ហេតុ​អ្វី​អង់គ្លេស​និង​ចិន ឈ្លោះ​គ្នា​អំពី​ហុងកុង​?

580
ចែករម្លែក

​ហុងកុង​កំពុងស្ថិត​នៅ​ចំ​កណ្តាល​នៃ​ជម្លោះ​ការទូត​មួយ​រវាង​អង់គ្លេស​និង​ចិន​។​

​អង់គ្លេស​បាន​បង្ហាញ​ការគាំទ្រ​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង ដែល​ជា​អតីត​ទឹកដី​អាណានិគម​របស់​ខ្លួន ដោយ​ថា រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ​»​ដើម្បី​ផ្តល់​សិទ្ធិ​និង​ច្បាប់​ដល់​ពលរដ្ឋ​ហុងកុង​ខុសពី​អ្នក​នៅ​ចិនដីគោក​នោះ គួរតែ​ត្រូវ​បន្ត​។​

​ជា​ការឆ្លើយតប រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ចោទប្រកាន់​រដ្ឋាភិបា​អង់គ្លេស​ថា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

​តើ​បាន​មាន​អ្វី​កើតឡើង​?

​មាន​ការតវ៉ា​ប្រឆាំង​ធំៗ​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​បត្យាប័ន ដែល​នឹង​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិនដីគោក​។​វា​ជា​ចំណែក​មួយ​នៃ​ច្បាប់​ដែល​​បញ្ចេញ​ដោយ​មេដឹកនាំ​ហុងកុង​គាំទ្រ​ចិន​ប៉េកាំង លោកស្រី​ការី ឡាំ​។​វា​នឹង​កាន់តែ​ធ្វើអោយ​ងាយស្រួល​ឡើង​ក្នុង​ការបញ្ជូន​មនុស្ស​ទៅ​ប្រឈម​ការកាត់ទោស​នៅ​ចិន និង​កន្លែង​​ផ្សេងទៀត​នៅ​លើ​ពិភពលោក​។​

​ពួក​បាតុករ​លើកឡើងថា ច្បាប់​នេះ​វា​គំរាម​ស្វ័យភាព​ហុងកុង​(​សិទ្ធិ​គ្រប់គ្រង​ដោយ​ខ្លួនឯង​) និង​ធ្វើអោយ​ខូច​ប្រព័ន្ធ​ច្បាប់​ឯករាជ្យ​របស់​ទឹកដី​នេះ​។​ពួក​បារម្ភ​ខ្លាច​ចិន​អាច​ប្រើ​វា​​សំរាប់​ហេតុផល​នយោបាយ​។​

​ក្រោយ​ការប្រឆាំង​តវ៉ា​ជា​ទូទៅ ពង្រាង​ច្បាប់​នេះ​ត្រូវ​ព្យួរ​ចោល តែ​មិន​ត្រូវបាន​លុបចោល​ទេ​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោកជេរេ​មី ហា​ន់ បាន​ថ្កោលទោស​អំពើហិង្សា​បង្កឡើង​ដោយ​អ្នក​ប្រឆាំង​តវ៉ា តែ​បាន​និយាយថា ចិន​អាច​ប្រឈម​«​ផលវិបាក​ធ្ងន់ធ្ងរ​» បើសិន​​ចិន​ប្រើ​អំពើហិង្សា​បង្ក្រាប​ពួកគេ​។​

​លោក​បាន​និយាយថា ចិន​ត្រូវ​តែ​គោរព​ស្វ័យភាព​កំរិត​ខ្ពស់​របស់​ហុងកុង​។​

​តែ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស​បាន ចាត់ទុក​សម្តី​របស់​មន្ត្រី​ទូត​អង់គ្លេស​រូប​នេះ​ថា​ជា​ការជ្រៀតជ្រែក​និង​ប្រាប់​អោយ​អង់គ្លេស​ដក​ដៃ​ចេញ​អោយ​ឆ្ងាយ​ពី​បញ្ហា​ផ្ទៃក្នុង​ចិន​។​​លោក​ថា​ទំនាក់ទំនង​រវាង​ចិន​និង​អង់គ្លេស​បាន​ខូចខាត​ដោយសារតែ​សម្តី​របស់​ហាន់​។​

​ហេតុ​អ្វី​អង់គ្លេស​នៅ​មាន​តួនាទី​នៅ​ហុងកុង​?

​ហុងកុង បាន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អង់គ្លេស​អស់​ពេល​១៥៦​ឆ្នាំ ក្រោយ​សង្គ្រាម​មួយ​ជាមួយ​ចិន​។​នៅ​ឆ្នាំ​១៨៩៨ អង់គ្លេស​បាន​ពង្រីក​ហុងកុង និង​ជួល​រយៈពេល​៩៩​ឆ្នាំ​។​​នៅ​ឆ្នាំ​១៩៨៤ នាយករដ្ឋមន្ត្រី​អង់គ្លេស​គ្រា​នោះ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួមមួយ ជាមួយ​រដ្ឋាភិបាល​ចិន​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​ប្រគល់​ហុងកុង​អោយ​​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ក្រោម​លក្ខខណ្ឌ​មួយចំនួន រួម​មាន​ការ​រក្សាទុក​ស្វ័យភាព​កំរិត​ខ្ពស់​និង​សិទ្ធិ​សេរីភាព​ជាក់លាក់​ខ្លះ​ដែល​មិន​មាន​នៅ​ចិនដីគោក​។​

​ពួកគេ​ក៏​បាន​ព្រមព្រៀង បន្ត​រក្សា​ទុក​ប្រព័ន្ធ​មូលធននិយម​របស់​ហុងកុង ដែល​ខុស​ពី​ម៉ូ​ដែលរ​បស់​ចិន​កុំម្មុយនីស្ត ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​នៅ​ជា​ធរមាន​រយៈពេល​៥០​ឆ្នាំ​រហូត​​ដល់​ឆ្នាំ​២០៤៧​។​

​តែ​ចិន​និយាយថា ការប្រកាស​រួម​នោះ​គ្រាន់តែ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​។​ហុងកុង​គ្រប់គ្រង​ដោយ​រដ្ឋធម្មនុញ្ញ ដែល​ខ្លួន​បាន​ប្រកាន់យក​ក្រោយ​ការប្រគល់​ទឹកដី​ឆ្នាំ​១៩៩៧​។​វា​ត្រូវ​​បាន​គេ​ស្គាល់​ថា «​ច្បាប់​គោល​» ដែល​បង្ហាញ​អំពី​ការរៀបចំ​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​នៃ​ទឹកដី​នេះ​។​

​ទោះជា​យ៉ាងណា អង់គ្លេស​និយាយថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​ចង​ដោយ​ច្បាប់ ហើយ​ចិន​និង​អង់គ្លេស​បាន​ខ្វែងគំនិត​គ្នា​លើ​រឿងនេះ​អស់​ពេល​រាប់​ឆ្នាំ​មកហើយ​៕​ប្រែ​សម្រួល​ពី​BBC៖​វាសនា​

ចិន​ចាត់ទុក​ការតវ៉ា​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​នៅ​ហុងកុង​ថា​មាន​អ្នកជំរុញ​មកពី​ក្រៅ

#