ហេតុអ្វី​អាម៉េរិក​ត្រូវការ​ក្រុមចម្រុះ​កងទ័ពជើងទឹក​ដើម្បី​ល្បាត​ច្រក​សមុទ្រ​ហ័​រ​មូស​?

264
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ ជឿថា រដ្ឋ​មកពី​តំបន់​ផ្សេងៗ​គ្នា​នឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​ក្រុមចម្រុះ​ដែល​កំពុង​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​គោលបំណង​ធានា​នូវ​សេរីភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។​

​តើ​ការបង្កើត​ក្រុមចម្រុះ​បែបនេះ​គឺ​សម​ហេតុផល​ទេ​? តើ​ការបង្កើត​ក្រុមចម្រុះ​នេះ​នឹង​ព​ន្លឿ​ន​សេណារីយោ​ធា​កាន់តែ​ធំ​ឡើង ពោលគឺ​ជម្លោះ​ដោយ​បើកចំហរ​ជាមួយ​អ៊ីរ៉ង់​?

​សហរដ្ឋ​អាម៉េរិក​កំពុង​ព្យាយាម​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន​សម្រាប់​គំនិត​ផ្តួចផ្តើម​ដើម្បី​ពង្រឹង​ការឃ្លាំមើល​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ​នៅ​មជ្ឈិមបូព៌ា​ដោយសារតែ​មានការ​គំរាមកំហែង​ពី​អ៊ីរ៉ង់​។​

​វ៉ាស៊ីនតោន​បានស្នើ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឱ្យ​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​ដែនទឹក​យុទ្ធសាស្ត្រ​នៅក្បែរ​ប្រទេស​អ៊ីរ៉ង់​និង​យេ​ម៉ែន កន្លែង​ដែល​អាម៉េរិក​ចោទ​អ៊ីរ៉ង់​និង​ក្រុម​ឧទ្ទាម​អា​ចក់​អា​ចែម​របស់ខ្លួន​ថា​បានធ្វើការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ខណៈ​អ៊ីរ៉ង់​បដិសេធ​ការចោទប្រកាន់​នេះ​។​

​ប៉ុន្តែ​ចាប់តាំងពី​សម្ព័ន្ធមិត្តរ​បស់​ទីក្រុង​វ៉ាស៊ីនតោន​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការបង្កើត​កងកម្លាំង​ប្រដាប់អាវុធ​ថ្មី​ឬ​កម្លាំង​ប្រយុទ្ធ​ថ្មី មន្ត្រីជាន់ខ្ពស់​របស់​ម​ន្ទីរ​បញ្ច​កោណ​ម្នាក់​បាន​និយាយថា​គោលដៅ​របស់​សហរដ្ឋ​អាម៉េរិក​មិនមែន​បង្កើត​ក្រុមចម្រុះ​យោធា​នោះទេ​ប៉ុន្តែ​ដើម្បី​រារាំង​ការវាយប្រហារ​លើ​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​។​

​ដោយសារតែ​ការភ័យខ្លាច​នៃ​ការប្រឈមមុខគ្នា ការចូលរួម​ណាមួយ​ដោយ​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទំនងជា​មាន​ដែន​កំណត់​ត្រឹមតែ​បុគ្គលិក​កងទ័ពជើងទឹក​និង​ឧបករណ៍​ដែលមាន​ស្រាប់​នៅនឹងកន្លែង​ប៉ុណ្ណោះ ក្បែរ​ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​ឈូង​សមុទ្រ​ពែ​ក្ស និង​ច្រក​សមុទ្រ​បាប​អាល់​ម៉ាន់​ដេ​ប​នៅ​សមុទ្រ​ក្រហម​។ លើសពីនេះទៅទៀត អ្នកឯកទេស​ខាង​នយោបាយ​អាម៉េរិក​និង​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​សិក្សា​ពិភពលោក​នៅ​វិទ្យាស្ថាន​ច្បាប់​និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​តេ​ហេ​រ៉ង់ លោក​ហ្វូ​ដ អ៊ី​ហ្សា​ឌី ជឿថា ក្រុមចម្រុះ​បែបនេះ​មុខតែ​នឹង​បរាជ័យ​។

