ហោរា​ខ្មែរ ទស្សន៍ទាយ កូ​វីដ ១៩ នៅ កម្ពុជា ត្រូវ ១០០ ភាគរយ​

103
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ អ្នកតាមដាន​ព័ត៌មាន ប្រហែលជា​មិនទាន់​ភ្លេច​ទេ​ថា កាលពី​អំឡុង​ដើមខែ មេសា ឆ្នាំ ២០២០ មុន​ចូលឆ្នាំ​ខ្មែរ ប​ន្តិ គឺជា​ពេលដែល កម្ពុជា កំពុង​រង​ការគំរាមកំហែង ពី​ជំងឺ​ខូ​វីដ ១៩ នោះ លោក អ៊ឹម ប៊ុ​រិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បាន​ទស្សន៍ទាយ​ថា ប្រទេស​កម្ពុជា នឹង​មិនមាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ កូ​វីដ ១៩ ទេ ហើយ​បើទោះជា​មាន​មនុស្ស​ស្លាប់ ក៏​ស្លាប់​ដ៏​តិចតួច​បំផុត ហើយ​ក្បួន​ទស្សន៍ទាយ​នេះ គួរតែ​អាច​ទុកចិត្តបាន ព្រោះ​ជាច្រើន​ឆ្នាំ​មកហើយ ការ​ទស្សន៍ទាយ​តាម​តម្រា​នេះ មិន​ដែលមាន​កំហុស​ឡើយ


​ពិតណាស់ថា ពេលនោះ​វា​គឺជា​ការប្រថុយប្រថាន​ពេក ហើយក៏​អាច​ថា ពិបាក​នឹង​នឹក​ជឿ​ដែរ ដែល​បុគ្គល​ណា​ម្នាក់​ហ៊ាន​ចេញមុខ​អះអាង​ទស្សន៍ទាយ​អំពី​កម្រិត​សុវត្ថិភាព នៃ ជំងឺ​ខូ​វីដ ១៩ នៅ​កម្ពុជា ដែល​ពិភពលោក ដោយ​រួមទាំង​កម្ពុជា ផង កំពុង​ភ័យខ្លាច ។


​ប៉ុន្តែ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺ​កូ​វីដ ១៩ ចុងក្រោយ​បំផុត ជា​ស្ត្រី​ម្នាក់​អាយុ ៣៦ ឆ្នាំ ដែល​ត្រូវបាន​បញ្ជូន​ពី​ខេត្ត បន្ទាយមានជ័យ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រុស្ស៊ី នា​រាជធានី ភ្នំពេញ បានជា​សះស្បើយ​ហើយ ដែលជា​សរុបទៅ អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ កម្ពុជា សរុប ១២២ នាក់ បានជា​សះស្បើយ​ទាំង ១២២ នាក់ ដោយ​គ្មាន​ការស្លាប់​ឡើយ ហើយ​ប្រការនេះ ក៏​បានសេចក្តីថា ការព្យាករណ៍​របស់លោក អ៊ឹម បុរិន្ទ ត្រូវបាន​បង្ហាញថា ត្រឹមត្រូវ​ពិតប្រាកដ​មែន ។​


​ទោះយ៉ាងណា គេ​ត្រូវតែ​ប្រាកដថា ការណ៍​ដែល កម្ពុជា គ្មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវ​ដី ១៩ នេះ មិនមែន​ដោយសារតែ​ការ​ទស្សន៍ទាយ​របស់លោក អ៊ឹម បុរិន្ទ ឆុត​ទេ ពោលគឺ​លោក អ៊ឹម បុរិន្ទ ធ្លាប់បាន​ពន្យល់​កាលពី​ពេលនោះ​ហើយ​ថា លោក​ទស្សន៍ទាយ​ទៅតាម​ក្បួនតម្រា​ហោរាសាស្ត្រ​ខ្មែរ​តែប៉ុណ្ណោះ ។


​និយាយ​ឱ្យ​កាន់តែច្បាស់​ជាង​នេះ​ថា មូលហេតុ​ដែល កម្ពុជា អាច​យកឈ្នះ​លើ​ជំងឺ​កូវ​ដី ១៩ នាពេលនេះ ប្រាកដ​ណាស់​ថា បានមកពី​ការចូលរួម​ទាំងអស់គ្នា ពោល ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​គ្រប់លំដាប់​ថ្នាក់ នៃ ក្រសួងសុខាភិបាល ក្រសួង​ស្ថាប័ន​ជាតិ និង អន្តរជាតិ​នានា ដោយ​រួមទាំង​បណ្តា​មិត្ត​ទាំងឡាយ ដូចជា ចិន អាមេរិក និង អង្គការ​សុខភាព​ពិភពលោក ជាដើម ជាពិសេស ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ដែល​ត្រូវបាន​គេ​មើលឃើញ និង ទទួលស្គាល់ថា មាន​ភាព​សស្រាក់សស្រាំ​យ៉ាងខ្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ខូ​វីដ ១៩ នេះ ។​


​ចំពោះមុខ​នេះ បើទោះបីជា​អ្នកជំងឺ​កូ​វីដ ១៩ នៅ កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​អស់ ហើយ​មិនទាន់​រកឃើញ​អ្នក​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ នេះ​ក៏ដោយ ក៏​វា​គ្រាន់តែ​ជា​ជោគជ័យ​ដំណាក់កាល​ដំបូង ឬ ដំណាក់កាល​ទី ១ នៅឡើយ​តែប៉ុណ្ណោះ ។


​ហេតុនេះ​ខណៈ​ក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធ​អះអាងថា កម្ពុជា នៅតែ​មិន​បន្ធូរបន្ថយ​ដៃ ដូចជា​នៅតែ​ពិនិត្យ​តាមដាន​អ្នកដំណើរ និង ធ្វើតេស្ត​ជា​បន្តបន្ទាប់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក នៅតែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ជា​អ្វីដែល​ក្រសួងសុខាភិបាល ហៅថា សភាព​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ កម្ពុជា ដូចជា អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ( ករណី​ចាំបាច់ ) គម្លាត​សុវត្ថិភាព​សង្គម និង គ​ម្ល​តា​សុវត្ថិភាព​បុគ្គល ចៀសវាង​ការរៀបចំ​កម្មវិធី​ផឹកស៊ី​ដែលមាន​គ្នាច្រើន ។ ល ។ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាចជា​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ខណៈ​ប្រទេសជិតខាង ក្នុង​តំបន់ និង ពិភពលោក​ទាំងមូល នៅតែ​កំពុង​រង​ការ​ញាំញី​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ​យ៉ាង​ខ្លាំងក្លា​នៅឡើយ ហើយ វ៉ាក់សាំង និង វិធី​ព្យាបាល​ពិតប្រាកដ ក៏​មិនទាន់​ត្រូវបាន​រកឃើញ​ដែរ ៕ Kh

លោក អ៊ឹម បុរិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ទស្សន៍ទាយ​បាន​ត្រឹមត្រូវ​ថា កម្ពុជា គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ ( រូបៈ មេសា និង ឯកសារ )