ហេតុអ្វី «​ខ្មែរ​» សែន​ចូលឆ្នាំ ចិន​?

334
ចែករម្លែក

​ហេតុអ្វី «​ខ្មែរ​» សែន​ចូលឆ្នាំ ចិន​!? សូម​បកស្រាយ​តាម «​នរវិទ្យា​» ដូចតទៅ​៖ «​ប្រពៃណី​» គឺ​ជាប់ទាក់ទង​នឹង ជំនឿ អត្តសញ្ញាណ ទំនាក់ទំនង និង អត្ថន័យ​។​

១- «​ប្រពៃណី​» មាន​គ្រឹះ​មកពី «​ទម្លាប់​» ឬ យើង​ថា ទំនៀមទម្លាប់ ដែល​អនុវត្ត​ត​គ្នា ទោះបី​អ្នកខ្លះ​បានដឹង​តិចក្តី​ច្រើនក្តី ឬ​មិន​បានដឹង មិនបាន​យល់​ស៊ីជម្រៅ​ក្តី​។ ខ្លះ​បានដឹងថា ជីដូន​ជីតា ខ្លួន​ជាប់​ខ្សែស្រឡាយ ខាង​ម្តាយ ឬ​ខាង​ឪពុក​។ ទំនៀមទម្លាប់​នេះ ក៏​អនុវត្ត​ត​គ្នា​តាម​ឪពុកម្តាយ ដល់​ជំនាន់ កូន​និង​ចៅ​។ បើ​ខ្ញុំ​វិញ គឺ​សែន​តាម​ប្រពន្ធ​ទេ​។​

២- «​ប្រពៃណី​» ផ្សាភ្ជាប់​នឹង «​ជំនឿ​» នៅត្រង់​គេ​ជឿថា បើ​គេ​បានធ្វើ​ទៅនឹង​បាន​ដល់​ជីដូន​ជីតា ហើយក៏​ផល​នៃ​ការ​ឲ្យ​ពរ​ពី​ជីដូន​ជីតា បាន​ត្រឡប់មក​ខ្លួនឯង​វិញ​។​

៣- «​ប្រពៃណី​» ផ្សាភ្ជាប់​នឹង «​អត្តសញ្ញាណ​»​។ ក្នុង​នរវិទ្យា មនុស្ស​មានពូជ​អំបូរ ជា​គោល ហើយ​ឥឡូវនេះ បើរ​កថា ពូជ​ណាមួយ​ឲ្យ​សុទ្ធ​គឺ​គ្មានទេ​។ សូម្បីតែ​នៅ​កម្ពុជា គឺ​ប្រភព​ដើមពី​ព្រះបាទ ហ៊ុន ទៀន និង​ព្រះ​នាង​លីវយី ហើយ​ខ្លះ​ទៀតថា មកពី​ពួក​ខម និង ខ្មែរ​-​មន​។ នៅ​ទឹកដី​ដែន​សុវណ្ណ​ភូមិ កម្ពុជា តាំងពីដើម​មក មាន​លាយ​ជនជាតិ​ចម្រុះ​ផ្សេងទៀត ដែលមាន​រួមទាំង ជ្វា ចាម ម៉ាឡាយូ ក្លឹង ឥណ្ឌា អាណា​ម តៃ សៀម ចា​រ៉ា​យ ព្នង គឺ​ច្រើន​ជនជាតិ​រាប់មិនអស់​។​

​ពិត​ហើយ យើង​និយាយថា ប្រទេស​កម្ពុជា មាន​ជនជាតិខ្មែរ ជា​គោល​ជា​ម្ចាស់​ស្រុក ប៉ុន្តែ​សូម​កុំភ្លេចថា កម្ពុជា បច្ចុប្បន្ន​មាន​ជន​ជាត​ភាគតិច​ឯទៀត ដែល​គ្នា​គ្មាន​ប្រទេស មិនតិចជាង​៣០​ជនជាតិ​ទេ​។ ពួកគេ​បានរស់នៅ​កម្ពុជា តាំងពី​យូរលុង បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ កើតកូន ពូន​ជា​ចៅ ត​ជំនាន់​ចម្រុះ​គ្នា រក​សុទ្ធ​មិនឃើញ​ទេ ហើយ​ពួកគេ​បានចាត់ទុក​កម្ពុជា ជា​មាតុភូមិ​របស់គេ​ដែរ​។ នរវិទ្យា និយាយថា «​មនុស្ស​» មាន​ទម្រង់​មុខ​ផ្សេងគ្នា​មិនតិចជាង​៨០​ទម្រង់ ដោយសារ​តំណរ​ពូជ​កាត់​ចម្រុះ​ច្រើន​ជំនាន់​។ ករណីនេះ ចំពោះ​មុខមាត់​ជនជាតិខ្មែរ​បច្ចុប្បន្ន អាច​ងាយ​យល់បាន​។ ខ្មែរ​ខ្លះ​សម្បុរ​ស​ដូច​ចិន តែ​សក់​ក្រ​ញ៉ា​ញ់​ដូច​ខ្មែរ​ដើម ឬ​ដូច​ឥណ្ឌា​។ អ្នកខ្លះ​បបូរមាត់​ក្រាស់​ដូច​ឥណ្ឌា តែ​ភ្នែក​តូច តឹង​ដូច ចិន ឬ​វៀតណាម​។

​ជា​សរុប​មកវិញ ការ​ប្រ​ណិ​ប​ត្តិ​សែន​ចិន ឬ​ចូលឆ្នាំ​សកល វា​មិនមែន​មានន័យថា គេ​ជា​ចិន ឬ​អឺរ៉ុប នោះទេ ប៉ុន្តែ គេ​បង្ហាញ​អត្តសញ្ញាណ​ជា «​ជន​ស៊ី​វិ​ល័យ​»​។ ក្នុង​ផ្នត់គំនិត​នេះ គឺ​នៅតែ​ខ្មែរ​ដដែល​។

