក ទេស សុខ​ជា នាយក​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ផ្សារ​តូច បាន​មានប្រសាសន៍ថា “​ការអប់រំ​ភាគច្រើន​ផ្ដោត​តែ​លើ​ជំនាញ​តាម​ការស្រាវជ្រាវ ឃើញថា មនុស្ស​ត្រូវការ​ជំនាញ​ទន់ (Soft Skill) ជា​ចាំបាច់ ដូច​ច្នេះ​ហើយ បានជា​លោក​យល់ឃើញថា កម្មវិធី​ប្រឹក្សា​យោបល់ អាចជួយ​ឲ្យ​សិស្ស អ្នកអាណាព្យាបាល និង​បុគ្គលិក មាន​សុខភាព​ផ្លូវ​ចិត្តល្អ ស្គាល់​ខ្លួនឯង និង​មាន​ស្ថេរភាព​ផ្នែក​អារម្មណ៍ ព្រោះ​ភាពជោគជ័យ​ត្រូវ​ផ្ដោតលើ​អារម្មណ៍​របស់ មនុស្ស​”​។

យោងតាម​ឯកសារ​នៅ​ប្រទេស​អូស្ត្រាលី ខណៈដែល​គោលនយោបាយ​ជាតិ​គាំទ្រ​ឲ្យ​មាន​កម្មវិធី ប្រឹក្សា​យោបល់​នៅ​សាលារៀន អ្នក​ប្រឹក្សា​យោបល់​ត្រូវ​បានផ្តល់​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ សុខភាព​ផ្លូវចិត្ត​ដល់​គ្រូបង្រៀន ឪពុកម្តាយ និង​សិស្ស ព្រមទាំង​ជួយ​ដល់​មាតាបិតា​សិស្ស​លើ ការអប់រំ និង​បញ្ហា​អាកប្បកិរិយា​របស់​កូន​។

ចំណែកឯ​នៅ​ប្រទេស​ហ្វីលីពីន សមាជជាតិ​នៃ ប្រទេស​នេះ​បានអនុម័ត​ច្បាប់​ថ្មី ស្តីពី​ការប្រកាស់​ឲ្យ​មាន​អ្នក​ប្រឹក្សា​យោបល់​នៅ​សាលារៀន​ថ្នាក់ មធ្យមសិក្សា និង​វិទ្យាល័យ នៅ​ឆ្នាំ ២០០៤​។ នៅក្នុង​កម្មវត្ថុ​នៃ​ច្បាប់​នេះ គឺ​ផ្តោតទៅលើ​ការអនុវត្ត ប្រកបដោយ​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​កំរិត​ខ្ពស់ ដែល​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ក្របខ័ណ្ឌ​ជាតិ និង​ការបង្កើតច្បាប់​គ្រប់គ្រង​អ្នកឯកទេស ប្រឹក្សា​យោបល់​នៅតាម​សាលារៀន​។​

សរុបសេចក្តី​មក​យើង​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា ការដាក់បញ្ចូល​កម្មវិធី​សុខភាព​ផ្លូវចិត្ត នៅ​សាលារៀន​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នូវ​ចំណេះដឹង និង​ផ្តល់​ប្រឹក្សា​យោបល់​ដោយ​អ្នកជំនាញ​បានទទួល ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល និង​ថ្នាក់​គ្រប់គ្រង​របស់​សាលារៀន​តាម​បណ្តាល ប្រទេស​មួយចំនួន​។​យ៉ាងណាមិញ​ការផ្តល់​ចំណេះដឹង​ទាក់ទង​នឹង​កម្ម​វី​ធី​សុខភាព​ផ្លូវចិត្ត​និង​ការដាក់ បញ្ចូល​កម្មវិធី​នេះ​នៅ​ក្នុ​សាលារៀន ឬ​នៅតាម​ស្ថាប័ន​នានា​នៅក្នុង​ប្រទេស​កម្ពុជា នៅមានកម្រិត ខ្ពស់​នៅឡើយ​៕B/

#