ហេតុអ្វី ក៏​យុវជន​មួយចំនួន បង្ក​ចលា​ច​ល កាប់​ចាក់ ក្នុងពេល​បុណ្យទាន​?

396
ចែករម្លែក

ភ្នំពេញ​៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ រយៈពេល ៣​ថ្ងៃ ចាប់ពីថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស មាន​បទល្មើសគ្រប់​ប្រភេទ បាន​កើតឡើង​ចំនួន ៤៥ ករណី​។ ក្នុងនោះ សមត្ថកិច្ចបង្ក្រាបបាន ៣៩ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យបាន ៦៦​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរងនគរបាលជាតិ និង​ជា​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​
​ ​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្ថែមថា ក្នុងចំណោម​បទល្មើស​ទាំង ៤៥ ករណី​នោះ រួមមាន បទល្មើស​ឧក្រិដ្ឋ ៧​ករណី ដោយ​សមត្ថកិច្ច​បង្ក្រាប​បាន ៦​ករណី​។ ១​ករណី​ទៀតកំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​។​រីឯ​បទល្មើស​ម​ជ្ឈិម កើតឡើង ៣៨​ករណី ហើយ​សមត្ថកិច្ចបង្ក្រាបបាន ៣៣​ករណី​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ៦៦​នាក់​។ បទល្មើស​ទាំងនោះ រួមមាន អំពើ​ប្លន់ ឃាតកម្ម បង្ក​របួសស្នាម រំលោភ ឆក់ និង​លួច ជាដើម​។​

ករណី​បទល្មើស ដែល​លេចធ្លោ និង​ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំនៅ​ឆ្នាំនេះ គឺ​ក្រុមយុវជនកាន់​ដាវ កាប់​ចាក់​គ្នា​យ៉ាង​សាហាវ នៅ​ចំណុច​ផ្លូវ​ចូល​វត្តត្រឡែងកែង ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​។​

​ជា​លទ្ធផល ក្រុមយុវជន​ម្ខាងរងរបួសចូលដេក​ពេទ្យ​។ រីឯ​ក្រុមយុវជន​ម្ខាង​ទៀត ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន ២​នាក់ និង​បន្ត​ស្រាវជ្រាវ​រក​ចាប់​បក្ខពួក​បន្ថែមទៀត​។ យុវជន​ទាំងពីរ​ក្រុម​នោះ មាន​អាយុ​ចន្លោះ​ពី​ជិត ២០​ឆ្នាំ ទៅ​ជាង ២០​ឆ្នាំ​។​

​ក្នុង​រឿង​វ៉ៃ​កាប់​ចាក់ ដោយ​ប្រើ​ដាវ កាំបិត​នេះ គឺ​អ្នកចាញ់ដេកពេទ្យ រីឯ​អ្នកឈ្នះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ចូល​ទ្រុង​ដែក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​ត្រូវ​ដេក​គុក​។​

​មិនមែនជា​រឿង​ថ្មី​ទេ ហើយក៏​មិនមែន​កើតឡើង​តែ​នៅ​ឃុំ​លង្វែក ខេត្តកំពង់ឆ្នាំង នោះទេ ដែល​ក្មេងស្ទាវបង្កបញ្ហា​វាយតប់ កាប់​ចាក់​គ្នា នៅពេល​បុណ្យទាន ពិសេសនៅពេល​មាន​រាំ​ធុងបាសអក​កេះ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅតាមស្រុកស្រែ​ចម្ការ នៅតាម​វត្ត ឲ្យ​តែមាន​កម្មវិធី​ជួបជុំ​សប្បាយ រាំរែក គឺ​តែងតែមាន​ក្រុមក្មេងស្ទាវបង្កបញ្ហា​ជា​ញឹកញាប់​។

​ប៉ុន្តែ​គ្មានអ្វី​ចំណេញ​សោះឡើយ​។ គេ​នាំគ្នា​ជួបជុំ​សប្បាយរីករាយ បែរជា​ក្រុមយុវជនមួយចំនួន​តូច បង្កបញ្ហា បង្កើត​ចលាចល ហើយ​នៅពេល​មាន​បញ្ហា គឺ​មិនមែន​អន្តរាយតែ​ខ្លួនឯង និង​បក្ខពួក រួមទាំង​ភាគី​ម្ខាង​ទៀត​ឯណា តែ​បាន​បង្កបញ្ហា​ដល់​សង្គមទាំងមូល និយាយ​ជារួម ហើយ​បើ​និយាយ​ដោយឡែក បង្កើត​បញ្ហា​លើ​ខ្លួនឯង និង​ក្រុមគ្រួសារ​ផ្ទាល់​តែម្តង​។​

​អ្នកបង្ក​ជម្លោះ​ទាំងសងខាង ត្រូវ​រង​ការខូចខាត​ដូចគ្នា​។ អ្នកចាញ់ចូល​ពេទ្យ ហើយ បើ​ធ្ងន់ធ្ងរ អាច​នឹង​របួស ពិការ រហូតដល់​ស្លាប់​ក៏មាន​។ រីឯ​អ្នកឈ្នះ គឺ​ត្រូវ​រត់ចោល ស្រុក ហើយ​បើ​សមត្ថកិច្ច​ចាប់បាន ត្រូវ​ជាប់គុក អស់​អនាគត ដោយសារតែ​ការ​ភ្លើ​តភ្លើន​ភ្លេចខ្លួន ឈាមរាវ តាម​បងតូច​បងធំ​នេះឯង​។​

​សរុបមក យុវជន​មួយចំនួន​តូច គួរតែ​ភ្ញាក់រឭក ឈប់​ដើរ​បង្កបញ្ហា បង្ករឿង វាយតប់ កាប់​ចាក់ តាម​ស្រុក​តាម​ភូមិ ពិសេស​នៅពេល​បុណ្យទាន ដែល​នាំ​ដល់​បញ្ហា​ខ្លួនឯង ក្រុមគ្រួសារ និង​បញ្ហា​ដល់​សង្គម​។ រីឯ​កងកម្លាំង​សមត្ថកិច្ច ក៏​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន ដាក់​កម្លាំង​ល្បាត យាម​នៅ​គោលដៅ​ជួបជុំ ដូចជា នៅតាម​វត្ត និង​វង់រាំ ច្រៀង ជាដើម​។ ឪពុកម្តាយ​ក៏​គួរតែ​ចូលរួម​ឲ្យ​ច្រើន ក្នុងការ​អប់រំ ប្រៀនប្រដៅ​កូនចៅ កុំ​ឲ្យ​ដើរ​ខុស​គន្លង សេពគប់​បងតូច​បង​ធំ ហើយ​កុំ​តាមចិត្ត​កូន​ពេក ដែល​នាំ​ឲ្យ​ខូចអនាគត ដោយសារតែ​ការ​ទំរើសកូន ស្រឡាញ់​កូន​ជ្រុល រហូតដល់​កូន​បានចិត្ត ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដើរ​វាយតប់ កាប់​ចាក់ បង្កបញ្ហា​ដល់​សង្គម ក្រុមគ្រួសារ​ដែលមានច្រើន​ករណី​មកហើយក្នុងសង្គម​យើង​៕ ដោយ​៖ ម៉េង​ឆៃ​/Ha