៤- «​ប្រពៃណី​» ជា​មធ្យោបាយ​ទំនាក់ទំនង និង​ពាណិជ្ជ​កម្មៈ សំពះ ចាប់ដៃ ឱនក្បាល គឺជា​មធ្យោបាយ​នៃ​ការទំនាក់ទំនង​រវាង​បុគ្គល​ជាតិ​សាសន៍​មួយ​ទៅមួយ​ទៀត រហូតដល់​កម្រិត​ផ្លូវការ​។​

​យើង​មិនគួរ​ប្រកាន់​តឹង​ជ្រុល តាម​ពួក​ជ្រុលនិយម​ចង្អៀតចង្អល់​នោះទេ​។ ទំនាក់ទំនង​កាន់តែ​មាន​ប្រសិទ្ធភាព គឺ​នឹងមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​នយោបាយ​។ នៅ​អាម៉េរិក ពេល​បុណ្យ​ណូអែល​ម្តងៗ គឺ​ក្លាយជា​រដូវ​កាល​លក់​ស្តា​របាត​ឃ្លាំង​។ មនុស្ស​ងើប​តាំងពី​ម៉ោង​៤​ភ្លឺ តម្រង់​ជួរ​ទិញ​ឥ​វ៉ាន់​បញ្ចុះតម្លៃ​។​

៥- សន្និដ្ឋាន​រួមៈ អ្នកណា ជា​ភ្នាក់ងារ​ចម្លង​វប្បធម៌​? POP Music គឺ​យុវជន​ទទួល​មុនគេ​។ ម៉ូត​សក់ ម៉ូត​សម្លៀកបំពាក់ របៀប​រស់នៅ​ទំនើប គឺ​យុវជន ទទួល​មុនគេ រហូត​ខ្មែរ ក៏​ចេះ​ច្រៀង​រ៉េ​ប និង​ហ៊ី​ប​ហប់​។ របៀបនេះ មនុស្ស​វ័យចាស់​មិន​ចូលចិត្ត​ទេ​។ ក៏ប៉ុន្តែ ប្រពៃណី​ដែល​ទាក់ទង​ព្រលឹង និង​ជំនឿ​សកល គឺ​គ្រប់គ្នា មិន​ថា​ចាស់​ឬ​ក្មេង​ទេ នឹង​នាំគ្នា កុងស៊ី​ប៉ា​ឆាយ ឬ Happy New Year តាម​គ្នា​ដោយ​មិនដឹង​ខ្លួន​។ វប្បធម៌ មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ទេ តែ​ក៏​ទទួលយក​វិញ​ដែរ​។ ជនជាតិ​ណា​ខំ​ផ្សព្វផ្សាយ​ជាង អ្នកណា​ទំនើប​ជាង គឺ​នឹងមាន​ឥទ្ធិពល​ជាង​។ សូម្បីតែ ប្រព័ន្ធ​ច្បាប់ ក៏​មនុ​ស្សមាន​ខ្ចី​គ្នា​ប្រើ ឬ​ចម្លង​ពីគ្នា ដូច​ករណី​កម្ពុជា គឺ​យក​ច្បាប់​តាម​ប្រព័ន្ធ​បារាំង​ច្រើនណាស់​។ មិន​ថា​អ្នក​បាន​សែន ឬ​មិនបាន​សែន​, មិន​ថា អ្នក​កើត​នៅទីណា កាត់​សាសន៍​ណា តែ​ការពិត ព្រលឹង​អ្នក​នៅតែ​ជា «​ខ្មែរ​» ហើយ​ភាពជោគជ័យ​ក្នុង​ជីវិត​អ្នក​ក្នុង​ការងារ​និង​មុខរបរ គឺ​អ្នក​គ្មាន​អួតថា ជា​សាសន៍​ផ្សេង​ក្រៅពី​នឹង​អួតថា​ជា «​ខ្មែរ​» នោះឡើយ ។​

​តម្លៃ​ប្រពៃណីៈ សូម្បី​ក្នុង​ពិធី​ការទូត​កម្រិត​ខ្ពស់ គឺ​មេដឹកនាំ​ពិភពលោក​បាន​ពាក់ «​អាវ​ប្រពៃណី​» របស់​កម្ពុជា​យើង និង​សំពះ​តាម​ខ្មែរ​យើង ដែល​បង្ហាញ​ពី​ការផ្តល់​តម្លៃ​ទៅវិញទៅមក ក្នុង​មធ្យោបាយ​ពង្រីកពង្រឹង​ទំនាក់ទំនង ។​

​ប្រពៃណីៈ មិនមែនជា​បញ្ហា​ត្រូវ​រើសអើង​ទេ​។ ប្រពៃណី គឺជា​តម្លៃ​លម្អ​ជីវិត​មនុស្ស​ផង និង​ជា​មធ្យោបាយ​កសាង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ទូលំទូលាយ​ផង​។ មាន​មិត្ត​កាន់តែ​ទូលំទូលាយ នោះ​ការរីកចម្រើន​កាន់តែច្រើន​និង​រឹងមាំ​។ ភាពចង្អៀតចង្អល់​ខ្លាំង ធ្វើ​ឲ្យ​ការទំនាក់ទំនង​កាន់តែ​រួម​តូច កាន់តែ​បាត់​ឱកាស នោះ​ហើយ «​ភាព​ឯកោ​»៕ ដោយ​: ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​