ហេហ្ស៍​បូឡា និង​សម្ពន្ធមិត្ត​ទទួលបាន​ការគាំទ្រ​ខ្លាំង​ក្នុង​ការបោះឆ្នោត​នៅ​លី​បង់​

917
ចែករម្លែក

​មេដឹកនាំ​ក្រុម​ហេហ្ស៍​បូឡា​( Hezbollah)​របស់​ប្រទេស​លី​បង់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បានប្រកាស​”​បេសកកម្ម​ត្រូវ​បាន​សំរេច​” កាលពី​ថ្ងៃ​ចន្ទ​ទី​៧​ឧសភា​ក្រោយពី​ដណ្តើម​​បាន​ការគាំទ្រ​កើនឡើង​នៅក្នុង​ការបោះឆ្នោត​សភា ខណៈ​ក្រុម​ដែល​គាំទ្រ​ដោយ​លោកខាងលិច​របស់​នាយ​ក​រដ្ឋមន្ត្រី សា​អាត ហារី​រី បាត់បង់​កៅអី​សភា​មួយ​ភាគបី​។​

​លទ្ធផល​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ កាន់តែ​ពង្រឹង​ជំហរ​របស់​សម្ពន្ធមិត្ត​របស់​អ៊ីរ៉ង់​នៅ​លី​បង់​និង​របប​ស៊ី​រី​ក្បែរ​ខាង ចំ​ពេល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ប្រឈម​ការគំរាម​​ខ្លាំង​ឡើង​ពី​អ៊ីស្រាអែល​និង​លទ្ធភាព​ដែល​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​សំរេច​បាន​ជាមួយ​មហាអំណាច​ពិភពលោក​។​

​វា​ក៏​បញ្ជាក់​ពី​ឥទ្ធិពល​កើន​ឡើង​របស់​ក្រុម​នៅ​លី​បង់​នេះ កន្លែង​ដែល​ខ្លួន​មាន​ឧត្តមភាព​លើ​ទាំង​នយោបាយ​និង​យោធា​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​បេរូត​កាលពី​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​លី​បង់ ទទួលស្គាល់ថា​ប្លុក​របស់លោក​បាត់បង់​កៅអី​សភា​ក្នុង​ការបោះឆ្នោត​នៅ​សប្តាហ៍​នេះ​​តែ​ថា​” វា​មិន​ជា​ការបញ្ចប់​ពិភពលោក​ទេ​”​។​

​លោក​ថា សហគមន៍​អន្តរជាតិ​គួរ​មើល​មក​លទ្ធផល​ក្នុង​”​ផ្លូវ​វិជ្ជមាន​”​មួយ ដោយសារ​តែ​វា​ឆ្លុះបញ្ចាំង​លទ្ធិប្រជាធិបតេយ្យនៅ​លី​បង់​។​លោក​បាន​បន្ទោស​ការ​ចាញ់ឆ្នោត​​របស់​លោក​លើ​ច្បាប់​បោះឆ្នោត​ថ្មី​មួយ និង​ការអនុវត្ត​របស់​គណ​បក្ស​នយោបាយ​របស់​លោក “​ដែល​មិន​តាម​ស្តង់ដា​។​តែ​ដៃ​របស់​ខ្ញុំ​ស្វាគមន៍​ជន​លី​បង់​គ្រប់​រូប​ដែល​ចូលរួម​​នៅក្នុង​ការបោះឆ្នោត​នេះ​ដើម្បី​រក្សា​ស្ថិរភាព​និង​បង្កើត​ការងារ​”​។​

​លទ្ធផល​រាប់​សន្លឹតឆ្នោ​តផ្លូវការ ដែល​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ បង្ហាញថា លោក​ហារី​រី អ្នក​នយោបាយ​មក​ពី​និកាយ​ស៊ុន​នី​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​​ជាមួយ​អា​រ៉ាប៊ី សា​អូឌីត​រូបនេះ បាន​បាត់បង់​កៅអី​សភា​៥​នៅ​ក្រុង​បេរូត ដែល​ធ្លាប់​ជា​មូលដ្ឋាន​រឹងមាំ​របស់​លោក​។​

​ហារី​រី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​គណបក្ស​Future Movement​របស់​លោក​ឈ្នះ​បាន​២១​កោ​អី​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ដោយ​ចុះ​អស់​១១ ពី​ការបោះឆ្នោត​​នៅ​ឆ្នាំ​២០០៩​។​ទោះជា​យ៉ាងណា លោក​នៅ​មាន​ប្លុក​ស៊ុន​នី​ដ៏​ធំ​ក្នុង​សភា ដែល​បង្ក​ភាពងាយស្រួល​ដល់​លោក​វិល​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ខាង​​មុខ​។​

​ហេហ្ស៍​បូឡា និង​សម្ពន្ធមិត្ត​នយោបាយ​របស់​ខ្លួន ទទួលបាន​យ៉ាងតិច​៤៣​កៅអី ដែល​ផ្តល់​ការជំរុញ​មួយ​ទៀត​ដល់​សម្ពន្ធមិត្ត​អ៊ីរ៉ង់​នៅ​លី​បង់​និង​ស៊ី​រី​កន្លែង​ដែល​ឥទ្ធិពល​​អ៊ីរ៉ង់​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​វា​ជា​ការបោះឆ្នោត​លើកដំបូង​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នៅ​ស៊ី​រី​នា​ឆ្នាំ​២០១១ ដែល​បាន​បញ្ជូន​ជនភៀសខ្លួន​ជាង​មួយ​លាន​នាក់​ចូល​ក្នុង​លី​បង់ ជា​ប្រទេស​តូច​មួយ​ដែល​​មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ​៤.៥​លាន​នាក់​។​សង្គ្រាម​បាន​បំបែក​លី​បង់​ជា​បក្ខ​ជា​ពួក​គាំទ្រ​អន្តរាគមន៍​របស់​ហេហ្ស៍​បូឡា​នៅ​ក្នុង​ស៊ីរី ទល់​នឹង​ក្រុម​ដែល​ស្និទ្ធ​នឹង​អា​រ៉ាប៊ី​​សា​អូឌីត ដែល​ប្រឆាំង​អន្តរាគមន៍​របស់​ហេហ្ស៍​បូឡា​៕​ដោយ​៖​វាសនា​