ហេតុ​អ្វី​ត្រាំ​ចាប់អារម្មណ៍​នឹង​តំបន់​អាក​ទិក​?

505
ចែករម្លែក

​វា​ពិបាក​នឹង​មិន​ទទួលស្គាល់ថា លោក​ដូណាល់ ត្រាំ ជា​អ្នកជំនួញ​និង​វិនិយោគិន​ពូកែ​ម្នាក់ ជា​ពិសេស​ខាង​អចលនទ្រព្យ​។​មហិច្ឆតា​ចុងក្រោយ​របស់​លោក​ទើប​ត្រូវ​កាសែត​Wall Street Journal​បញ្ចេញ​អោយដឹង​នោះ​គឺ លោក​ចាប់អារម្មណ៍​ខ្លាំង​នឹង​ការទិញ​យក​កោះ​ធំ​បំផុត​ក្នុង​លោក ហៅថា ហ្គ្រី​ន​លែ​ន​(Greenland)​។​

​ទោះ​ជា​អតីត​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក ហៅ​វា​ថា​ជា​«​រឿង​លេងសើច​ខុស​សម័យកាល​» និង​រដ្ឋាភិបាលហ្គ្រី​ន​លែ​ន បាន​ពោលថា កោះ​នេះ​«​មិន​សំរាប់​លក់​»​ក្តី ក៏​ការទម្លាយ​អោយដឹង​​អំពី​បំណង​នេះ យ៉ាងហោច​ណាស់​វា​បង្ហាញ​ថា អាម៉េរិក​កាន់តែ​ចាប់អារម្មណ៍​នឹង​តំបន់​អាក​ទិក នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​កាលពី​ឆ្នាំមុន នៅ​ជំនួប​ក្រុមប្រឹក្សា​អាក​ទិក រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​អះអាង​ទាំង​ងងើល​ថា អាម៉េរិក​ចាប់អារម្មណ៍​តំបន់​នេះ​។​«​វា​ដល់​ពេល​អាម៉េរិក​​ងើបឈរ​ជា​ប្រជាជាតិ​អាកទិ​កមួយ​។​តំបន់​នេះ​បាន​ក្លាយជា​សង្វៀន​របស់​មហាអំណាច​និង​ការប្រកួតប្រជែង​ដណ្តើម​គ្នា​»​។​

​តាមពិត​វា​គ្មានអ្វី​ត្រូវ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ចំណាប់អារម្មណ៍​របស់​អាម៉េរិ​ក ព្រោះ​វា​ជា​តំបន់​សំបូរ​ប្រភព​ធនធានធម្មជាតិ​និង​ល្បឿន​នៃ​ការឡើង​កំដៅ​ផែនដី​កាន់តែ​ធ្វើអោយ​ការ​​រុករក​រ៉ែ​កាន់តែ​ងាយស្រួល​ឡើង​។​

​ក្នុងនាម​ជា​អ្នកវិនិយោគ​អចលនទ្រព្យ​ម្នាក់ ត្រាំ​តែងតែ​អាច​មើលឃើញ​ឱកាស​មាស​ចេញពី​ទី​រហោឋាន​។​ហ្គ្រី​ន​លែ​ន ជា​ទឹកដី​ដែល​មិន​ទាន់​ត្រូវបាន​ធ្វើ​អាជីវកម្ម និង​សំបូរ​រ៉ែ​ដែក​​សំណ ស័ង្កសី ពេជ្រ មាស លោហ​កម្រ អ៊ុយ​រ៉ា​ញ៉ូម ព្រមទាំង​ប្រេង​។​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ រុស្ស៊ី ចិន​និង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​បង្ហាញ​ចំណង់​របស់គេ ឬ​ធ្វើ​របាយការណ៍ និង​គោល​​នយោបាយ​ដើម្បី​ស្រាវជ្រាវ​តំបន់​ប៉ូល​ដែល​មិន​ទាន់​ត្រូវ​គេ​ប៉ះពាល់​នេះ​។​