​លោក​និយាយថា “​ការពិត​ដែលថា អាម៉េរិក​ចង់​បង្កើត​ក្រុមចម្រុះ​ប្រឆាំងនឹង​អ៊ីរ៉ង់​មិនមែនជា​រឿង​ថ្មី​នោះទេ​។ ពួកគេ​ចង់​ធ្វើ​ដូច្នេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ ហើយ​ដូច្នេះ ពួកគេ​បរាជ័យ​ឥតឈប់ឈរ​ក្នុង​ការបង្កើត​ក្រុមចម្រុះ​នេះ​ព្រោះ​គេ​យល់ថា​វា​ជា​ប្រភេទ​នៃ​ច្បាប់​មួយ​”​។​

​អ្នកវិភាគ​ជនជាតិ​អ៊ីរ៉ង់​រូបនេះ​បាន​ប្រៀបធៀប​បំណង​របស់​អាម៉េរិក​ក្នុង​ការបង្កើត​ក្រុមចម្រុះ​កងទ័ពជើងទឹក​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ទៅនឹង​ការប៉ុនប៉ង​បង្កើត​សម្ព័ន្ធ​យុទ្ធសាស្ត្រ​មជ្ឈិមបូព៌ា (MESA) ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ចំពោះ​ឈូង​សមុទ្រ​ពែ​ក្ស​និង​មជ្ឈិមបូព៌ា​។​

​លោក​និយាយថា “​ឧទាហរណ៍​ជាក់ស្តែង អាម៉េរិក​ចង់​បង្កើត​អ្វីដែល​គេ​ហៅថា “​ណា​តូ​អារ៉ាប់​” ប៉ុន្តែ​បាន​បរាជ័យ​។ គ្មាន​នរណាម្នាក់​នៅ​ចងចាំ​វា​ទេ​ឥឡូវនេះ​។ ឬមួយ​ពួកគេ​ចង់​បង្កើត​សម្ព័ន្ធភាព​ប្រឆាំងនឹង​អ៊ីរ៉ង់​ដែល​រួមមាន​ប្រទេស​អេ​ហ្ស៊ី​ប​ហ្ស៊​កដា​នី​និង​ប៉ា​គី​ស្ថាន ប៉ុន្តែ​គ្មាន​ប្រទេស​ណាមួយ​ក្នុងចំណោម​នេះ​ចង់បាន​វា​ទេ​”​។​

​យោងទៅតាម​លោក​អ៊ី​ហ្សា​ឌី ក្រុមចម្រុះ​បែបនេះ​គឺ​មិន​ទំនង​កើតឡើង​នោះទេ ដោយសារតែ​ស្ថានភាព​ដ៏​កម្សោយ​នៃ​គោលនយោបាយ​ការបរទេស​បច្ចុប្បន្នរ​បស់​រដ្ឋបាល​អាម៉េរិក​។​

​លោក​បន្តថា “​យើង​មិន​មើលឃើញ​ក្រុមចម្រុះ​ឬ​សកម្មភាព​របស់​អាម៉េរិក​បែបនេះ​អាច​បំបាក់​អ៊ីរ៉ង់​បានទេ ព្រោះ​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​បានដឹង​រួចហើយ​ថា គោលនយោបាយ​ការបរទេស​របស់លោក​ដូ​ណា​ល់ ត្រាំ​បាន​បរាជ័យ​។ ពី​ព្រឹត្តិការណ៍​ចុងក្រោយបង្អស់​នេះ គ្រប់គ្នា​បានដឹងថា​ចក្រភព​អង់គ្លេស​បាន​ឃាត់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​។ មនុស្ស​គ្រប់គ្នា​បានដឹង​ពីអ្វី​ដែល​លោក​ត្រាំ​បានធ្វើ​ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស​និង​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស និង​ដឹងថា​គាត់​បាន​ចម្អក​ឱ្យ​ពួក​អង់គ្លេស​ខ្លាំង​ដៃ​របៀប​ណា​។ នេះ​គឺជា​អាកប្បកិរិយា​ធម្មតា​របស់​ត្រាំ​ទៅហើយ ចំពោះ​អ្នក​ដែល​អះអាងថា​ជា​សម្ព័ន្ធមិត្ត​របស់​អាម៉េរិក​។ ក៏ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​មិនដែល​យកចិត្តទុកដាក់​ចំពោះ​ពួក​សម្ព័ន្ធមិត្ត​ទេ​។ ពិតណាស់ គាត់ [​ត្រាំ​] ធ្វើការ​សន្យា​ជាច្រើន ប៉ុន្តែ​គាត់​មិនដែល​បំពេញ​តាម​ការសន្យា​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Sutniknews