មនុស្សជាច្រើនចូលចិត្តបរិភោគយ៉ាអួមានជាតិខ្លាញ់តិច ឬ គ្មានជាតិខ្លាញ់ ដោយគេគិតថា វាមិនធ្វើឲ្យឡើងទម្ងន់ និងល្អសម្រាប់សុខភាពជាងពពួកយ៉ាអួផ្ទុកជាតិក្រែមធម្មតា ប៉ុន្តែតាមអ្នកជំនាញការខាងជីវជាតិបានអះអាងថា នេះជាទស្សនៈខុសទាំងស្រុង ។
មូលហេតុដោយសារយ៉ាអួគ្មានជាតិខ្លាញ់ ឬ ជាតិខ្លាញ់តិចតែងផ្ទុកស្ករច្រើនជាងកម្រិតចាំបាច់ ។
ស្ថាប័នគ្រប់គ្រងឱសថ និងអាហារអាមេរិក (FDA) បានទូន្មានគ្រប់គ្នាគួរបរិភោគសរុបប្រមាណ 50g ជាតិស្ករ ក្នុង១ថ្ងៃ ។ ការណែនាំជីវជាតិថ្មីបំផុត ក៏លើកឡើងច្បាស់ថា មនុស្សពេញវ័យមិនគួរបរិភោគលើស ១០% នៃបរិមាណកាឡូរីស្រូបយករាល់ថ្ងៃ ពីពពួកស្ករ ។
ប៉ុន្តែ ផលិតផលយ៉ាអួ មានជាតិខ្លាញ់តិចមួយ អាចផ្ទុកដល់ 30g ស្ករ, ពោលគឺប្រហាក់ប្រហែល ៦០% នៃកម្រិតអនុញ្ញាតប្រចាំថ្ងៃរបស់ក្រសួងកសិកម្មអាមេរិក (NSDA) ។
មូលហេតុដែលយ៉ាអួ មានជាតិខ្លាញ់តិចតែងមានស្ករច្រើនដល់ថ្នាក់នេះ គឺដោយសារ វាពុំមានជាតិខ្លាញ់ច្រើន ។ ដូច្នេះ បណ្តាក្រុមហ៊ុនផលិតត្រូវបន្ថែមស្ករ ដើម្បីធ្វើឲ្យយ៉ាអួ មានរសជាតិឆ្ងាញ់ ។
យ៉ាអួមានជាតិក្រែមពេញច្រើនផ្ទុកស្ករតិចជាង ដោយសារវាមានក្លិនឈ្ងុយឆ្ងាញ់រួចទៅហើយ ហេតុនេះមិនចាំបាច់ត្រូវបន្ថែមស្ករចូល ។
ពួកអ្នកជំនាញការឲ្យដឹងថា អ្នកមិនចាំបាច់ត្រូវបារម្ភរឿងជាតិខ្លាញ់ក្នុងយ៉ាអួមានគ្រោះថ្នាក់ដល់សុខភាព ព្រោះវាពុំមែនជាប្រភេទជាតិខ្លាញ់បំប្លែង (transfat) ដែលមានលទ្ធភាពធ្វើឲ្យកើនហានិភ័យកើតជំងឺបេះដូង និងទឹកនោមផ្អែម ៕ ប្រែសម្រួលៈ រតនៈ