​តាមពិត ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​របស់​អាម៉េរិក​លើ​តំបន់​នេះ ទំនងជា​ត្រូវ​ជំរុញ​ដោយ​កិច្ចសហការ​ជិតស្និទ្ធ​រវាង​ចិន​និង​រុស្ស៊ី​ក្នុង​ការអភិវឌ្ឍន៍​តំបន់​នេះ​។​

​នៅ​ឆ្នាំ​២០០៧ រុស្ស៊ី​បានចាប់ផ្តើម​ចោល​ភ្នែក​លើ​តំបន់​អាក​ទិក ដោយ​ផ្តោត​លើ​ការអភិវឌ្ឍ​ផ្លូវ​សមុទ្រ​ខាងជើង ដែល​កាត់​ទទឹង​អា​កទិកភ្ជាប់​ទៅ​រុស្ស៊ី អឺរ៉ុប​ខាងជើង អាម៉េរិក​ខាង​​ជើង​និង​អាស៊ី​ឦសាន​។​វា​ជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​សំខាន់​ស្លាប់​រស់​មួយ​សំរាប់​រុស្ស៊ី ដោយសារ​ផ្លូវ​នេះ​អាចបំព្រួញ​រយៈពេល​ធ្វើ​ដំណើររវា​ង​តំបន់​ថាមពល​ធំៗ​។​

​ដោយសារ​តំបន់​នេះ​សំបូរ​ធនធានធម្មជាតិ វា​អាច​ជា​ចំណុច​ទម្លុះទម្លាយ​មួយ​សំរាប់​រុស្ស៊ី​ផ្ចាញ់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​លោក​ខាងលិច និង​ជា​សក្កា​នុព​ល​សេដ្ឋកិច្ច​នៃ​តំបន់​ចុង​​បូ​ព៌ា​។ Malte Humpert​ស្ថាបនិក​និង​ជា​សមាជិក​វិទ្យាស្ថាន​អាក​ទិក ថែមទាំង​បាន​អះអាងថា អនាគត​របស់​រុស្ស៊ី​ពឹង​លើ​អាក​ទិក​។​

​នៅ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​នៅ​ក្រុង​ប៉េកាំង​នា​ឆ្នាំ​នេះ ប្រធានាធិបតី​រុស្ស៊ី ក៏​បាន​សម្តែង​បំណង​អញ្ជើញ​ចិន​សហការគ្នា​នៅលើ​ផ្លូវ​នេះ​និង​បាន​និយាយថា​លោក ពិចារណា​ភ្ជាប់​​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន​ទៅ​ផ្លូវ​សមុទ្រ​ខាងជើង​។​ការអភិវឌ្ឍ​ផ្លូវ​ខាងជើង​នេះ​ក៏​អាច​មាន​ជំនួយ​ពី​ចិន ក្នុងការ​បន្ទាប​ថ្លៃ​ដឹកជញ្ជូន​ថាមពល​និង​ធ្វើអោយ​ប្រសើរ​ឡើង​សុវត្ថិភាព​​ពីព្រោះ​វា​អាច​បញ្ចៀស​ផ្លូវ​សមុទ្រ​ជា​ប្រពៃណី កន្លែង​ដែល​កើតមាន​ចោរ​សមុទ្រ​ជាទូទៅ​។​

​ប្រហែល​រុស្ស៊ី​កាន់តែ​វិនិយោគ​និង​ដាក់​ភ្នាល់​លើ​តំបន់​នេះ ទើប​បង្ខំ​អោយ​អាម៉េរិក​ងាក​មក​ចាប់អារម្មណ៍​នឹង​ទឹកដី​ដែល​ត្រូវបាន​គេ​បំភ្លេច​ចោល​នេះ​ជាថ្មី​។​សូម​រំលឹក​ថា នៅ​ឆ្នាំ​១៩៤៣ អាម៉េរិក​បាន​សង់​មូលដ្ឋាន​យោធា​ចុង​ខាងជើង​នៅ​ហ្គ្រី​ន​លែ​ន ដែល​មាន​សារសំខាន់​ក្នុង​ការតាមដាន​សកម្ម​ភាព​យោធា​រុស្ស៊ី​។​តែ​ក្រោយមក​តំបន់​នេះ​បាន​បាត់បង់​សារ​​សំខាន់​ខាង​យុទ្ធសាស្ត្រ​ជាតិ​អាម៉េរិក​។​

​ទាល់តែ​ដល់​ឆ្នាំ​២០១៣​ទើប​អាម៉េរិក​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​អាកទិ​ក​របស់​ខ្លួន និង​វាយ​តំលៃ​ឡើងវិញ​អំពី​សារសំខាន់​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​របស់​ខ្លួន​។​ក្នុង​ចំណាត់ការ​ដ៏​​កម្រ​មួយ នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អាកទិក​ឆ្នាំ​នេះ​នៅ​ហ្វាំង​ឡង់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ផ​ម​ផេវ បាន​វាយប្រហារ​រិះគន់​សកម្មភាព​របស់​រុស្ស៊ី​នៅ​អាក​ទិក​និង​បានព្រមាន​​ថា​ចិន​គួរ​ត្រូវ​តាមដាន​មើល​អោយ​ជាប់​។​

​ទំនង​ជា​ទឹកកក​ចាប់​រលាយ ការប្រកួតប្រជែង​កាន់កាប់​តំបន់​នេះ​ក៏​កាន់តែ​ក្តៅ​។​

​សេត​វិមាន​កំពុងបង្វែរ​ថាមពល​ទៅ​តាមដាន​តំបន់​នេះ ដោយ​កាលពី​ឆ្នាំទៅ ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា ខ្លួន​សង្ស័យ​ថា​ចិន​បាន​វិនិយោគ​ក្រាស់ក្រែល​ដើម្បី​សង់​​អាកាសយានដ្ឋាន​៣​នៅ​ហ្គ្រី​ន​លែ​ន និង​អាច​ដាក់​យោធា​នៅ​ទីនេះ​។​តែ​តាមពិត​គឺ​នាយក​រដ្ឋមន្ត្រី ហ្គ្រី​ន​លែ​ន លោក​គីម គី​ល​សេន ទេ​ដែល​ងាក​ទៅរក​ចិន​អោយ​វិនិយោគ ដែល​​ធ្វើអោយ​ទាំង​អាម៉េរិក​និង​ដា​ណឺម៉ា​កមិន​សប្បាយចិត្ត​។​មុន​ចិន​បង្ហាញ​ការចាប់អារម្មណ៍ គ្មាន​នរណា​ខ្វល់​នឹង​អាកាសយានដ្ឋាន​នៅ​ហ្គ្រី​ន​លែ​ន​ឡើយ​។​

​ក្នុងនាម​ជា​អ្នកជំនួញ​ម្នាក់ ក្រសែភ្នែក​របស់​ត្រាំ​លើ​អាកទិក​កាន់តែ​បង្ហាញ​ការបារ​ម្ភ​អំពី​ការខាតបង់​សេដ្ឋកិច្ច​។​តែ​ទោះជា​ចាប់អារម្មណ៍​ក៏​ផែនការ​របស់​លោក​នឹង​នាំ​មកផល​​វិបាក ដោយសារ​អាម៉េរិក​ត្រូវ​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​គ្រាន់​តែ​គិត​អំពី​ការ​ទាញ​ផល​ពី​តំបន់​នេះ​។​តើ​អាម៉េរិក​គួរ​ចំណាយលុយ​នេះ​ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ពន្ធ​ខ្ទេចខ្ទី​ររបស់​​ខ្លួន និង​សុខុមាលភាព​សាធារណៈ​? នេះ​ជា​សំណួរ​នេះ​ដែល​ត្រាំ​ត្រូវ​ឆ្លើយ​ចំពោះ​អ្នកបោះឆ្នោត​អាម៉េរិក​៕

​ប្រែ​សម្រួល​ពី​cgtn.com ដោយ​៖​វាសនា​

#